អន្តរជាតិ
រុស្ស៊ី ជិតមានមីស៊ីលអន្តរទ្វីបថ្មីដែលអាចបាញ់ទម្លុះប្រព័ន្ធការពារមីស៊ីលអាមេរិកបាន
× ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Rogozin និយាយថា ក្រុងមូស្គូ កំពុងញាប់ដៃជើងក្នុងពង្រឹងអានុភាពនុយក្លេអ៊ែររបស់ខ្លួន និងពង្រាយមីស៊ីលអន្តរទ្វីបថ្មីមួយទៀតនាពេលខាងមុខ ដែលសូម្បីតែខែលមីស៊ីលទំនើបៗរបស់អាមេរិក ក៏គ្មានសមត្ថភាពទប់ស្កាត់មីស៊ីលប្រភេទថ្មីនេះបានដែរ។ លោកឧបនាយករដ្ឋមន្ត្រីរូបនេះ មិនបញ្ជាក់ឲ្យច្បាស់ពីប្រភេទមីស៊ីលថ្មីឡើយ។ ក៏ប៉ុន្តែនេះ គឺជាសញ្ញាថ្មីមួយបង្ហាញថា រុស្ស៊ីកំពុងតែប្រឹងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលដើម្បីប្រជែងជាមួយអាមេរិក។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Rossiya-1 នៅថ្ងៃទី១៩ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Rogozin និយាយថា មីស៊ីលអន្តរទ្វីបថ្មីមួយ នឹងចូលបម្រើការក្នុងជួរយោធាក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីរូបនេះ មិនបានបញ្ជាក់ពីប្រភេទមីស៊ីលដ៏មានឥទ្ធិពលនេះឡើយ ដោយគ្រាន់តែបង្ហើបថា មីស៊ីលនេះមានសមត្ថភាពខ្លាំង ដែលអាចកម្ទេចទម្លុះប្រព័ន្ធការពារមីស៊ីលគ្រប់ប្រភេទរបស់អាមេរិក។
ក្នុងកិច្ចសម្ភាសដដែល លោក Rogozin ដែលទទួលបន្ទុកខាងកិច្ចការការពារជាតិ និយាយទៀតថា មកទល់ពេលនេះ កងកម្លាំងមីស៊ីលរុស្ស៊ី ដែលរួមបញ្ចូលមីស៊ីលអន្តរទ្វីបសម័យសូវៀត R-36M2 Voevoda (SS-18 Satan) នឹងនៅតែបន្តប្រតិបត្តិការសិន ទម្រាំមីស៊ីលថ្មីចេញជារូបរាង និងត្រូវពង្រាយតាមគោលដៅនានា។ មីស៊ីល R-36M2 នេះ ត្រូវបានពណ៌នាថាជាមីស៊ីលមានអានុភាពខ្លាំងជាងគេ បើទោះជាប្រភេទចាស់ក្ដី។
បើតាមសារព័ត៌មានរុស្ស៊ី RT ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី Rogozin មិនបញ្ចេញឈ្មោះអាវុធប្រភេទថ្មីក៏ដោយ មីស៊ីលអន្តរទ្វីបដែលលោកចង់សំដៅ គឺមីស៊ីលអន្តរទ្វីបទម្ងន់ធ្ងន់ RS-28 Sarmat ដែលទើបត្រូវបានដាក់បញ្ចូលក្នុងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី។ មីស៊ីលនេះ ស្ថិតនៅដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍនៅឯមជ្ឈមណ្ឌលអភិវឌ្ឍរ៉ុក្កែត Makeyev ហើយអាចមានទម្ងន់ដល់ទៅ១០០តោនឯណោះ។
សូមបញ្ជាក់ថា អាមេរិកមានខែលស្ទាក់ចាប់មីស៊ីលជាច្រើនប្រភេទ ដែលអាចកម្ទេចមីស៊ីលរបស់រុស្ស៊ីបាន។ ប្រព័ន្ធការពារមីស៊ីល Aegis ដែលអាចពង្រាយទាំងលើគោក និងលើនាវា អាចទប់ស្កាត់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យមបាន។ ក្រៅពីប្រព័ន្ធការពារ Aegis អាមេរិកនៅមានប្រព័ន្ធការពារមីស៊ីល THAAD មួយទៀត ដែលអាចបាញ់ស្ទាក់មីស៊ីលប្រភេទចម្ងាយខ្លី និងមធ្យមដូចគ្នា។
សម្រាប់ការបាញ់ស្ទាក់មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ អាមេរិកក៏មានប្រព័ន្ធការពារ Ground-Based Midcourse Defense (GMD) ដែលមានសមត្ថភាពមិនធម្មតាដូចគ្នា។ ប្រព័ន្ធការពារ GMD នេះអាចបាញ់ស្ទាក់មីស៊ីលមុននឹងហោះចូលបរិយាកាសខាងលើ។ ចំណែករុស្ស៊ីវិញ ក៏មានប្រព័ន្ធការពារមីស៊ីលទំនើបៗមិនចាញ់អាមេរិកដែរ ដូចជាខែលការពារមីស៊ីល S-300, S-400 និងខែលការពារដ៏មានឥទ្ធិពល Iskandar ដែលពង្រាយតាមគោលដៅសំខាន់ជុំវិញរុស្ស៊ីតែម្ដង៕
Tag:
រុស្ស៊ី
អាមេរិក
ICBM
© រក្សាសិទ្ធិដោយ thmeythmey.com