ជាតិ
កម្ពុជា​-​រុស្ស៊ី នឹង​ជជែក​អំពី​កិច្ចព្រមព្រៀង​ចុងក្រោយ ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រើ​ប្រាស់​ថាមពលនុយក្លេអ៊ែរ​នៅ​ថ្ងៃទី​២៧​មេសា​
23, Apr 2017 , 8:19 pm        
រូបភាព
​ភាគី​កម្ពុជា និង​ភាគី​រុស្ស៊ី នឹង​ជួប​ពិភាក្សាគ្នា អំពី​នៃ​កិច្ចព្រមព្រៀង​ចុងក្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​។ ជំនួប​នេះ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​២៧ ខែមេសា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។



​លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំនួប​នេះ​ជា​ជំនួប​ពិភាក្សា​នៃ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួងបរិស្ថាន និង​ភាគី​រុស្ស៊ី​លើ​កិច្ចព្រមព្រៀង​ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​ជិត​១​ឆ្នាំ​មកហើយ​។​

​លោក ទិន ពន្លក ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​រុស្ស៊ី​ផង​នោះ បាន​ឆ្លៀត​បញ្ជា​ក់រឿង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​នៅ​កម្ពុជា ថា​ជា​រឿង​វែងឆ្ងាយ​ទៀត​សម្រាប់​កម្ពុជា ពីព្រោះ​កម្ពុជា​ត្រូវ​បណ្តុះបណ្តាល​អ្នកបច្ចេកទេស និង​ប​ញ្ចៀ​ប​ការយល់ដឹង​របស់​សិស្ស និង​និស្សិត និង​សាធារណជន អំពី​ថាមពល​រដ្ឋ​នុយក្លេអ៊ែរ​នេះ​សិន​។ លោក បញ្ជាក់​ដូច្នេះ​៖«​រឿង​ផលិត​ថាមពល​អគ្គិសនី​ដោយ​រោងចក្រ​ថាមពលនុយក្លេអ៊ែ គឺជា​រឿង​វែងឆ្ងាយ​ទៅមុខទៀត ហើយ​មិនមែន​ថា​ធ្វើ ធ្វើ​បានទេ​។ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ណាស់ ពីព្រោះ​វា​ប៉ះពាល់​ច្រើន​ទាំង​បរិស្ថាន សង្គម​ជាដើម​»​។​

​កាលពី​ថ្ងៃទី​១៩ ខែមេសា​កន្លងទៅ​លោក ទិន ពន្លក បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ជាតិ​លើក​ទី​៤ ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង​ចុងក្រោយ នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព​នេះ​។ អង្គប្រជុំ​បានសម្រេច​ដាក់​ប​ញ្ជូ​ល​បន្ថែមទៀត​ទៅក្នុង​កិច្ចព្រមព្រៀង​ក្នុង​មាត្រា​១ និង​មាត្រា​៣ នូវ​ពាក្យ​យោង​លើ និយ័តកម្ម​សុខភាព​ពិភពលោក (IHR, 2005) នៃ​អង្គការ​សុខភាព​ពិភពលោក និង​ស្នើឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យ និង​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់ លើ​មាត្រា​ទី​៥ នៃ​កិច្ចព្រមព្រៀង ស្តីពី​ស្ថាប័ន​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​។ 

​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កា​រប​ញ្ចៀ​ប​ការយល់ដឹង​ពី​ថាមពលនុយក្លេអ៊ែរ កិច្ច​ប្រជុំបាន​រើសយក​ប្រធានបទ​៣ សម្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ ដែល​នឹងត្រូវ​បង្កើត​នៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ។ ប្រធានបទ​ទាំងនោះ រួមមាន វិទ្យាសាស្ត្រ​ថាមពលនុយក្លេអ៊ែរ ការផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពលនុយក្លេអ៊ែរ (NPPs) និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នៅក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វេជ្ជសាស្ត្រ​ជាដើម​។ ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ អនុវត្ត​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល ស្តីពី​របប​ឧបត្ថម្ភ និង​ក្របខណ្ឌ​ការងារ​សម្រាប់​និស្សិត​កម្ពុជា ដែល​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​ជំនាញ​បច្ចេកវិទ្យា នុយក្លេអ៊ែរ​នៅ​សហព័ន្ធរុស្ស៊ី ដើម្បី​លើកទឹកចិត្ត និង​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​លើ​ផ្នែក​នេះ​៕

Tag:
 នុយក្លេអ៊ែរ​
 ​ទិន ពន្លក​
 ​កម្ពុជា​-​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com