កីឡាជាតិ
ជាតិ
Davis Cup៖ កម្ពុជា​ចាំ​អ៊ុត​មើល​គូប្រជែង​ខ្លួន​ដែល​ជួប​តទល់​នៅ​ប្រទេស​បា​រ៉េ​ន​
29, Mar 2017 , 11:33 am        
រូបភាព
​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា កំពុង​រង់ចាំ​មើល​គូប្រជែង​របស់ខ្លួន ដែល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ប្រចាំ​ជម្រុះ​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group IV នៃ​ពានរង្វាន់​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​ពិភពលោក Davis Cup​។ ការចាប់​ឆ្នោត​នឹង​ដំណើរ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ ខណៈ​ការប្រកួត​នឹង​ប្រព្រឹត្ត​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៨ ខែមេសា នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន​។​



​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​ចំនួន​១១​ប្រទេស នឹង​បង្ហាញ​វត្តមាន​នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Davis Cup សម្រាប់​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group IV​។ ការចាប់​ឆ្នោត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២ ខែមេសា នឹង​បែង​ចែកជា​២​ពូ​ល​។ បន្ទាប់​យេ​ម៉ែន បាន​ដកខ្លួន​ចេញ ក្រុម​ដែល​ត្រូវ​ប្រជែង​ក្នុង Group IV នេះ មានតែ​១១​ប្រទេស​ប៉ុណ្ណោះ គឺ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន បង់​ក្លា​ដែ​ស អ៊ឺ​រ៉ា​ក់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា អូ​ម៉​ង់ អា​រ៉ា​ប៊ី​សា​អូឌីត សិង្ហ​បុរី តា​ហ្ស៊ី​គី​ស្ថាន និង​កម្ពុជា​។​



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមីនា លោក ទេព រិទ្ធី​វិត អគ្គលេខាធិការ​សហព័ន្ធ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា មានជំនឿថា កីឡាករ​កម្ពុជា​នឹង​ស្តារ​មុខមាត់​ឡើងវិញ បន្ទាប់ពី​ធ្លាក់​ចេញពី Group III កាលពី​ឆ្នាំ​២០១៦ ។​

​កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ប្រកួត​នៅក្នុង Group III ដែល​រៀបចំ​នៅ​ក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​។ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល B ដោយ​ចាញ់​លី​បង់ ស៊ី​រី និង​កាតា ក្នុង​លទ្ធផល ០-៣ ដូចគ្នា ហើយ​បានឈ្នះ​សិង្ហ​បុរី ២-១ ។ នៅ​វគ្គ Play-Offs កម្ពុជា បាន​ចាញ់​តួ​កមេ​នី​ស្ថាន ១-២ ហើយ​បាន​ធ្លាក់​មកលេង Group IV នៅ​ឆ្នាំ​២០១៧ នេះ​វិញ​។ លោក រិទ្ធី​វិត បាន​អះអាងថា បរាជ័យ​របស់​កម្ពុជា កាលពី​ឆ្នាំមុន ដោយសារតែ​កីឡាករ​ឆ្នើម ប៊ុន កេ​ន្នី ជួប​បញ្ហា​របួស​។

​សម្រាប់​ឱកាស​នៅ​ឆ្នាំនេះ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា មើលឃើញថា អា​រ៉ា​ប៊ី​សា​អូឌីត សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នឹង​ផ្តល់នូវ​ការប្រកួត​ដ៏​តឹងតែង តែ​លោក​មិន​បានដឹង​ច្បាស់​ពី​សមាសភាព​ក្រុម​ផ្សេងទៀត​នោះឡើយ​។ លោក​ថា សិង្ហ​បុរី មាន​លក្ខណៈ​ប្រដំប្រសង​ជាមួយ​កម្ពុជា ដោយ​កាលពី​ឆ្នាំមុន កម្ពុជា​បានឈ្នះ ២-១ ប៉ុន្តែ​កម្ពុជា​បាន​ចាញ់​វិញ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​។​



​ក្នុងចំណោម​កីឡាករ​ទាំង​៤​រូប​របស់​កម្ពុជា ប៊ុន កេ​ន្នី កូនកាត់​ខ្មែរ​-​បារាំង ដែល​ជាប់​ជម្រើសជាតិ​អស់​រយៈពេល​៧​ឆ្នាំ និង​កីឡាករ​ខ្មែរ​-​អាមេរិក ម៉ម ផល្គុណ ដែលមាន​បទពិសោធន៍​៤​ឆ្នាំ​ក្នុង​ក្រុម​ជម្រើសជាតិ នឹង​លេង​ជា​គូ ប៉ុន្តែ​អាច​ប្រែប្រួល​ទៅតាម​កាលៈទេសៈ ខណៈ ឡុង សំនៀង (​ជាប់​ជម្រើស​៣​ឆ្នាំ​) និង អួរ សារិទ្ធ ដែឡជា​ចំណូល​ថ្មី នឹង​លេង​ក្នុង​វិញ្ញាសា​ទោល​។​

​សូម​ស្តាប់​ប្រសាសន៍​លោក ទេព រិទ្ធី​វិត ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែមីនា​៖




Tag:
 វាយ​កូន​បាល់​
  Davis Cup
© រក្សាសិទ្ធិដោយ thmeythmey.com