ជាតិ
ធនាគារជាតិ ព្រមាន​ដក​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ពី​ពលរដ្ឋ​
23, May 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារជាតិ​កម្ពុជា ព្រមាន​ចាត់វិធានការ​ជាថ្មី ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​នៅតែ​បន្តសកម្មភាព​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ថ្នូរ​នឹង​ការធានា​ដល់​ការផ្ដល់ប្រាក់​កម្ចី​របស់​ខ្លួន​នោះ​។​



​ក្រោយពី​ដាក់​បម្រាម​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ចំពោះ​ករណី​ខាងលើនេះ​ម្ដង​ហើយ​នោះ ធនាគារជាតិ​កម្ពុជា នៅតែ​សង្កេតឃើញថា ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន​នេះ មិនទាន់បាន​អនុវត្ត​ពេញលេញ​តាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​នៅឡើយ​ទេ​។​

​សេចក្ដីជូនដំណឹង​ជាថ្មី​របស់​ធនាគារជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២២ ឧសភា បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងករណី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥត​ណ​ទាន​ជនបទ​ណា នៅតែ​បន្តសកម្មភាព និង​មិន​យកចិត្តទុកដាក់​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥត​ណ​ទាន​ជនបទ​ទាំងនោះ នឹងត្រូវ​ទទួលរង​ទណ្ឌកម្ម​ខាង​ពិន័យ និង​ឈានទៅរក​ការដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ចុះបញ្ជី បញ្ឈប់​សកម្មភាព​អាជីវកម្ម ស្របតាម​មាត្រា​៥២ និង​៥៦ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ធរមាន​»​។​

​ជាមួយគ្នានេះ ធនាគារជាតិ​កម្ពុជា ក៏បាន​ក្រើន​រំ​ឮ​ក​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ គោរព​តាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៦ ៕


Tag:
 ធនាគារជាតិ​
  ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​
  ​អត្តសញ្ញាណប័ណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com