ជាតិ
 ក្រសួង​អប់រំ  ជ្រើសរើស​សិស្ស​ពី​ថ្នាក់​ទី​២-១២  ដើម្បី​ចូលរួម​ប្រកួត «​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​»
23, Apr 2017 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​២ ដល់​ថ្នាក់​ទី​១២ ដើម្បី​ចូលរួម​ប្រកួតប្រជែង «​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​» សម្រាប់​ឆ្នាំ​២០១៧​។ សិស្សានុសិស្ស​ជ័យលាភី​៣​ក្រុម នឹង​ទទួលបាន​អាហារូបករណ៍ ដើម្បី​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង  Chongqing ប្រទេស​ចិន​។​



​កម្មវិធី​ប្រកួតប្រជែង «​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​»  គឺជា​កម្មវិធី​អប់រំ​មួយ  ដែល​បង្កើតឡើង ដើម្បី​ជំរុញ​ការសិក្សា​ពី​វិទ្យាសាស្ត្រ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ សម្រាប់​សិស្សានុសិស្ស​ថ្នាក់​បឋម និង​មធ្យមសិក្សា ពី​ថ្នាក់​ទី ២ ដល់ ១២​។ កម្មវិធី «​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​»  ឆ្នាំ​២០១៧​នេះ ជា​លើក​ទី​៣ របស់​កម្ពុជា ដែល​បាន​ដឹកនាំ​សិស្ស​ចូលរួម​ប្រកួតប្រជែង​។​



​លោក ជ័យ ចាន់​អឿន ព្រឹទ្ធបុរស​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​គ្រូ​បំប៉ន​សម្រាប់​ការប្រកួតប្រជែង​នេះ  បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ ផ្ដល់ឱកាស​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​២ ដល់ទី​១២ ដែល​ស្រឡាញ់ និង​ចូលចិត្ត​ផ្នែក​វិទ្យាសាស្ត្រ​។ លោក បន្តថា សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ជ្រើសរើស​ប្រធានបទ​ដោយ​ខ្លួនឯង ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​វិទ្យាសាស្ត្រ​។

​លោក ជ័យ ចាន់​អឿន បញ្ជាក់ថា ការប្រកួតប្រជែង​នេះ មានការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ជ្រើសរើស​ក្រុម​ដែលមាន​ស្នាដៃ​ល្អ ចំនួន ១៥​ក្រុម ទៅ​ប្រកួតប្រជែង​នៅ​ឆាក​អន្តរជាតិ​។ លោក បន្ថែមថា ការប្រកួតប្រជែង​នេះ ក៏​ជា​ទិសដៅ​របស់​ក្រសួង​អប់រំ  ដែល​ទាក់ទង​ទៅនឹង​វិទ្យាសាស្ត្រ ដើម្បី​បង្កើន​ការយល់ដឹង​ដល់​សិស្សានុសិស្ស​កម្ពុជា លើ​មុខវិជ្ជា STEM ផងដែរ​។
​សម្រាប់​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួតប្រជែង សិស្សានុសិស្ស​ទាំងអស់ ត្រូវមាន​ក្រុម​រៀងៗ​ខ្លួន ដោយ​មួយ ក្រុម​មាន​សមាជិក ២​នាក់ ដោយ​ជ្រើសរើស​ប្រធានបទ​ទាក់ទង​នឹង ជីវៈចម្រុះ​។ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ស្រាវជ្រាវ​ទាក់ទង​នឹង​ប្រធានបទ​ដែល​បានជ្រើសរើស​។ បន្ទាប់មក ផ្ញើ​ឯកសារ​ដែល​បាន​ស្រាវជ្រាវ និង​វីដេអូ ទៅកាន់​អ៊ី​ម៉ែ​ល ​។ 

​គួរ​បញ្ជាក់ថា សិស្សានុសិស្ស​ជ័យលាភី​៣​ក្រុម ពី​លេខ​១ ដល់ លេខ​៣ នឹង​ទទួលបាន​អាហារូបករណ៍ ដើម្បី​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង  Chongqing ប្រទេស​ចិន​។ កម្មវិធី​នេះ នឹង​ឈប់​ទទួល​ពាក្យ​ប្រកួត​ថ្ងៃទី​២៥ ឧសភា​។ សម្រាប់​ព័ត៌មាន​បន្ថែម ទំនាក់ទំនង​តាម​ទូរ​សព្ទ ០១២ ៩៣៩ ២៤០ / ០៨៩ ៩៥៤ ៨៤៨៕



Tag:
 ​ក្រសួង​អប់រំ​
 ​ ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល
© រក្សាសិទ្ធិដោយ thmeythmey.com