ជាតិ
​​​ន​យោ​បាយ​ជាតិ​
មតិ​អ្នកនយោបាយ​ជុំវិញ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​
20, Feb 2017 , 9:59 pm        
រូបភាព
រូបថតពីឆ្វេងទៅស្តាំ៖ លោក ហ៊ាង រិទ្ធី លោក ពេជ្រ ស្រស់ លោក ញ៉ែម វណ្ណថន និង​លោក សួន សេរីរដ្ឋា
រូបថតពីឆ្វេងទៅស្តាំ៖ លោក ហ៊ាង រិទ្ធី លោក ពេជ្រ ស្រស់ លោក ញ៉ែម វណ្ណថន និង​លោក សួន សេរីរដ្ឋា
​ភ្នំពេញ​៖ រដ្ឋសភា​អនុម័ត​សេចក្ដីស្នើច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​សំឡេងគាំទ្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៦​រូប​។ ចំពោះ​ខ្លឹមសារ​នៃ​សេចក្ដីស្នើច្បាប់​នេះ មាន​ទាំង​ការរិះគន់ និង​ការគាំទ្រ​ពី​គណបក្សនយោបាយ​។​



​ខាងក្រោម​នេះ​ជា​មតិ​របស់​មេដឹកនាំ​គណបក្ស​ថ្មី ជុំវិញ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​៖

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា​៖«​ខ្ញុំ​យល់ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ វា​មិនមែនជា​កាលៈទេសៈ​ដែល​ចាំបាច់​កែប្រែ​នៅពេលនេះ​ទេ ព្រោះ​រដ្ឋសភា​មានច្បាប់​ច្រើនណាស់​ដែល​ត្រូវធ្វើ និង​អនុម័ត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ហើយ​ច្បាប់​នេះ​ខ្ញុំ​មើលឃើញថា វា​មានតែ​ក្រុម​សមាជិកសភា​ពី​ខាង​គណបក្ស​ប្រជាជន​មើលមុខ​គ្នា​លើកដៃ​អនុម័ត ដោយ​មិនមែន​បម្រើ​ប្រយោជន៍​ពលរដ្ឋ និង​មិន​ឆ្លើយតប​តាម​ឆន្ទៈ​ពលរដ្ឋ​ឡើយ តែ​ឆ្លើយតប​តាម​ការចង់បាន​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ​…​។ ខ្ញុំ​ឃើញ​៣​ចំនុច​ក្នុង​មាត្រា​៦ នៃ​ការធ្វើ​សោធនកម្ម​ច្បាប់​នេះ ដែល​គ្មាន​ការចែង​ឲ្យ​ច្បាស់លាស់​ទេ ដូចជា​ការធ្វើ​អបគមន៍ បើសិនជា​គេច​ង់​ចោទថា យើង​ធ្វើ​អបគមន៍ គេ​នឹង​រៀបចំ​រឿង​ឲ្យ​ដូច​ការ​ចោទ​។ បើ​គេ​ចង់​ចោទ​យើង​ថា ញុះញង់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ បែកបាក់​ជាតិ គេ​នឹង​រៀបចំ​បទ​ចោទ​ឲ្យ​មានការ​ញុះញង់​តាម​ដែល​គេ​ចង់បាន​។ ដូច្នេះ​ខ្ញុំ​យល់ថា ការ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​បំបាក់ស្មារតី​អ្នកនយោបាយ ដែលជា​គណបក្សប្រឆាំង ដែល​វា​ធ្វើឡើង​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​…»​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់​៖«​តាមពិតទៅ​បើ​និយាយ​ន័យចំ​ទៅ​គាត់​(​ហ៊ុន សែន​) បង្កើត​ច្បាប់​នេះ​ដើម្បី​ផ្តួលរំលំ​ដៃគូរ​ប្រជែង​នយោបាយ​របស់គាត់ ព្រោះ​ដៃគូរ​របស់គាត់​(​សម រង្ស៊ី​)​ពេលនេះ​កំពុង​មានទោស ដូច្នេះ​គាត់​បង្កើត​ច្បាប់​នេះ​ដើម្បី​កុំ​ឲ្យ​ដៃគូរ​របស់គាត់​លើស​ង្វៀង​ប្រកួត​ជាមួយ​បាន ។ ដូច្នេះ​យើង​មើល​ភាពជាក់ស្ដែង​ខាងមុខ គឺ​ជិត​បោះឆ្នោត​ដូចនេះ​ការធ្វើ​វិសោធនកម្ម​លឿន​បំផុត​បែបនេះ បានន័យថា គាត់​កំពុង​ប្រើ​ថ្នាំ​សណ្ដំ​បន្ទន់​ឆ្អឹង​ដៃគូរ​របស់គាត់ ។ ប៉ុន្តែ​ខ្ញុំ​យល់ថា​ច្បាប់​នេះ​មិនគួរ​ធ្វើ​ពេលនេះ​ទេ វា​គួរតែ​ចាំ​ធ្វើ​នៅក្រោយពេល​បោះឆ្នោត​អាណត្តិ​ក្រោយ …​។ ខ្ញុំ​យល់ថា អ្វីដែល​មានការ​លំបាក​ដល់​អ្នកធ្វើនយោបាយ​នោះ គឺ​ការចែង​ហាម​មិន​ឲ្យ​អ្នកនយោបាយ មានការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មានការ​បែកបាក់​ជាតិ ត្រង់ចំណុច​នេះ​ខ្ញុំ​គិតថា​វា​គ្មាន​ធាតុ​ផ្សំ គ្មាន​ការចែង​ពន្យល់​បន្ថែម​ឲ្យ​ច្បាស់​។ ដូច្នេះ​នៅពេល​យើង​និយាយ​ក្នុង​រូបភាព​ណា​មិន​បានដឹង​ច្បាស់​នោះ គេ​អាច​ចោទថា​យើង​ញុះញង់​នោះ វា​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​យើងរ​អាល​ក្នុង​ការធ្វើ​នយោបាយ​ដែរ ព្រោះ​គេច​ង់​ហ៊ុំព័ទ្ធ​មិន​ឲ្យ​យើង​រិះគន់​ហើយ​»​។

​ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ លោក ហ៊ាង រិទ្ធី​៖«​ខ្ញុំ​យល់ថា ប្រទេស​ណា​ក៏ត្រូវ​មានច្បាប់​ដែរ​។ ប៉ុន្តែ​បើ​ការធ្វើ​ច្បាប់​ដែល​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នោះ​វា​មិនល្អ​ទេ​។ ចំពោះ​ច្បាប់​នេះ​ខ្ញុំ​មិន​គាំទ្រ​ឡើយ ព្រោះ​វា​មានកំណត់​ឲ្យ​មានការ​រំលាយ​គណបក្ស​ជាដើម​។ ដូច្នេះ​ខ្ញុំ​យល់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​បែបនេះ វា​រំលោភ និង​កៀបសង្កត់​បែប​ផ្ដាច់ការ​ទៅលើ​គណបក្សនយោបាយ​នៅ​កម្ពុជា ដែល​ប្រកាន់យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​គាំទ្រ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​នេះ បាន​លើក​ហេតុផល​ថា​៖«​សេចក្តីស្នើច្បាប់​នេះ​នឹង​បង្ក​ឲ្យ​មានការ​បែកបាក់​ឯកភាព​ជាតិ​, ទី​២ ខ្លឹមសារ​ក្នុង​សេចក្តីស្នើច្បាប់​មាន​លក្ខណៈ​ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​, ទី​៣ សំណើ​វិសោធន​កម្មនេះ​ធ្វើឡើង​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ទី​៤​វិសោធន​កម្មនេះ គឺធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ ហើយ​អាច​យកមកប្រើ ដើម្បី​គាបសង្កត់ និង​បំផ្លាញ​គណបក្ស​ប្រជែង​ផងដែរ​»​។​

​ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណ​ថន​៖«​ខ្ញុំ​មិនទាន់​បានឃើញ​ខ្លឹមសារ​ច្បាប់​នេះ​នៅឡើយ​ទេ​។​ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ជំទាស់​និង​ការធ្វើ​សោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ព្រោះ​ខ្ញុំ​យល់ថា​វា​ជាការ​ល្អ​ហើយ ចំពោះ​ការកែប្រែ​ច្បាប់​ឲ្យ​ទាន់សម័យ​បែបនេះ​។ ហើយ​ខ្ញុំ​ក៏​មិន​យល់ថា​វា រិត​ត្បិត ឫ​មិន​រិត​ត្បិត​អ្វី​ដែរ សំខាន់​យើង​យកពាក្យ​ថា​រិត​ត្បិត​នេះ ឲ្យ​ទៅជា​ការអនុវត្ត​ដោយ​ទទួលខុសត្រូវ ឫ​ឲ្យ​មាន​តម្លា​ភាពល្អ​ទៅ​។ ចំពោះ​ខ្ញុំ ខ្ញុំ​គ្រាន់តែ​យល់ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ គួរតែ​ឲ្យ​អ្នកនយោបាយ​ចូលរួម​គ្រប់ភាគី ក្នុង​ការធ្វើ​ច្បាប់​ទាក់ទង​គណបក្សនយោបាយ​នេះ ប៉ុន្តែ​មានការ​អនុម័ត​បែបនេះហើយ ដូច​ខ្ញុំ​លើក​ខាងដើម​ថា ខ្ញុំ​ក៏​មិន​ជំទាស់​អ្វី​ដែរ​»​។​

​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៦​រូប បាន​លើកដៃ​អនុម័ត​លើ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​គណបក្សនយោបាយ ដោយ​ពុំមាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

​ចំពោះ​ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​រដ្ឋសភា​អនុម័ត​នោះ​មានការ​បន្ថែម​ចំណុច​ថា ទណ្ឌិត មិនមាន​សិ​ទិ្ធ​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស នោះទេ​។ ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ ក៏បាន​កំណត់​ដែរ​ថា ទណ្ឌិត មិនអាច​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​គណបក្ស​ណាមួយ​ឡើយ​។ ជាងនេះទៀត គណបក្ស​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​៕


© រក្សាសិទ្ធិដោយ thmeythmey.com