អន្តរជាតិ
អាមេរិក​ប្រាប់​អ៊ីរ៉ាក់​៖ «​យើង​មិនមែន​មក​យក​ប្រេង​ទេ​»
20, Feb 2017 , 10:19 pm        
រូបភាព

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis បានធ្វើ​ដំណើរ​ដោយ​មិន​ប្រាប់​មុន​ទៅកាន់​អ៊ីរ៉ាក់ ស្រប​ពេលដែល​កងទ័ព​អ៊ីរ៉ាក់​កំពុងបើក​យុទ្ធនាការ​ដ៏​ធំ​រំដោះ​តំបន់​ខាងលិច​ក្រុង Mosul ។ នៅលើ​យន្តហោះ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ បាន​និយាយ​ការពារ​វត្តមាន​កងទ័ព​អាមេរិក​លើទឹក​ដី​អ៊ីរ៉ាក់​ថា គោលដៅ​របស់​អាមេរិក​មិនមែន​មក​ដណ្ដើម​ប្រេង​របស់​អ្នកណា​ដោយ​ទទេ​ឡើយ​។



​ប្រមុខ​ការពារជាតិ​អាមេរិក James Mattis នៅ​ថ្ងៃទី​២០ ខែកុម្ភៈ បាន​ទៅដល់​រដ្ឋធានី​បា​ក់ដាដ ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​មុន​។ នេះ ជា​ទស្សនកិច្ច​លើក​ទី​១​ទៅកាន់​អ៊ីរ៉ាក់​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​របស់លោក Mattis ដែល​ផ្ដោតលើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ កាលពី​ចុង​សប្ដាហ៍​មុន ទាហាន​អ៊ីរ៉ាក់ ដោយមាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដឹក​មុន​ដោយ​អាមេរិក បានចេញ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​ពី​ក្រុង Mosul ជា​ក្រុង​ធំ​ទី​២ របស់​អ៊ីរ៉ាក់​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ក៏បាន​ស្រាយ​ចម្ងល់​លើ​ការអធិប្បាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​និយាយថា កងទ័ព​អាមេរិក គួរ​លេប​យក​ប្រេង​របស់​អ៊ីរ៉ាក់​ក្រោយ​ទម្លាក់​លោក Saddam Hussein រួចហើយ​។ ក្នុងការ​ថ្លែង​សុន្ទ​ករ​ថា​ទៅកាន់​បុគ្គល CIA កាលពី​ខែមករា លោក​ប្រធានាធិបតី ត្រាំ និយាយទៀតថា​៖ «​យើង​គួរ​រក្សា​ប្រេង​ទុក​។ ប៉ុន្តែ​មិន​អី​ទេ​។ យើង​មានឱកាស​លើក​ក្រោយ​ទៀត​។​»

​បើតាម​សម្ដី​របស់លោក ត្រាំ បើ​ក្រោយពេល​របប Saddam ដួលរលំ ហើយ​អាមេរិក​លេប​យក​ប្រេង​ទាំងអស់ ក៏​គ្មាន​ក្រុម​រដ្ឋ​ឥស្លាម​កើតឡើង​ដែរ ព្រោះ​ក្រុម​នេះ​ពឹង​ផ្អែកលើ​ប្រេង​ដើម្បី​រស់​។ យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​ការពារជាតិ Mattis មានគំនិត​ផ្ទុយ​ពី​លោក ត្រាំ ដែល​ចង់​រក្សា​ប្រេង​អ៊ីរ៉ាក់​ទុក​។ ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​រូបនេះ​និយាយថា​៖ «​ខ្ញុំ​គិតថា​យើងទាំងអស់គ្នា​នៅទីនេះ និង​ប្រជាជន​អាមេរិក​ទាំងអស់​បា​នប​ង់​ថ្លៃ​ចំណាយ​ប្រេង និង​ឧស្ម័ន​រហូតមក ហើយ​យើង​នឹង​បន្ត​បង់​រហូត​ទៀត​។​»

​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ប្រាប់​អ្នកកាសែត​ដែល​ធ្វើដំណើរ​លើ​យន្តហោះ​ជាមួយ​លោក​ថា អាមេរិក​មិន​ដណ្ដើម​ប្រេង​អ្នកណា​ឡើយ​។ នេះ​មិនមែនជា​លើក​ទី​១ ឡើយ​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មានគំនិត​ផ្ទុយគ្នា​ជាមួយ​ប្រធានាធិបតី​របស់លោក​នោះ​។ មិន​ត្រឹមតែ​រឿងនេះ​ទេ សូម្បីតែ​រឿង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ក៏​លោក ត្រាំ និង​លោក Mattis មានគំនិត​មិន​ស្របគ្នា​ដែរ​។​

​លើ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បញ្ជាក់ថា អាមេរិក និង​រុស្ស៊ី មិនអាច​ទាន់​ចរចា​ផ្នែក​យោធា​ឡើយ បើទោះជា​លោក ត្រាំ ចង់បាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ក្ដី​។ នរណា​ក៏​ដឹង​ដែរ​ថា លោក​ប្រធានាធិបតី ត្រាំ និង​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ចង់​ស្ដារ​ទំនាក់ទំនង​ឡើងវិញ ប៉ុន្តែ​ចុងក្រោយ​នេះ រដ្ឋបាល​លោក ត្រាំ ក៏​រង​ការវាយប្រហារ​ខ្លាំង​ដោយសារ​រឿងនេះ​ដែរ ជាពិសេស​ការនិយាយ​ទូរ​សព្ទ​របស់​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn តែម្ដង​៕


Tag:
 អាមេរិក​
  អ៊ីរ៉ាក់​
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com