ជាតិ
ពីនេះ ពីនោះ
មេឃុំ​ថ្មី កុំ​ភ្លេច​បំពេញតម្រូវការ​រាស្ត្រ​តាម​មូលដ្ឋាន​!
27, May 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
មេឃុំ​ថ្មី កុំ​ភ្លេច​បំពេញតម្រូវការ​រាស្ត្រ​តាម​មូលដ្ឋាន​!
​កំណាព្យ​បទ ពំនោល​



​មេឃុំ​ដែល​រាស្ត្រ​ប្រាថ្នា​    ​ទោះ​ជាប់​បក្ស​ណា​     សន្យា​ហើយ​ធ្វើ​ឲ្យ​បាន​។​

រឿង​រាស្ត្រ​ខ្វល់​ទាំង​ប៉ុន្មាន​    ​ស្មេរ​រៀបរាប់​បាន​    ​មិន​ស្មាន​មាន​ច្រើន​បញ្ហា​។​

មាន​ខ្លះ​ព្រួយ​ព្រោះ​ហិង្សា​    ​ព្រោះហេតុតែ​ស្រា​    ​ខ្លះ​ថា​ព្រោះ​គ្រឿងញៀន​ល្បែង​។​

ឆក់​ប្លន់​សម្លាប់​មាន​ស្តែង​    ​មាន​ច្រើន​កន្លែង​    ​ខ្ញុំ​ថ្លែង​មិន​បំផ្លើស​អី​។​

មាន​ទាំង​រឿង​រំលោភ​ស្ត្រី​    ​ថែម​កុមារី​    ​ក្មេងខ្ចី​ក៏​រងគ្រោះ​ដែរ​។​

ឃុំ​ខ្លះ​ខ្វះ​ទឹក​ធ្វើស្រែ​    ​    ​ប្រឡាយ​មាន​ដែរ​    ​ប៉ុន្តែ​ទឹក​ទៅ​មិន​ដល់​។​

ស្រុក​ខ្លះ​នៅ​ខ្វះ​ផ្លូវថ្នល់​    ​ភ្លៀង​ខ្លាំង​បែក​វ៉​ល់​    ​ពេល​ខ្យល់​ខែប្រាំង​ចុះ​អ័ព្ទ​។​

សំរាម​ស្អុយ​តាមផ្លូវ​យ៉ាប់​    ​អ្នកភូមិ​ខ្លះ​ប្រាប់​    ​ថា​យ៉ាប់​ពេល​មាន​ជម្ងឺ​។​

ពឹង​ហៅ​ពេទ្យ​ធ្វើ​មិនឮ​    ​ព្រោះ​អី​អ្នក​ឈឺ​    ​គេ​ឮថា​លុយ​មិន​គ្រប់​។​

ឈឺ​ថ្កាត់​ពេលយប់​ព្រលប់​    ​ត្រឹម​អង្គុយ​ជ្រប់​    ​ប្រឹង​ទប់​មិនដឹង​ទៅណា​។​

ក្មេង​ខ្លះ​ខ្វះ​ការសិក្សា​    ​    ​មាន​ដែរ​សាលា​    ​ខ្លះ​ថា​មិនសូវមាន​គ្រូ​។​

រឿង​ខ្លះ​កើត​តាំងពី​យូរ​    ​រាស្ត្រ​ខ្លះ​រអ៊ូ​    ​    ​តស៊ូ​មិន​ឈ្នះ​ក្រីក្រ​។​

អ្នកស្រែ​ប្រែ​ខ្វះ​អង្ករ​    ​    ​គ្មាន​ទាំង​របរ​    ​    ​ត្រាច់ចរ​ចាកចោល​ភូមិឋាន​។​    ​

ខ្លះ​ជាប់បំណុល​ជុំ​ប្រាណ​    ​រកស៊ី​មិន​ស្មាន​    ​ត្រឹម​បាន​សង​ការប្រាក់​គេ​។​

ខ្លះ​ជាប់​ដល់​ការឡើង​ទ្វេ​    ​មិនដឹង​រិះរេ​    ​    ​សង​គេ​ដោយ​របៀប​ណា​?

ទាំងនេះ​សុទ្ធ​ជា​បញ្ហា​    ​    ​ឈ្នះឆ្នោត​ឃុំ​ណា​    ​មេត្តា​ស្រាយ​តាម​ការគួរ​៕

និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!​    ​    ​    ​    ​    ​    ​    ​    ​
    ​    ​
​    ​    ​    ​    ​    ​    ​    ​

© រក្សាសិទ្ធិដោយ thmeythmey.com