អន្តរជាតិ
ហ្វីលីពីន​៖ ជនជាតិ​ម៉ាឡេស៊ី​,​ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ចំណោម​ក្រុម​ភេរវជន​បះបោរ​នៅ​កោះ​មិន​ដា​ណាវ
27, May 2017 , 12:57 pm        
រូបភាព
​អគ្គ​រដ្ឋអាជ្ញា​ហ្វីលីពីន​បាន​បញ្ជាក់ថា ជនជាតិ​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ស្ថិតក្នុង​ចំណោម​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​កងកម្លាំង​ហ្វីលីពីន​នៅលើ​កោះ​មិន​ដា​ណាវ​។ វា​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា ការវាយប្រហារ​ភេរវកម្ម​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​គ្នា​រវាង​ក្រុម​ភេរវជន​បរទេស និង​ក្រុម​ភេរវជន​ក្នុងស្រុក​ថែមទៀត​។​


​ប្រជាជន​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ស្ថិតក្នុង​ក្រុម​ភេរវជន​ដែល​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​ក្រុង Marawi នៅ​កោះ​មិន​ដា​ណាវ​នៅ​ពីថ្ងៃ​អង្គារ​ទី ២៣ ឧសភា​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​រដ្ឋអាជ្ញា​ហ្វីលីពីន ដែល​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី ២៦ ឧសភា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជនជាតិ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ចំណោម​ភេរវជន​បរទេស​ប្រាំមួយ នាក់​សមាជិក​ក្រុម Maute ដែល​ត្រូវបាន​កងកម្លាំង​រដ្ឋាភិបាល​សម្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុងការ​ប្រយុទ្ធ​មួយ​ដែល​ចាប់ផ្តើម​តាំង​ពីថ្ងៃ​អង្គារ​ទី ២៣​ឧសភា​នោះ​។ ក្រុម Maute  ត្រូវគេ​ស្គាល់​ថា​ជា​ក្រុម​ដែល​បានប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។​

​អគ្គ​រដ្ឋអាជ្ញា​ហ្វីលីពីន Jose Calida បានបញ្ជាក់​ដូច្នេះ​ថា​៖« ពីមុន​វា​ត្រឹមតែ​ភេរវជន​ក្នុងស្រុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវ​មាន​វា​មាន​ក្រុម​ភេរវជន​ច្រើន​ដែល​ដើរ​តាម​មនោគមន៍វិជ្ជា​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។ ពួកគេ​ចង់​ផ្លាស់ប្តូ​រកោះ​មិន​ដា​ណាវ​ទាំងមូល​ទៅជា​ផ្នែក​មួយ​នៃ​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋ​ឥស្លាម Caliphate»​។​

​ហ្វីលីពីន​បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​សម្រាប់​ប្រយុទ្ធ​ជាច្រើន​គ្រឿង រួមជាមួយ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត Maute នៅ​ក្រុង Marawi នៅ​ភាគខាងត្បូង​ហ្វីលីពីន​ដែលជា​កន្លែង​រស់នៅ​រប​ស់​ប្រជាជន​ហ្វីលីពីន​ប្រហែល ២​សែន​នាក់​។

​ប្រតិបត្តិការ​សឹក​កម្ចាត់​ភេរវកម្ម​នេះ​បាន​បណ្តាល​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល ១៣​នាក់ និង ក្រុម​ភេរវជន ៣១​នាក់​ស្លាប់​ផងដែរ​។ ប្រធានាធិបតី ប្រកាស​ដាក់​កោះ​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ផងដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ធ្ញ​ន់​ធ្ង​រ​នេះ​។

​ប្រធានាធិបតី​រូបនេះ​ក៏​គំរាម​ប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​ផ្សេងទៀត​ទូទាំងប្រទេស​ហ្វីលីពីន​ផងដែរ ក្នុងករណី​ដែល​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​និង​ចាំបាច់​។ ប៉ុន្តែ​ប្រជាជន​ហ្វីលីពីន​ខ្លះ​ដែល​ធ្លាប់​រស់នៅ​ក្រោម​របប​ដឹកនាំ​ផ្តាច់កា​រលោក ហ្វ៊ែ​ឌី​ណង់ ម៉ា​កូ​ស (Ferdinand Marcos) ព្រួយបារម្ភ នៅពេលដែល​មានការ​ប្រកាស់​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នេះ​។ ប្រធានាធិបតី ម៉ា​កូ​ស បានប្រកាស​ដាក់​ហ្វីលីពីន​ក្រោម​ច្បាប់អាជ្ញាសឹក​ក្នុង​ឆ្នាំ ១៩៧២ ដើម្បី​ក្តោប​ក្តាប់​និង​រក្សា​អំណាច​របស់ខ្លួន​ផងដែរ​។​

​ត្រឡប់ វិញ ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ភេរវជន Maute នេះ​កើតឡើង​ក្នុងពេល​ល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បើ​ប្រតិបត្តិការ​វាយឆ្មក់​លំនៅដ្ឋាន​មួយ​ដែល​គេ​សង្ស័យថា​មេដឹកនាំ​ក្រុម​ឧទ្ទាម អា​ប៊ូ​សា​យ៉ាវ (Abu Sayyaf)  Isnilon Hapilon កំពុង​លាក់ខ្លួន​។

Isnilon Hapilon បច្ចុប្បន្ន​ជា​មេដឹកនាំ​សម្ព័ន្ធ​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាលចម្រុះ​ដោយ​ក្រុម​ឧទ្ទាម​តូចៗ​យា់ង​ហោចណាស់ ១០​ក្រុម​រួមទាំង​ក្រុម Maute ផង បន្ទាប់ពី​ជននេះ​បានប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាលពី​ឆ្នាំ ២០១៤​។ Hapilon ក៏​ស្ថិតនៅក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​ក្រសួងការបរទេស​អាមេរិក​ផងដែរ ហើយ​អ្នក​ដែល​អាច​ផ្តល់ព័ត៌មាន​ដែល​អាច​នាំ​ដល់​ការចាប់ខ្លួន​ជននេះ អាមេរិក​នឹង​ផ្តល់រ​ង្វាន់ ៥​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com