ជាតិ
ក្រុមហ៊ុន CHEVRON នឹងបង្ហាញវីដេអូបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី៣១ មីនា
× ភ្នំពេញ៖ ក្រុមហ៊ុន CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX នឹងផ្ដល់វីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី៣១ មីនា ខាងមុខនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្លាប់បានដាក់លិខិតស្នើទៅតុលាការអាមេរិក ដើម្បីស្នើឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់កម្មសិទ្ធិប្រេងសាំងម៉ាក Caltex បញ្ចេញវីដេអូដែលបានថតពីកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធឃាតកម្មលើលោក កែម ឡី នៅស្ថានីយ៍ Caltex ក្នុងទីក្រុងភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦កន្លងទៅ។
លោក សម រង្ស៊ី ដែលកំពុងរងបទចោទពីសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងករណីលោក កែម ឡី នេះដែរនោះ បានសរសេរលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖« នៅថ្ងៃ ៣១ មីនា ២០១៧ ខាងមុខនេះ យើងនឹងដឹងពីសេចក្តីសម្រេចរបស់ក្រុមហ៊ុនអាមេរិកាំង CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX ក្នុងការផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃ ១០ កក្កដា ២០១៦ ក្នុងស្ថានីយ៍ CALTEX មួយ នៅរាជធានីភ្នំពេញ។ កាលបរិច្ឆេទ ថ្ងៃ ៣១ មីនា ២០១៧ នេះ គឺកំណត់ដោយតុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋ CALIFORNIA ដែលក្រុមហ៊ុន CHEVRON មានទីតាំងរបស់ខ្លួន»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា៖«ដូច្នេះតុលាការនៅប្រទេសកម្ពុជា ត្រូវរង់ចាំសេចក្តីសម្រេចរបស់ក្រុមហ៊ុន CHEVRON ដើម្បីយល់ដឹងពីការពិត ស្តីពីឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី ជាមុនសិន មុននឹងចេញសាលក្រមណាមួយ លើពាក្យបណ្តឹងណាមួយ ស្តីពីការចោទប្រកាន់ណាមួយ ទាក់ទងទៅនឹងឃាតកម្មនេះ»។
អ្នកស្រាវជ្រាវ និងជាអ្នកវិភាគ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាតមួយ នាស្ថានីយ៍សាំងកាល់តិច Caltex ក្បែរស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។ Caltex ជាម៉ាកពាណិជ្ជកម្មប្រេងសាំងរបស់ក្រុមហ៊ុន Chevron Corporation ដែលគេប្រើនៅជាង ៦០ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក មជ្ឈិមបូព៌ា និងអាហ្វ្រ៊ិកខាងត្បូង។
មេធាវីការពារក្តីសម្ដេច ហ៊ុន សែន លោក គី តិច បានដាក់ពាក្យប្ដឹងឯកឧត្តម សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី ដែលបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយចោទរដ្ឋាភិបាលថា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ក៏ត្រូវបានបញ្ជូនទៅជំនុំជម្រះរួចហើយ។ តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី នេះ នៅថ្ងៃទី៣០ មីនា។
ពាក់ព័ន្ធនឹងវីដេអូដែលបានយកចេញពីកាមេរ៉ានៅស្ថានីយ៍សាំងកាល់តិច Caltex និងកាមេរ៉ាសន្តិសុខ តាមដងផ្លូវពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក កែម ឡី នេះដែរ តុលាការក៏បានបង្ហាញក្នុងសវនាការ និងមានការផ្សព្វផ្សាយជាសាធារណបន្តបន្ទាប់មកហើយ កាលពីថ្ងៃដើមខែមីនាកន្លងមកនេះ។ ក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពបុរសម្នាក់ ដែលស្លៀកពាក់អាវដៃវែង ខោខូវប៊យ និងពាក់មួក បានបាញ់សម្លាប់លោក កែម ឡី ក្នុងម៉ាតក្បែស្តុបបូកគោ។ ក្រោយមកបុរសម្នាក់នោះ បានរត់ឆ្ពោះសំដៅផ្លូវសុធារស ហើយត្រូវបានប៉ូលិសចាប់ខ្លួននៅចំណុចមុខផ្សារទំនើប Aeon បានតែម្ដង។ ឃាតករ ដែលត្រូវប៉ូលិសចាប់ខ្លួនបាននោះ មានឈ្មោះ ជួប សម្លាប់៕
Tag:
សម រង្ស៊ី
កែម ឡី
Cheveron
Caltex
© រក្សាសិទ្ធិដោយ thmeythmey.com