បទយកការណ៍ / បទសម្ភាសន៍
វីដេអូ​ចំនួន​៣ ដែល​អប់រំ​ពី​អាជីព​ការងារ​ទទួលបាន​ជ័យលាភី​ពី​អង្គការ​មូលនិធិ​អាស៊ី​ ​
28, May 2017 , 9:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ និស្សិត​មកពី​ចម្រុះ​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ បាន​យក​វីដេអូ​ដែលជា​ស្នាដៃ​ផលិត​របស់ខ្លួន មក​ប្រកួតប្រជែង​គ្នា ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា (Asia foundation)​។ ក្នុងចំណោម​វីដេអូ​អប់រំ​ស្តីពី​«​អាជីព​ការងារ​»​ទាំង​១៥ មាន​វីដេអូ​ចំនួន​៣ បានទទួល​ជ័យលាភី​។

    

លោក ភែ​ន ភា​រុន និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ទទួលបាន​ពានរង្វាន់​លេខ​១ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វីដេអូ​៣​នាទី ដែល​ផ្តោតលើ​ប្រធានបទ ជំនាញ​វិស្វករ គឺធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​សិស្ស​ដែល​ត្រៀមខ្លួន​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ឲ្យ​ជ្រើស​រើសយក​ជំនាញ​នេះ ពីព្រោះ​ជំនាញ​វិស្វករ កំពុងតែ​ខ្វះខាត ដែល​ទាមទារ​ឲ្យ​មាន​ធនធានមនុស្ស​ផ្នែក​នេះ​កាន់តែច្រើន​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ប្រធានបទ​វីដេអូ​នេះ គឺ​មូលនិធិ​អាស៊ី​ជា​អ្នក​ដាក់​ឲ្យ ពួក​ខ្ញុំ​ផលិត​វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ពី​ឲ្យ​ប្អូនៗ ដឹង​ពី​សារសំខាន់​នៃ​ជំនាញ​នេះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវ​ការសង់​អគារ ស្ពាន ផ្លូវ ច្រើន ដែល​បង្កើត​ឱកាស​ទីផ្សារការងារ កាន់តែច្រើន​សម្រាប់​និស្សិត​ជំនាញ​នេះ​»​។



និស្សិត​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​បន្ថែមថា  លោក និង​សមាជិក ក្រុម​ចំណាយពេល​ថត​ដោយ​ទូរស័ព្ទដៃ​រយៈពេល​១​ថ្ងៃ ព្រមទាំង​ចុះទៅ​ការដ្ឋាន​សំណង់​ដោយផ្ទាល់​ផងដែរ​។ លោក​សង្ឃឹមថា វីដេអូ​នេះ នឹង​ផ្តល់ព័ត៌មាន ដល់​សិស្ស​ដែល​ត្រៀមខ្លួន​រៀន​នៅ​មហាវិទ្យាល័យ ឲ្យ​យល់ដឹង និង​ត្រៀមខ្លួន​សម្រាប់​រើស​ជំនាញ​វិស្វករ ដែល​ទីផ្សារ​កំពុង​សម្បូរ​នៅ​កម្ពុជា​។ 
​ការប្រកួតប្រជែង​វីដេអូ​អប់រំ​ស្តីពី​អាជីព​ការងារ​នេះ គឺ​រៀបចំ​ដោយ​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែឧសភា នៅ​សាល​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែលមាន​សិស្ស និស្សិត​រាប់រយ​នាក់ និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រុមហ៊ុន​ឯកជន​ចូលរួម​ផងដែរ​។

លោក តយ អ៊ុ​ល និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដែល​ទទួលបាន​ជ័យលាភី​លេខ​២ ផ្នែក​ផលិត​វីដេអូ​អប់រំ​ស្តីពី​ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស បាន​បញ្ជាក់ថា វីដេអូ​នេះ គឺ​នឹង​បញ្ជ្រាប​ជំនាញ​មួយ​ក្នុងចំណោម​ជំនាញ​សំខាន់ៗ​ដទៃទៀត ឲ្យ​សិស្ស​និស្សិត​បានដឹង ដើម្បី​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ និស្សិត​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបនេះ និយាយថា​៖«​បើ​និស្សិត​ណា​ចង់​ធ្វើការ​ផ្នែក​ធនធានមនុស្ស​ហ្នឹង គាត់​មើល​វីដេអូ​របស់ខ្ញុំ គាត់​នឹង​យល់ដឹង​ច្រើន ពីអ្វី​ដែល​ត្រូវ​ត្រៀមខ្លួន​ដើម្បី​សិក្សា​ជំនាញ​ហ្នឹង​»​។   

ចំណែក កញ្ញា យី លុយ​ហ៊ាង តំណាង​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ទទួលបាន​ជ័យលាភី​លេខ​៣ លើ​ការផលិត​វីដេអូ​ស្តីពី​ជំនាញ​ឱសថការី បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំនាញ​ឱសថការី​នេះ គឺ​ពិតជា​តម្លៃ​ខ្លាំង​ក្នុងប្រទេស​កម្ពុជា ពីព្រោះ​ជំនាញ​នេះ សម្បូរ​ទីផ្សារការងារ​។

ក្នុង​វ័យ​២៥​ឆ្នាំ លុយ​ហ៊ាង ដែល​ដៃ​ម្ខាង​យួរ​កាដូ ដៃ​ម្ខាង​ទៀត​កាន់​វិញ្ញាបនបត្រ​ផង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបី​ខ្ញុំ​មិនមែន​រៀន​ជំនាញ​ឱសថការី តែ​ក្រោយ​ផលិត​វីដេអូ​នេះ ខ្ញុំ​គិតថា​ជំនាញ​ឱសថការី គឺមាន​ការងារ​ជាច្រើន​ដូចជា​៖ ជា​អ្នកត្រួតពិនិត្យ​ប្រភេទ​ថ្នាំ ជា​អ្នកគ្រប់គ្រង​ចែកចាយ​ថ្នាំ​នៅ​ហ្វា​ម៉ា​ស៊ី​»​។ កញ្ញា​បន្តថា​៖«​វា​មាន​ប្រយោជន៍​ណាស់ ព្រោះ​ពេល​យើង​ឈឺ បើ​យើង​ទៅរក​ឱសថការី​ដែល​ខុស និង​គ្មាន​ជំនាញ នឹងធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​។ តែបើ​យើង​ទៅរក​ឱសថការី​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ នោះ​នឹងធ្វើ​ឲ្យ​សុខភាព​យើង​ល្អប្រសើរ ហើយ​សង្គមជាតិ​នឹង​រីកចម្រើន​»​។  

លោក សាយ​លេស អេ​វឺ​ត​រឹត តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា វីដេអូ​ទាំង នេះ នឹង​ផ្តល់​ជា​ព័ត៌មាន​ល្អៗ​ដល់​សិស្ស​និស្សិត ឲ្យ​បាន​យល់ដឹង​ច្បាស់​ជំនាញ​ដែល​ពួកគេ​ជ្រើសរើស​។ ថ្លែង​ជា​ភាសា​អង់គ្លេស​នៅលើ​វេទិកា លោក សាយ​លេស បាន​បញ្ជាក់ថា​៖ «​វីដេអូ​ទាំងនេះ បាន​យកទៅ​បង្ហោះ​ក្នុង​វេ​ប​សាយ career on camera.org និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​សិស្ស​និស្សិត​។ យើង​នៅទីនេះ អាច​post និង share​បន្ត ដើម្បី​ឲ្យ​វីដេអូ​បាន​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​»៕            


© រក្សាសិទ្ធិដោយ thmeythmey.com