អន្តរជាតិ
បារាំង​៖ ល្អាង Cocaliere ដែលមាន​ប្រវត្តិ​៣៥​លាន​ឆ្នាំ ផ្តល់​សេវាកម្ម​ស្នាក់នៅ​ដ៏​ពិសេស​
27, May 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ​នៃ​ការបើក​ជា​សាធារណៈ ល្អាង Cocaliere របស់​បារាំង ដែលមាន​ប្រវត្តិសាស្ត្រ​ប្រមាណ​៣៥​លាន​ឆ្នាំ ផ្តល់​សេវាកម្ម​ស្នាក់នៅ​ដ៏​ពិសេស​រហូតដល់​ខែវិច្ឆិកា​។ បើតាម​ការផ្សាយ​របស់ Le Figaro ការ​ស្នាក់​នៅក្នុង​ល្អាង​ក្រោម​ដី​ជម្រៅ​៦០​ម៉ែត្រ​នេះ មានតម្លៃ​១២០០​អឺរ៉ូ (​ជាង​១៣០០​ដុល្លារ​អាមេរិក​) ក្នុង​១​យប់​សម្រាប់​មនុស្ស​២​នាក់​។​




​ល្អាង Cocaliere ដែល​ស្ថិតក្នុង​ឧទ្យាន​ជាតិ Cevennes ចន្លោះ​តំបន់ Gard និង Ardeche គឺជា​ល្អាង​ដ៏​ស្រស់ស្អាត​ជាងគេ​នៅក្នុង​ប្រទេស​បារាំង​ទាំងមូល​។ ល្អាង​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​នេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​រូងភ្នំ និង​បុរេប្រវត្តិ​ប្រចាំ​តំបន់ Gard-Ardèche (SSPGA) ដោយ​ចាប់ពី​ឆ្នាំ​១៩៥២ មក លោក Christian Bouquet ក្រោម​កិច្ចសហការ​ជាមួយ​លោក André Marti នាំគ្នា​រៀបចំ​ល្អាង​នេះ​។​



​ក្រោយ​ការរៀបចំ​អស់​រយៈ​ជាង​១០​ឆ្នាំ ល្អាង Cocaliere ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​១៩៦៧ ដោយ​ភ្ញៀវ​ទាំងអស់​អាច​ដើរ​ទស្សនា​ក្នុង​រង្វង់​ចម្ងាយ​១​គីឡូម៉ែត្រ ក្នុង​ទំហំ​សរុប​ប្រមាណ​៣០​គីឡូម៉ែត្រ​។ Le Figaro បានបង្ហាញ​របាយការណ៍​ថា ក្នុង​មួយឆ្នាំៗ ល្អាង​ដែលមាន​ប្រវត្តិសាស្ត្រ​៣៥​លាន​ឆ្នាំនេះ ទទួលបាន​អ្នកទស្សនា​ជាង​១២០ ០០០​នាក់ ដោយ​ម្នាក់ៗ​ចំណាយពេល​ប្រមាណ​១​ម៉ោង​ដើម្បី​ទស្សនា​ក្នុង​ល្អាង​ជម្រៅ​៦០​ម៉ែត្រ​ពីក្រោម​ដី និង​ក្នុង​ចម្ងាយ​១​គីឡូម៉ែត្រ​។​


Cocaliere ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «​ល្អង​ពេជ្រ​» ផងដែរ​នោះ មាន​ទស្សនីយភាព​ធម្មជាតិ​ជាច្រើន​ដែល​ត្រូវ​ទស្សនា​ក្នុងនោះ មានដូចជា និចុតសិលា stalagmites (​ថ្ម​ស្តាឡាក់មីត​ដែល​ច្រូងច្រាង​ពីក្រោម​ឡើងទៅ​លើ​) អា​ចុតិ​សិលា Stalactites  (​ថ្ម​ស្ដាឡាក់ទីត​ដែល​ច្រូងច្រាង​ពីលើ​ចុះក្រោម​) ថ្ម​គ្រី​ស្តា​ល់ និង​គជ់ខ្យង ជាដើម​។​


​ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ​នៃ​ការបើក​ជា​សាធារណៈ កូនប្រុស​របស់ លោក Christian Bouquet ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង​ល្អាង បានសម្រេច​ផ្តល់​សេវាកម្ម​ដ៏​ពិសេស ដោយ​ក្នុង​ល្អាង​ជម្រៅ​ប្រមាណ​៦០​ម៉ែត្រ​ពីក្រោម​ដី លោក​បានរៀបចំ​បន្ទប់​មួយ ដែលមាន​មុង​រាង​ពីរ៉ាមីត និង​បំពាក់​ឧបការ​ណ៍​ជាច្រើន​។​

​បន្ទប់​តែមួយគត់​ដែល​បាន​ទំហំ​២៥​ម៉ែត្រការ៉េ មាន​គ្រែ​សម្រាប់​មនុស្ស​ពីរ​នាក់ បំពាក់​ដោយ​អំពូល​ភ្លើង តុ​ធ្វើការ ស្រាក្រហម រួមទាំង​ម៉ាស៊ីន​ឆុង​កាហ្វេ Nespresso ជាដើម​។ ទោះ​មិនមាន​ទូរទស្សន៍ ឬ Wi-Fi ដូច​សណ្ឋាគារ​ក៏ដោយ ប៉ុន្តែ​បន្ទប់​ដ៏​ពិសេស​នេះ មាន ការតភ្ជាប់​បណ្តាញ Bluetooth, បន្ទប់ទឹក និង​ទឹក​ក្តៅ ទឹក​ត្រជាក់​។​

​ក្នុងតម្លៃ​១២០០​អឺរ៉ូ (​ជាង​១៣០០​ដុល្លារ​អាមេរិក​) ក្នុង​១​យប់​សម្រាប់​មនុស្ស​២​នាក់ ភ្ញៀវ​អាច​ទទួលបាន​អាហារ​ពេល​ល្ងាច និង​អាហារ​ពេលព្រឹក​ដែល​រៀបចំ​ក្នុង​ប្រអប់​រួចជាស្រេច រួមទាំង​មាន​អ្នក​រង់ចាំ​ជួយ​ក្នុងករណី​មាន​បញ្ហា​បន្ទាន់​ណាមួយ​ផងដែរ​។ ភ្ញៀវ​អាច​ស្នាក់នៅ​ចាប់ពី​ម៉ោង​៦​ល្ងាច រហូតដល់​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​បន្ទាប់​៕




© រក្សាសិទ្ធិដោយ thmeythmey.com