ជាតិ
ក្រសួងបរិស្ថាន កំពុង​រក​មូល​ហេតុដែល​នាំ​ឲ្យ​ត្រី​ងាប់​ច្រើន​ក្នុង​ដងស្ទឹង​សែន
29, Mar 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​ក្រសួងបរិស្ថាន កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ដែល​នាំ​ឲ្យ​ត្រី​ជាច្រើន​ក្បាល​ងាប់ នៅក្នុង​ដងស្ទឹង​សែន ក្នុង​ទឹកដី​ខេត្តព្រះវិហារ​។ រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លងមកនេះ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ត្រី​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​ទឹកស្ទឹង​សែន ដោយ​មិនទាន់​ដឹង​មូលហេតុ​ឡើយ​។



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ហេង ដា​រ៉េត បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ត្រី​ងាប់​រាប់ម៉ឺន​ក្បាល​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​បាន​យក​ទឹក​ស្ទឹងសែន​នោះ មក​ត្រួតពិនិត្យ​ក្នុង​មន្ទី​ពិសោធន៍​ហើយ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះទេ​។ បើតាម​លោក ហេង ដា​រ៉េត នៅពេលនេះ​គណៈប្រតិភូ​របស់​ក្រសួង ក៏បាន​ចុះទៅ​ពិនិត្យមើល​ដោយផ្ទាល់​ហើយ​ដែរ ដើម្បី​សិក្សា​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ថា តើ​ប្រភពដើម​ដែល​បណ្ដា​ឲ្យ​ត្រី​ងាប់​នេះ វា​កើតចេញ​មកពី​បញ្ហា​អ្វី​?

​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្តព្រះវិហារ បាននាំគ្នា​អុំទូក​រើស​ត្រី​ដែល​ងាប់​ទាំងនោះ យកទៅ​ចម្អិន​ធ្វើជា​អាហារ និង​ធ្វើ​ប្រហុក ឬ​ផ្អក ផងដែរ​។ ត្រង់ចំណុច​នេះ​លោក ហេង ដា​រ៉េត ក៏​មិនទាន់​អាច​សន្និដ្ឋានថា ត្រី​ដែល​ពលរដ្ឋ​នាំគ្នា​យកមក​ចម្អិន​ជា​ម្ហូប​នេះ នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ដែរ ឬ​យ៉ាងណា​នោះទេ ដោយ​រងចាំ​មើល​លើ​ការពិសោធន៍​សិន​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ចំពោះ​ត្រី​ដែល​ងាប់​ហើយ ប្រជាពលរដ្ឋ​រើសយក​ទៅ​បរិភោគ​នោះ វា​អាចមាន​ការប៉ះពាល់ ដល់​សុខភាព ឬ​យ៉ាងនោះ​ក្រសួង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ដែរ ដោយសារ​លទ្ធផល​ពិសោធន៍​មិន​ចេញ ហើយ​ក្រុមការងារ បរិស្ថាន​ចុះទៅ​នោះ នឹង​ដង​យក​សំណាក​ទឹកស្ទឹង​សែន ដើម្បី យកមក​ចូល​មន្ទីរពិសោធន៍ ក្នុងការ​ផ្ទៀងផ្ទាត់​គ្នា »​។​

​តែ​យ៉ាងណា​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​រើស​ត្រី​ដែល​ងាប់​ទាំងនោះ​យកមក​ធ្វើជា​ចំណីអាហារ​ផងដែរ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព ។
​ទាក់ទង​នឹង​ករណី​ពុល​ត្រី​ងាប់​រាប់ម៉ឺន​ក្បាល​ក្នុង​ស្ទឹងសែន​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា បណ្ដាលមកពី​រោង ចក្រ​ស្ករអំពៅ​របស់​ក្រុម​ចិន​ឈ្មោះ រួយ ហ្វេ​ង (Rouy Feng) បង្ហូរ កាកសំណល់​មាន​ជាតិពុល​ចូលទៅក្នុង​ស្ទឹង​នេះ ពីព្រោះ​ទឹកស្ទឹង​សែន​មាន​ពណ៌​ខ្មៅ ហើយ​មាន​ក្លិនស្អុយ​។ បើតាម​ប្រជាពលរដ្ឋ​ទាំងនោះ កាលពី​អំឡុង​ឆ្នាំ​២០១៣ ធ្លាប់មាន​ហេតុការណ៍​ពុល​ត្រី​ងាប់​នៅតាម​ដងស្ទឹង​សែន​ម្ដង​ហើយ ព្រោះ​ក្រុមហ៊ុន​ចិន បង្ហូរ​កាកសំណល់​តាម «​អូរ​ព្រាល​» រួច​ធ្លាក់​ចូលមក​ស្ទឹងសែន​៕

​ប្រភព​មកពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​
 

Tag:
 បរិស្ថាន
  ត្រី
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com