ជាតិ
លី ម៉េង ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​អង្គរ​ចេះ​ភាសា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ កូរ៉េ​...
24, Mar 2017 , 9:59 pm        
រូបភាព
​សៀមរាប​៖  លី ម៉េង គឺជា​កុមារា​ម្នាក់​ក្នុងចំណោម​កុមារ​ច្រើន​ទៀត ដែល​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ប្រាសាទអង្គរវត្ត​។ រៀងរាល់​ព្រឹក លី ម៉េង តែង​ក្រោក​ពី​ព្រលឹម​ស្រាងៗ ដើម្បី​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​។ ដោយសារ​ភ្ញៀវទេសចរ​មាន​ច្រើន​ជនជាតិ ដូច្នេះ លី ម៉េង ក៏ត្រូវ​តែ​ចេះ​ភាសា​ទាំងនោះ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ផងដែរ​។ លី ម៉េង ចេះ​ភាសា​ដូចជា ចិន អង់គ្លេស បារាំង ជប៉ុន ថៃ និង​កូរ៉េ​។​ល​។



​មាឌ​ល្អិត សម្បុរ​ស្រអែម លី ម៉េង ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​អង្គរ​រយៈពេល​៧​ឆ្នាំ​មកហើយ​។ រៀងរាល់​ព្រឹក​ព្រលឹម លី ម៉េង តែង​ស្ពាយ​កន្ត្រង ឫ​កាបូប​តូច​ជាប់​ខ្លួន ដែល​ផ្ទុក​សម្ភារ ដើរ​សំដៅ​រក​ភ្ញៀវ​ឲ្យ​ជួយ​ទិញ​។ ជា​ក្មេង​រួសរាយ​ម្នាក់ លី ម៉េង អាច​ប្រើ​ភាសាបរទេស​បាន​ប្រមាណ ៥​ទៅ​៦​ភាសា​។ យ៉ាងណា ភាសា​ដែល លី ម៉េង ប្រើ​សម្រាប់​ដោះដូរ​ការលក់ដូរ​រប​ស់​គេ តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ គេ​ត្រូវបាន​អ្នកសារព័ត៌មាន​ឲ្យ​និយាយ​ភាសាបរទេស ដែល​គេ​អាច​ទំនាក់ទំនង​បាន​។ មិន​បង្អង់​យូរ លី ម៉េង ចាប់ផ្តើម​និយាយ​ដំបូង​ជា​ភាសា​អង់គ្លេស បន្ទាប់មក​បារាំង ចិន ជប៉ុន កូរ៉េ និង​ថៃ តែ​បាន​ខ្លីៗ ជា​ភាសា​ហៅភ្ញៀវ​ឲ្យ​ជួយ​ទិញ​សម្ភារ​ខ្លួន​។​



​នៅ​ឆ្នាំនេះ លី ម៉េង មាន​អាយុ​១៣​ឆ្នាំ​ហើយ​។ លី ម៉េង ផ្តើម​លក់​នៅ​អង្គរ ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង ៦​កន្លះ​។ ផុតពី​នេះ លី ម៉េង ត្រូវ​ប្រញាប់​ទៅផ្ទះ​វិញ​ដើម្បី​រៀបចំខ្លួន​ទៅ​សាលារៀន​។  ក្នុង​មួយថ្ងៃ លី ម៉េង លក់​វត្ថុ​អនុស្សាវរីយ៍​បាន​ពី​៥​ដុល្លារ ទៅ​១៥ ដុល្លារ ទៅតាម​ថ្ងៃ​តាម​ពេល​។ ថវិកា​ទាំងនេះ លី ម៉េង យកទៅ​ឲ្យ​គ្រួសារ និង​មួយផ្នែក​តូច​យកទៅ​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន​។​

​ពេល​ជួប​សម្ភាស លី ម៉េង នៅ​ថ្ងៃទី​២១ មីនា ជា​ពេលវេលា​ដែល​ភ្ញៀវទេសចរ​មក​ទស្សនា​ថ្ងៃ​រះ​ច្រើន​ជា​សព្វដង​។ លី ម៉េង កំពុង​សន្ទនា​ជាមួយ​ទេសចរ​ម្នាក់ ដែល​គាត់​ជា​អាណិកជន និង​ចេះ​និយាយ​ភាសា​មិនសូវ​ច្បាស់​។ លី ម៉េង កំពុង​បញ្ចុះបញ្ចូល​ស្ត្រី​ខាងលើ​ឲ្យ​ជួយ​ទិញ​របស់របរ​ខ្លួន​ជា​ភាសា​អង់គ្លេស​។ គេ​បាន​ហុច  ប៉ូ​ស្កាល់ កន្ត្រៃ​កាត់​ក្រចក និង​សៀវភៅ​ប្រវត្តិសាស្ត្រ​...​ទៅ​ស្ត្រី​វ័យ​ប្រមាណ​ជាង ៣០​ម្នាក់​នោះ​។​

​ស្ត្រី​ភ្ញៀវទេសចរ​នោះ ហាក់​ពេញ​ចិត្តនឹង លី ម៉េង ជាខ្លាំង​។ ពួកគេ​បាន​សន្ទនា​គ្នា​ជា​ភាសាបរទេស​លាយ​ខ្មែរ និង​លេច​លាយ​សំណើច​ខ្លះៗ ចេញពី​ស្ត្រី​ទេសចរ​នោះ​។ ក្រោយ​សន្ទនា និង​សួរ​ពី​តម្លៃ​រួចមក ស្ត្រី​ជា​អាណិកជន​ម្នាក់​នោះ បាន​ជួយ លី ម៉េង ទិញ​សម្ភារ​មួយចំនួនធំ ដែល​រួមមាន​ប៉ូ​ស្កាល់ សៀវភៅ និង​កន្ត្រៃ​កាត់​ក្រចក​។​ល​។​



​លី ម៉េង បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ  ពេល​បាន​ភ្ញៀវ​ជួយ​ទិញ​សម្ភារ​គេ​ច្រើន​បែបនេះ​។ លី ម៉េង និយាយ​ដោយ​ទឹកមុខ​រីករាយ​ថា​៖« ខ្ញុំ​ទិញ​ឥ​វ៉ាន់​ពី​អ្នក​នៅ​តូប​ជិត​ស្រះ (​និយាយ​បណ្តើរ ដៃ​ចង្អុល​ទៅ​ស្រះស្រី ដែល​ស្ថិតនៅ​ខាងជើង​មុខ​ប្រាសាទអង្គរវត្ត​) ខ្ញុំ​ចំណេញ​គួរ​តិចតួច​ដែរ​បង​»​។​

​ដោយពេល​វេលា​ខ្លី និង​ដល់​ម៉ោង​ទៅ​សាលា​ល្មម លី ម៉េង មិនបាន​នៅ​សន្ទនា​ត​ទៀត​ទេ ហើយក៏​មិនទាន់​ទាំង​បាន​ឆ្លើយ​សំណួរ​អ្នក​សម្ភាស អំពី​ការសិក្សា ស្ថានភាព​គ្រួសារ និង​គោលបំណង​ទៅ​អនាគត​ខ្លួន​ដែរ គេ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា មាន​បងប្អូន​៤​នាក់ ហើយក៏​រត់​បាត់ទៅ​៕


Tag:
 លី ម៉េង​
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com