ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន​៖ សមាជិកសភា​អាស៊ាន​រំលោភ​ធម្មនុញ្ញ​ដោយជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​
20, Feb 2017 , 10:24 pm        
រូបភាព
 លោក សុខ ឥសាន (ឆ្វេង) អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា វាយបកទៅនឹងការរិះគន់របស់លោក Charles Santiago ប្រធាន APHR។ រូបថត CPP/SAYS
លោក សុខ ឥសាន (ឆ្វេង) អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា វាយបកទៅនឹងការរិះគន់របស់លោក Charles Santiago ប្រធាន APHR។ រូបថត CPP/SAYS
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយបក​ទៅ​សមាជិកសភា​អាស៊ាន ដែល​បានចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ស្លាប់ ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចេញ​។ សម្រាប់​លោក លោក សុខ ឥសាន ការលើកឡើង​បែបនេះ គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​ធម្ម​នុ​ញ្ញា​អាស៊ាន​ហាមឃាត់​។​



​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ រដ្ឋសភា​បានអនុម័ត​ខ្លឹមសារ​ថ្មី​នៃ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជា​ឯក​ច្ឆ័​ន ដោយ​សំឡេង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប​។ ខ្លឹមសារ​ថ្មី​នេះ បន្ថែម​ចំណុច​ថា ទណ្ឌិត មិនមាន​សិ​ទិ្ធ​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស នោះឡើយ​។ មួយថ្ងៃ​មុនពេល​ដែល​ស​ភា​កម្ពុជា​អនុម័ត អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដោយ​ចាត់ទុកថា ការធ្វើ​វិសោធនកម្ម​ថ្មី​នេះ ជាការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

APHR បាន​កត់សម្គាល់ថា សេចក្តីស្នើច្បាប់​ស្តីពី​គណបក្សនយោបាយ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​។ លោក Charles Santiago ប្រធាន APHR បាន​លើកឡើងថា វា​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​ឃើញ​សេចក្តីស្នើច្បាប់​មួយ ត្រូវបាន​ធ្វើឡើង​យ៉ាង​លឿន ដោយ​មិនបាន​ផ្តល់​ពេល​គ្រប់គ្រាន់​សម្រាប់​ការពិភាក្សា​។​

​លោក Charles Santiago ដែលជា​សមាជិកសភា​ម៉ាឡេស៊ី ផងដែរ​នោះ បានស្នើ​ឲ្យ​ដៃគូ និង​រដ្ឋាភិបាល​អន្តរ​ជាតិ​ថ្កោលទោស​ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​កម្ពុជា និង​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​គម្រោង​របស់ខ្លួន​វិញ​។ លោក​បាន​បន្ថែមថា​៖ «​អ្វីដែល​កំពុង​កើតមាន​ក្នុងប្រទេស​កម្ពុជា គឺជា​សូចនាករ​ដំបូង​នៃ​ការវាយប្រហារ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​ទាំងមូល​»​។​

​ប្រតិកម្ម​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់ APHR លោក សុខ ឥសាន បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ Telegram ថា​៖ «​យើងទាំងអស់គ្នា​រង់ចាំ​មើល តើ​នៅពេលណា ទើប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវស្លាប់ ឬក៏​នៅរស់​ហើយ​មានការ​រីកចម្រើន​តទៅទៀត ? សមាជិកសភា​អាស៊ាន បាន​រំលោភ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​រួចទៅហើយ​ទាំង​ខ្លួនឯង​និយាយ​ពី​ប្រជាធិបតេយ្យ​នោះ​»​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយតម្លៃថា សំដី​របស់​សមាជិកសភា​អាស៊ាន​នោះ គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ធម្មនុញ្ញអាស៊ាន​ហាមឃាត់ ។​

​បន្ថែម​ពីលើ​នេះ លោក សុខ ឥសាន បាន​អះអាងថា ប្រធានរដ្ឋសភា​មិនដែល​បាន​បិទទ្វារ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលប្រជុំ​នោះទេ ខណៈ​យន្តការ​ពិភាក្សា និង​សម្រេច បាន​ឆ្លងកាត់​ការប្រជុំ​គណអចិន្ត្រៃយ៍​រដ្ឋសភា​ជាច្រើនលើក​ច្រើនសារ​។ «​នេះ​ជា​ឧបាយកល​របស់​គណបក្ស​ដៃគូ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​សា​ង្គ្រោះ​ជាតិ តែប៉ុណ្ណោះ ហើយ​ឆ្លៀត​ដាក់​កំហុស​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ឥសាន ទាក់ទង​នឹង​ការមិន​ចូលរួម​ប្រជុំពិភាក្សា​ពី​ភាគី​បក្សប្រឆាំង​៕


Tag:
 សុខ ឥសាន
  Charles Santiago
  APHR
  អាស៊ាន
  ច្បាប់នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com