ជាតិ
នៅ​ព្រឹក​នេះ មេធាវី​ទៅ​សួរ ជួប សម្លាប់ ជុំវិញ​ការប្តឹង​ឧទ្ធរណ៍​
29, Mar 2017 , 10:19 am        
រូបភាព
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​មេធាវី ទៅ​ជួប​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ នៅ​ពន្ធនាគារ​ព្រៃ​ស នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​នេះ ដើម្បី​ពិភាក្សាគ្នា​ពី​បណ្តឹងឧទ្ធរណ៍​។ មេធាវី នឹងដាក់​បណ្តឹងឧទ្ធរណ៍ ប្រសិនបើ​លោក ជួប សម្លាប់ អនុញ្ញាត​។​



​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​មេធាវី យុង ផានិត ធ្វើដំណើរ​ទៅ​ជួប លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុង​រឿង​ឃាតកម្ម​លើ លោក កែម ឡី​។ លោក យុង ផានិត ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ទៅ​ជួប​នេះ គឺដើម្បីសួរនាំ​ពី​ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​លោក ជួប សម្លាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ។

​លោក​មេធាវី​រូបនេះ អះអាងថា លោក នឹងដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ប្រសិនបើ លោក ជួប សម្លាប់ ស្នើឡើង​។ ផ្ទុយទៅវិញ ប្រសិនបើ​លោក ជួប សម្លាប់ សុខចិត្ត​ទទួលយក​ការកាត់ទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ  ហើយ​មិន​ចង់​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ លោក​មេធាវី ក៏​នឹង​គោរព​តាម​ការសម្រេច​នេះ ដូចគ្នា​។

​លោក យុង ផានិត និយាយ​ដូច្នេះ​ថា​៖«​រឿង​ប្តឹង​មិន​ប្តឹង ខ្ញុំ​មិនអាច​អះអាង​មុន​ទេ គឺ​សម្រេច​លើ​គាត់ (​ជួប សម្លាប់​)​។ តែ​ក្នុងនាម​ជា​មេធាវី ខ្ញុំ​នឹង​ពន្យល់​គាត់​ពី​សិទ្ធិ ថា​គាត់ អាច​ប្តឹង​បាន ប្រសិនបើ​ចង់​»​។​

​លោក ជួប សម្លាប់ គឺជា​ជន​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​ឃាតកម្ម​លើ​លោក កែម ឡី កើតឡើង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រៅពី​លោក ជួប សម្លាប់ សមត្ថកិច្ច និង​តុលាការ មិនទាន់​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ឡើយ​។

​យ៉ាងណា ក្រោយ​កាត់ទោស​លោក ជួប សម្លាប់ រួចហើយ តុលាការ មិនទាន់​បញ្ចប់​ការ​ស៊ើបសួរ ក្នុង​សំណុំ​រឿងនេះ​ទេ​។ បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងតែបន្ត​ស៊ើបសួរ អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ ប៉ុន្តែ ការ​ស៊ើបសួរ​នេះ នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​យ៉ាងណា​នោះទេ​៕


Tag:
 មេធាវី​
  ជួប សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com