អន្តរជាតិ
លោក Duterte ត្រៀមបំពេញទស្សនកិច្ចនៅថៃដើម្បីស្វែងយល់ជំហរបន្ថែមពីមិត្តអាស៊ាន មុនពេលកិច្ចប្រជុំកំពូល ប្រធានាធិបតី ហ្វីលីពីន ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកថ្ងៃ១៤ ធ្នូ ឆ្នាំ ២០១៦នៅកម្ពុជា
× លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ថៃនៅខែក្រោយនេះ។ ក្រៅពីដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏ជាផ្នែកមួយនៃការស្វែងយល់ពីជំហររបស់មិត្តអាស៊ាន មុនពេលកិច្ចប្រជុំកំពូល ដ្បិតឆ្នាំនេះ ហ្វីលីពីន គឺជាប្រធានអាស៊ានផង។
បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី២០ ខែមិនាខាងមុខនេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ថៃហើយ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ហ្វីលីពីន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២០ កុម្ភៈនេះ។
តាមពិតទៅ លោកប្រធានាធិបតី ឌើទើតេ ដែលជាមេដឹកនាំកំពុងលេចមុខមាត់ដោយសារវោហាសព្ទគ្មានការទូតនោះ ធ្លាប់បានធ្វើដំណើរទៅកាន់ថៃក្នុងនាមជាប្រធានាធិបតីម្តងរួចទៅហើយនៅចុងឆ្នាំ២០១៦។ ក៏ប៉ុន្តែវត្តមានរបស់លោកពេលនោះ ដើម្បីចូលរួមគោរពវិញ្ញណក្ខន្ធអតីតព្រះមហាក្សត្រថៃ Bhumibol ពោលគឺមិនមែនជាដំណើរទស្សនកិច្ចផ្លូវការនោះទេ។
កន្លងទៅ លោកប្រធានាធិបតី ឌើទើតេ ធា្លប់បានបញ្ជាក់ហើយថា លោក ត្រូវតែបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ានដើម្បីស្វែងយល់ពីជំហរប្រទេសនីមួយៗដើម្បីងាយស្រួលធ្វើគោលនយោបាយឲ្យសមស្រប ដ្បិតហ្វីលីពីន ត្រូវធ្វើជាប្រធានអាស៊ាននោះ។
ដូចបានកំណត់នៅក្នុងមាត្រា៧នៃធម្មនុញ្ញអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន ត្រូវរៀបចំឡើងពីរដង ក្នុងមួយឆ្នាំ ក្នុងរដ្ឋសមាជិក ដែលជាទទួលបន្ទុកជាប្រធានអាស៊ាន។ ការដឹកនាំកិច្ចប្រជុំត្រូវបានមើលឃើញថាជាបន្ទុកមួយធ្ងន់ជាងគេ ក្នុងនាមជាប្រធានអាស៊ាន។ នោះក៏ព្រោះតែ ប្រធានអាស៊ាន ត្រូវយល់ដឹងពីគោលជំហររបស់សមាជិកនីមួយៗដើម្បីអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបាន។
សូមជម្រាបផងដែរ លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនថ្មីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំមុន។ គិតចាប់ពីការឡើងកាន់អំណាចមក លោកបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់បណ្តាប្រទេសមិត្តអាស៊ានដូចជា ឡាវ ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម ម៉ាឡេស៊ី កម្ពុជា និងសិង្ហបុរី៕
Tag:
ហ្វីលីពីន
ថៃ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com