កីឡាជាតិ
ជាតិ
AFC Asian Cup៖ ម្ចាស់ផ្ទះហ្ស៊កដានី ស៊ី កម្ពុជា ៧-០ ហ្ស៊កដានីបើកឆាកពូល C ជាមួយនឹងជ័យជម្នះ ៧-០ លើកម្ពុជា។ រូបថត Jordan FA
× ម្ចាស់ផ្ទះហ្ស៊កដានី បានយកឈ្នះកម្ពុជា ៧-០ នាការប្រកួតបើកឆាកក្នុងវគ្គជម្រុះ ពូល C នៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅកីឡដ្ឋាន King Abdullah II ក្រុង Amman។ ខ្សែប្រយុទ្ធ Hamza Al-Dardour រកបាន៣គ្រាប់ [២គ្រាប់នៅតង់ទីមួយ និង១គ្រាប់នៅតង់ទីពីរ] មុនពេលដែល Yaseen Bakheet, Odai Al Saify និង Ahmad Saleh, Mousa Mohammad Mousa បន្ថែមម្នាក់១គ្រាប់នៅតង់ទីពីរ។
សម្រាប់ជំនួបបើកឆាកពូល C នៃវគ្គជម្រុះ AFC Asian Cup ឆ្នាំនៅលើទឹកដីហ្ស៊កដានី គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានរក្សាជម្រើស១១នាក់ដំបូងរបស់ខ្លួន ដូចក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយឥណ្ឌា ដោយប្រើទម្រង់ ៤-៣-៣ ។
ម្ចាស់ផ្ទះហ្ស៊កដានី បានបើកការវាយលុកយ៉ាងខ្លាំងមកលើកម្ពុជា បន្ទាប់ពីលោក Abdulla Ahmed Khalfan ដែលជាគ្រូបង្វឹកជនជាតិអារ៉ាប់រួមអេមីរ៉េត បានសម្រេចដាក់ខ្សែប្រយុទ្ធ Ahmad Saleh ជំនួសខ្សែបម្រើ Khalil Baniateyah ដែលរបួសនៅដើមតង់។
នៅនាទី ទី១២ Odai Al Saify បានបញ្ជូនបាល់ផុតពីជើងរបស់ សឿយ វិសាល ហើយ Hamza Al-Dardour សម្រេចបានឱកាសមាសរបស់ខ្លួន ក្រោយទទួលបានបាល់ដែលផ្លាតចេញពីដៃរបស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន។ ៩នាទីក្រោយមក Hamza រកបានគ្រាប់ទីពីរ បន្ទាប់ពី សេរីរ័ត្ន ឡើងជ្រុលទៅមុខ ហើយខ្សែប្រយុទ្ធហ្ស៊កដានីរូបនេះ បានអូសបាល់ផុតពីការរារាំងរបស់ សឿត បារាំង។
ខ្សែប្រយុទ្ធ Yaseen Bakheet ដែលខកឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនគ្រាប់នៅ៤៥នាទីដំបូងនោះ ធ្វើបានសម្រេចនៅនាទីដំបូងក្នុងតង់ទីពីរ ដោយរូបគេប្រើល្បឿនយ៉ាងលឿនអូសបាល់ចូលប្រអប់គ្រោះថ្នាក់ មុននឹងស៊ុតបាល់បញ្ចូលទី។
ឈានដល់នាទី៦០ Odai Al Saify បន្ថែមគ្រាប់ទី៤ ហើយ២នាទីក្រោយ Ahmad Saleh សម្រេចបានគ្រាប់ទី៥។ នៅនាទី៨៧ Hamza Al-Dardour សម្រេចបានគ្រាប់ទីបីរបស់ខ្លួនក្នុងការប្រកួត។ Mousa Mohammad Mousa ជួយឲ្យហ្ស៊កដានីឈ្នះ ៧-០ នៅនាទីចុងក្រោយ។
តំបន់ប្រយុទ្ធរបស់កម្ពុជា មានលក្ខណៈចង្អៀតស្ទើរពេញមួយប្រកួត បើទោះបីជា ចាន់ វឌ្ឍនាកា និងប្រាក់ មុន្នីឧត្តម ប្រឹងសម្រុកចូលតំបន់គ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ឃួន ឡាបូរ៉ាវី មានឱកាសតែតបាល់បញ្ចូលទី១គ្រាប់ ប៉ុន្តែខុសគោលដៅ។
កីឡាករកម្ពុជា៖ អ៊ុំ សេរីរ័ត្ន (អ្នកចាំទី) រស់ សំអឿន, សរ ពិសិដ្ឋ (ឆុំ ពិសា ៦៥), សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, ហូយ ផល្លីន, ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, ច្រឹង ពលរដ្ឋ (សុះ ស៊ូហាណា ៥៧), សឿត បារាំង (ទិត្យ ឌីណា ៤០), ប៊ិន ធារី (ប្រធានក្រុម)។
កីឡាករហ្ស៊កដានី៖ Amer Shafi (អ្នកចាំទី-ប្រធានក្រុម), Tareq Khattab, Baha Abdelarahman, Ibrahim Zawahreh, Monther Abu Amara, Odai Al Saify (Tjaer Bawab ៦៣), Yaeen Bakheet (Mousa Mohammad Mousa ៧៩), Khalil Baniateyah (Ahmad Saleh ៨), Yaser Mohammad Alrawashdeh, Hamza Al-Dardour, Mohammad Al Dmeiri។
សម្រាប់ជំនួបមួយគូទៀតនៅក្នុងពូល C អាហ្វហ្គានីស្ថាន បានប្រើប្រាស់កីឡដ្ឋាន Republican Central ក្នុងក្រុង Dushanbe របស់តាហ្ស៊ីគីស្ថានដើម្បីទទួលវៀតណាម។ ខ្សែប្រយុទ្ធវៀតណាម Nguyen Van Toan រកគ្រាប់នាំមុខនាទី៦៤ ហើយ៥នាទីក្រោយមក ខ្សែការពារអាហ្វហ្គានីស្ថាន Hassan Amin វាយបកតាមស្មើដែលធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ។
នៅថ្ងៃទី១៣ ខែមិថុនា កម្ពុជានឹងស្វាគមន៍អាហ្វហ្គានីស្ថាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈវៀតណាម ទទួលហ្ស៊កដានី នៅកីឡដ្ឋាន My Dinh National Stadium នៅក្រុងហាណូយ៕
Tag:
AFC Asian Cup
Leonardo Vitorino
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com