ជាតិ
រយៈពេល​៥​ខែ​ដើមឆ្នាំ មនុស្ស ៤១​នាក់​ស្លាប់ និង ៤៤​នាក់​របួស ដោយសារ​រន្ទះបាញ់​ ​
27, May 2017 , 10:39 pm        
រូបភាព
ភ្នំពេញ​៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​មនុស្ស​ចំនួន ៤១ នាក់ បាន​ស្លាប់ និង ៤៤ នាក់ រង​បួស ដោយសារ​រន្ទះបាញ់​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី​។​



នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី បាន​ប្រាប់​សារព័ត៌មាន​ថ្មី ឲ្យ​ដឹងថា​៖ «​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​បានសម្លាប់​មនុ​ស្ស​ចំនួន ២​នាក់ និង​របួស​ចំនួន ៣៥​នាក់​។ ម្យ៉ាងទៀត បាតុភូត​រន្ទះបាញ់​វិញ  បានសម្លាប់​មនុស្ស​ចំនួន ៤១​នាក់ និង​របួស ៤៤​នាក់ រួមទាំង​ងាប់​គោក្របី ៤៦​ក្បាល​»​។​
​លោក កែវ វី បាន​បញ្ជាក់ថា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​រយៈពេល​៥​ខែ​នេះ បាន​កើតឡើង​ចំនួន ៩៩​លើក នៅ​ខេត្ត​ចំនួន ២០ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់​ស្លាប់ និង​របួស ៣៥​នាក់​។ គ្រោះធម្មជាតិ​នេះ បានធ្វើ​ឲ្យ​ផ្ទះ ៣៣៩​ខ្នង​ខូ​ត​ខាត និង​ផ្ទះ ២៣៩៦​ខ្នង​ផ្សេងទៀត របើក​ដំបូល​។

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ខុទ្ទកាល័យ​រូបនេះ  លើកឡើងថា ៖ «​តួលេខ​បាតុភូត​រន្ទះបាញ់ ក្នុងឆ្នាំនេះ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៦ ដែល​រយៈពេល​ដូច​គ្នាំ មាន​មនុស្ស​ស្លាប់ ៤០​នាក់ និង​របួស ៤៨​នាក់ រួមទាំង​គោក្របី​ចំនួន ២៩​ក្បាល បាន​ងាប់​ដោយសារ​រន្ទះបាញ់​»​។

​នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ​នេះ និង​ចូលរួម​បង្កា​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​កើតឡើង​ដោយ​យថាហេតុ​។ លោក បន្តថា ចំពោះ​បាតុភូតធម្មជាតិ​ផ្សេងៗ មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ និង​មន្ត្រី​កម្លាំងប្រដាប់អាវុធ បាន​ចុះ​ពិនិត្យ និង​ត្រៀមកម្លាំង​គ្រប់​មធ្យោបាយ ដើម្បី​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​ទៅកាន់​ទីតាំង​មាន​សុវត្ថិភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com