ជាតិ
ព័ត៍មានសុខភាព
ក្នុង​ខែមីនា​នេះ កុមារ​ប្រមាណ ៦​ម៉ឺន​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​
29, Mar 2017 , 7:59 am        
រូបភាព
​ភ្នំពេញ​៖   ក្នុង​ខែមីនា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​ព្យាបាល​កុមារ​កម្ពុជា ចំនួន ៦១៤៤៧​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ជាមួយគ្នានេះ កុមារ​កម្ពុ​ជាជាង ១​ម៉ឺន​នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ជិត ២​ពាន់​នាក់​ផ្សេងទៀត បានទទួល​ការវះកាត់​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​



​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ក្នុង​ខែមីនា ឆ្នាំ​២០១៧​នេះ បានទទួល​ព្យាបាល​កុមារ​ចំនួន ៦១៤៤៧​នាក់ មក​ពិនិត្យ​ព្យាបាល​។ ដោយ​ក្នុងនោះ មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប បានទទួល​ព្យាបាល​កុមារ​ឈឺ​ចំនួន ២០៦៦២​នាក់ និង​កុមារ​ជំងឺ​ធ្ងន់ៗ​ប្រមាណ ៥៣១១​នាក់​។ ម្យ៉ាងទៀត កុមារ​ដែលមាន​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ចំនួន ៩៤​នាក់ ក៏​បានមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប​ផងដែរ​។ ចំណែក​ផ្នែក​វះកាត់ បាន​វះកាត់​ចំនួន ៨៥៣​ករណី និង​វះកាត់​បេះដូង​បាន​ចំនួន ២៦​នាក់​។​

​ដោយឡែក មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ បានទទួល​ព្យាបាល​កុមារ​ប្រមាណ ៤០៧៨៥​នាក់ និង​កុមារ​មាន​ជំងឺ​ធ្ងន់ ចំនួន ៦២៩៥​នាក់​។ សម្រាប់​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បានទទួល​ព្យាបាល កុមារ​ចំនួន ៥៨​នាក់ និង​ការវះកាត់​ចំនួន ១០៣៦​ករណី​។​

​បើតាម​តួលេខ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក​និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​២៥ មីនា​នេះ បញ្ជាក់ថា គ្រួសារ​អ្នកជំងឺ​ភាគច្រើន មាន​ជីវភាព​ទីទ័លក្រ ខ្លះ​ក្រីក្រ​ខ្លាំង ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ មិន​គិតថ្លៃ សម្រាប់​អ្នកជំងឺ​គ្រប់គ្នា​។ បន្ថែម​លើ​នេះ ក្នុង​របាយការណ៍​នេះ លើកឡើងថា កុមារ​ដែលមាន​ជំងឺ​ធ្ងន់ៗ​បំផុត នឹង​ពុំមាន​សំណាងល្អ​ទេ បើ​ពុំបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា មិនមាន​បុគ្គលិក​ណា​ម្នាក់ ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង នៅ​គ្លីនិក​ឯកជន​ឡើយ​។ ជាពិសេស មិនមាន​បុគ្គលិក​ណា​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ទារប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ​៕


Tag:
 កុមារ​
  មន្ទីរពេទ្យ​គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com