អន្តរជាតិ
ស្ថាបនិកហ្វេសប៊ុកត្រឡប់ទៅទទួលសញ្ញាបត្រនៅ Harvard ក្រោយបោះបង់សាលា ១៣ឆ្នាំ
× ស្ថាបនិកប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក Mark Zuckerberg បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាកលវិទ្យាល័យ Harvard ក្រោយលោកបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញនេះអស់រយៈពេល១៣ឆ្នាំទៅហើយនោះ។
«ម៉ាក់! ខ្ញុំតែងតែប្រាប់ម៉ាក់ថា ខ្ញុំនឹងត្រឡប់ទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard វិញ»។ នេះជាពាក្យសម្តីរបស់លោក Mark Zuckerberg ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថ្ងៃ ២៥ឧសភា ភ្ជាប់ជាមួយរូបភាពមួយសន្លឹកជាមួយឪពុកម្តាយលោក ក្រោយទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាកលវិទ្យាល័យ Harvard។
តាមពិតទៅ លោក Mark Zuckerberg បានទទួលសញ្ញាបត្រនេះ ក្នុងរយៈពេល ១៣ ឆ្នាំក្រោយពេលដែលលោកសម្រេចបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ Harvard ដែលវាជាកន្លែងដែលលោក Mark Zuckerberg ចាប់ផ្តើមបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏ល្បីល្បាញនេះដែរ។
ក្នុងពេលទទួលសញ្ញាបត្របណ្ឌិតកិត្តយសពីសាកលវិទ្យាល័យ Harvard នេះ លោក Mark Zuckerberg បានផ្តល់សុន្ទរកថាមួយដែរទៅកាន់និស្សិតដែលចូលរួមក្នុងពិធីចែកសញ្ញាបត្រ ដោយលោកបានរម្លឹកឡើងវិញពីអនុស្សាវរីយ៍ពេលលោកសិក្សានៅទីនោះជាពិសេសពេលលោកទៅមើលបន្ទប់ដែលលោកធ្លាប់ស្នាក់នៅឡើងវិញ។
ក្រៅពីរម្លឹកអនុស្សាវរីយ៍ចាស់ៗ លោក ក៏បានឆ្លៀតឱកាសលើកឡើងពីបញ្ហាវិសមភាពសង្គមនិងបញ្ហាប្រឈមផ្សេងទៀតដែលយុវជនកំពុងប្រឈម ហើយលោកបានអំពាវនាវឲ្យសិស្សនិស្សិតទាំងអស់កុំភ័យខ្លាចក្នុងការប្រថុយប្រថាន និងហ៊ានចាប់យកឱកាស។
ស្ថាបនិកហ្វេសប៊ុកនេះបានសង្កត់ធ្ងន់ថា ឱកាសនានាសម្រាប់មនុស្សគ្រប់គ្នាត្រូវបានរារាំង ដោយសារកម្រិតនៃវិសមភាពទ្រព្យសម្បិត្តក្នុងសង្គម ហើយវាបានបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅក្នុងសង្គមរួចទៅហើយ។ដូច្នេះហើយ វាជាបញ្ហាសង្គមធំបំផុតមួយដែលចាំបាច់ត្រូវដោះស្រាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com