អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ទៅ​ជួប​មេដឹកនាំ​តួ​ក​គី​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​
29, Mar 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​ក្នុង​ដំណើរ​របស់លោក​ទៅកាន់​តំបន់​អឺរ៉ុប​។ លោក​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​តួ​ក​គី​ពី​បញ្ហា​ជាច្រើន​ជាពិសេស​ការសហការ​គ្នា​ប្រឆាំង​ភេរវកម្ម​ក្រុម​រដ្ឋ​ឥស្លាម និង​សង្គ្រាមស៊ីវិល​ស៊ី​រី​ផងដែរ​។​



​នៅ​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​ឆ្លៀត​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី ក្នុង​ដំណើរ​ទៅកាន់​តំបន់​អឺរ៉ុប​នោះ​។ នេះ​ជា​លើកដំបូង​បំផុត​ហើយ​ដែល​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទៅ​បំពេញ​ទស្ស​ក្រោយ​ការផ្លាស់ប្តូរ​ការដឹកនាំ​នៅ​អាមេរិក​ដើមឆ្នាំ ២០១៧​នេះ​។​
 
​ប៉ុន្តែ​ក្រោយ​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃ ២០​មករា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ជជែក​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​តាម​ទូរ​សព្ទ​រួចរាល់​ហើយ​ដែរ​។ ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នេះ​ក៏បាន​ជួប​ជាមួយ​សម​ភាគី​តួ​ក​គី​លោក  Cavusoglu  ម្តង​រួចហើយ​នៅក្នុង​កិច្ចប្រជុំ​ប្រទេស ២០ ដែល​ធ្វើឡើង​នៅ​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់​កាលពី​ខែ​មុន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​អាមេរិក​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន លោក Rex Tillerson នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​តួ​ក​គី​លោក Recep Tayyip Erdogan និង​មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នេះ​។​

​ប្រធានបទ​សំខាន់​នៃ​ជំនួប​របស់​ប្រមុខ​ការទូត​អាមេរិក​និង​ប្រធានាធិបតី​តួ​ក​គឺ​គឺ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង​ការអន្តរាគមន៍​របស់​តួ​ក​គី​នៅ​ស៊ី​រី​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​បញ្ជាក់ថា​៖« ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​ជជែក​ពី​ជំហាន​បន្ទាប់​សម្រាប់​ប្រើប្រាស់​ដើម្បី​ឈានទៅ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ ជាពិសេស​ធ្វើយ៉ាងណា​បង្កើត​ស្ថិរភាព​នៅ​តំបន់​ដែល​យើង​រំដោះ​បាន​ពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​។ ដែល​នេះ​ជាការ​ធានា​ពី​សុវត្ថិភាព​ដើម្បី​ឲ្យ​ប្រជាជន​ត្រឡប់​មកកាន់​ផ្ទះសម្បែង​របស់ខ្លួន​វិញ​បាន​»​។

 បន្ទាប់ពី​ជជែក​ពី​បញ្ហា​ប្រឆាំង​ភេរវកម្ម​ក្រោម​ក្របខណ្ឌ​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក លោក Rex Tillerson ក៏​នឹង​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​តួ​ក​គី​រឿង​អន្តរាគមន៍​នៅ​ស៊ី​រី​ដូចគ្នា​។ តួ​ក​គី​បាន​បន្ត​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី ហើយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នេះ​បាន​ជួយ​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ពី​ក្រុង al-Bab កន្លងមក​ផងដែរ​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ស៊ី​រី​។ រដ្ឋបាល​ដូ​ណា​ល់​ត្រាំ ចង់​ថ្លែងអំណរគុណ​ដល់​ក្រុង​អង់កា​រ៉ា​ចំពោះ​ការបន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​ស៊ី​រី និង​ចូលរួមចំណែក​សំខាន់​ប្រឆាំង​ភេរវកម្ម ហើយ​លើក​នេះ​អាមេរិក​នឹង​ស្វែងរក​ការគាំទ្រ​ពី​តួ​ក​គី​ដើម្បី​វាយ​រំ​ដោះយក​ទឹកដី Raqqa ពី​ក្រុម​រដ្ឋ​ឥស្លាម​នៅពេល​ខាងមុខ​ផងដែរ​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​អាមេរិក​និង​តួ​ក​គី​ធ្លាក់ចុះ​ខ្លាំង​ក្រោយពេល​កើតមាន​រដ្ឋប្រហារ​បរា​ជ័យ​មួយ​កាលពី​ខែកក្កដា​ឆ្នាំមុន​។ រដ្ឋាភិបាល​លោក Erdogan ចោទប្រកាន់ថា អាចារ្យ​ឥស្លាម Fethullah Gulen ដែល​កំពុង​និរទេស​ខ្លួន​នៅ​អាមេរិក​នោះ​នៅ​ពីក្រោយ​ចលនា​រដ្ឋប្រហារ​ហើយ​តួ​ក​គី​បានស្នើ​សុំ​ធ្វើ​បត្យាប័ន​លោក​មក​តួ​ក​គី​វិញ​តែ​អាមេរិក​ក្រុម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​យល់ព្រម​។ ប៉ុន្តែ​ទំនាក់ទំនង​ហាក់​ផ្លាស់ប្តូរ​វិញ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​មក​នោះ​៕


Tag:
 តួ​ក​គី​
  Rex Tillerson
  Recep Tayyip Erdogan
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com