ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រតិភូ​បក្សប្រឆាំង នឹង​ទៅ​បកស្រាយ​ពី​សមាជ​របស់ខ្លួន ដល់​ក្រសួងមហាផ្ទៃ នៅ​រសៀល​នេះ​
29, Mar 2017 , 12:10 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ នឹងមាន​ជំនួប​ជាមួយគ្នា នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​។ លោក អេង ឆៃអ៊ាង ជា​អ្នកដឹកនាំ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​កិច្ចពិភាក្សា​នេះ​។​



​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ចំនួន ទៅ​ពិភាក្សា​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ នៅ​រសៀល ថ្ងៃ​ពុធ​នេះ​។ នេះ​បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​លោក យឹម សុវណ្ណ មិនបាន​និយាយ​នោះទេ​ថា កិច្ចប្រជុំ​នេះ នឹង​ផ្តោតទៅលើ​បញ្ហា​អ្វី​។ ប៉ុន្តែ កិច្ចប្រជុំ​នេះ នឹងមិន​ជជែក​ពីអ្វី​ផ្សេង ក្រៅពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។

​ក្រសួងមហាផ្ទៃ បានប្រកាសថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ដោយបាន​ជ្រើសរើស​ឯក​ឧ​ត្ត​ម កឹម សុខា ឲ្យ​ធ្វើជា​ប្រធាន និង​អនុប្រធាន​បីនាក់​ទៀត គឺ​ខុស​ទៅនឹង​លក្ខន្តិកៈ​របស់​គណបក្ស​។ ក្រោយ​ក្រសួងមហាផ្ទៃ ប្រកាស​បែបនេះហើយ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់សំណើ ដើម្បី​សុំ​បកស្រាយ​ពី​សមាជ​វិសាមញ្ញ​របស់ខ្លួន​។

​ក្រៅពី​បកស្រាយ​ជុំវិញ​សមាជ​វិសាមញ្ញ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​លើកយក​ពាក្យស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​» ទៅ​សួរដេញដោល​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ ផងដែរ ពីព្រោះ​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​ការប្រើ​ពាក្យស្លោក​នេះ​៕



Tag:
 CNRP
  មហាផ្ទៃ​
  ចរចា​
© រក្សាសិទ្ធិដោយ thmeythmey.com