ជាតិ
មេបក្ស​ប្រឆាំង​ប្រាប់​អ្នក​សៀមរាប​ថា បើ CNRP មិន​គោរព​សន្យា លោក​នឹង​ចេញពី​តំណែង​
25, May 2017 , 4:12 pm        
រូបភាព
ឯកឧត្តមក កឹម សុខា ថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រ ក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ក្នុងខេត្តសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២0១៧។ រូបភាពពីហ្វេសបុក Kem Sokha
ឯកឧត្តមក កឹម សុខា ថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រ ក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ក្នុងខេត្តសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២0១៧។ រូបភាពពីហ្វេសបុក Kem Sokha
​ភ្នំពេញ​៖ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត តែ​បែរជា​មិនអាច​ធ្វើបាន​នូវ អ្វីដែល​ខ្លួន​សន្យា នោះ​ឯកឧត្តម កឹម សុខា នឹង​ចុះ​ចេញពី​តំណែង​។ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​យ៉ាង​ដូច្នេះ នៅ​ចំពោះមុខ​អ្នកគាំទ្រ​និង​សកម្មជន​របស់ខ្លួន​រាប់រយ​នាក់ ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២0១៧​នេះ​។



​អ្វីដែល​ឯកឧត្តម​កឹម សុខា សង្កត់ធ្ងន់​ជាងគេ និង​ហ៊ាន​សន្យាថា គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​បាន គឺ​ការទម្លាក់​ថវិកា​ចំនួន​៥0​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ឃុំ​-​សង្កាត់​នីមួយៗ នៅ​ទូទាំងប្រទេស ដើម្បី​អភិវឌ្ឍ ក្នុង​មូលដ្ឋាន​។ បើតាម​ឯកឧត្តម កឹម សុខា ការសន្យា​នេះ នឹង​អាចអនុវត្ត​ទៅបាន លុះត្រាតែ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ជា​មុខ​សិន​។​

​មេបក្ស​ប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ​សាកមើល​! បើ​ធ្វើ​មិនបាន កឹម សុខា ចុះ​ចេញពី​តំណែង​ភ្លាម​»​។​
​យ៉ាងណាក៏ដោយ ឯកឧត្តម កឹម សុខា មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ​ថា «​តំណែង​» ដែល​ខ្លួន​ហ៊ាន​បោះបង់ គឺ​ចង់​សំដៅ​ទៅលើ «​តំណែង​អ្វី​»​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ខាងលើ គឺ​ដើម្បី​ឆ្លើយតប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បានត្រឹមតែ «​សន្យា​ខ្យល់​» ហើយ​ការសន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ដែល​មិនអាច​អនុវត្តបាន​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ឃោសនា​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com