កីឡាជាតិ
ជាតិ
បញ្ច​រ៉ុង ទទួលយក​ការពិន័យ​ពី​ក្លិប​បឹងកេត​ដែល​កាត់​ប្រាក់ខែ​ខ្លួន​
27, May 2017 , 4:28 pm        
រូបភាព
ខ្សែការពារ​បឹងកេត ទូច បញ្ច​រ៉ុង បានប្រកាស​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​ព្រម​ទទួលយក​ការពិន័យ​របស់​ក្លិប​ដោយ​សុទ្ធចិត្ត​។ បញ្ច​រ៉ុង​បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បឹងកេត​ចេញ​សេចក្តីថ្លែងការណ៍​ដាក់ទណ្ឌកម្ម​ខ្លួន ទាក់ទង​នឹង​ការបង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​នា​អំឡុង​នៃ​ការប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ថ្ងៃទី​២៥ ខែឧសភា​។​



​ក្លិប​បឹងកេត​នា​ថ្ងៃ​សៅរ៍ ទី​២៧ ខែឧសភា នេះ បានចេញ​សេចក្តីថ្លែងការណ៍​អំពី​ការដាក់ទណ្ឌកម្ម​លើ​ខ្សែការពារ ទូច បញ្ច​រ៉ុង ដែល​ក្លិប​បាន​កត់សម្គាល់ថា គេ​ធ្វើ​គំរូ​មិនល្អ​ដល់​យុវជន និង​មិត្ត​រួម​ក្រុម​។ បឹងកេត ដែល​ប្រកាន់​គោលការណ៍​វិជ្ជា​ជី​វះ ស្មារតី​កីឡា និង ការលេង​ដោយ​យុត្តិធម៌ បានប្រកាស​កាត់​ប្រាក់ខែ​មួយផ្នែក និង​ព្រមាន​កីឡាករ​មិន​ឲ្យ​មាន​សកម្មភាព​ខុសឆ្គង​ទៀត​នាពេល​អនាគត​។​

​សូមបញ្ជាក់ថា នា​បរាជ័យ ២-១ ក្នុងជំនួប​ជើង​ទី​ពីរ​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​ជាមួយ​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បញ្ច​រ៉ុង បាន​កាត​លឿង​ជា​លើក​ទី​ពីរ បន្ទាប់ពី​គេ​បាន​បង្កកំហុស​លើ​កីឡាករ​ភ្នំពេញ​ក្រោ​ន ប្រាក់ ធី​វ៉ា នៅ​នាទី​៣១​។ ការពិន័យ​ដែល​ធ្វើ​បឹងកេត​នៅសល់​គ្នា​តែ​១០​នាក់ បានធ្វើ​ឲ្យ បញ្ច​រ៉ុង ខឹង យ៉ាងខ្លាំង គេ​បាន​យក​ក្បាល​ទៅ​អុក​នឹង​ដើមទ្រូង លោក ឃួន វិ​រៈ ហើយ​បន្ទាប់មក អាជ្ញាកណ្តាល​រូបនេះ បាន​ដួល​ទៅលើ​ដី​។​

​បឹងកេត បាន​សង្កត់ធ្ងន់ថា ខ្សែការពារ ទូច បញ្ច​រ៉ុង របស់​ក្លិប​បឹងកេត ពិតជា​បានបង្ហាញ​អាកប្បកិរិយា មិនអាច​ទទួលយកបាន បើទោះបី​វា​ជា​កំហឹង​មួយ​ឆាវ​ដែល​មិន​បានគិត​វែងឆ្ងាយ ហើយ​សា​ម៉ី​ខ្លួន​បាន​សុំទោស​ជា​សាធារណ​រួចហើយ​ក៏ដោយ​។​

«​ក្លិប​បឹងកេត ប្រកាន់​គោលការណ៍​វិជ្ជា​ជី​វះ ស្មារតី​កីឡា និង ការលេង​ដោយ​យុត្តិធម៌ ដូច្នេះ ក្លិប​មិន​គាំទ្រ​ទង្វើ​ដែល បញ្ចា​រ៉ុង បាន​ប្រព្រឹត្ត​នោះឡើយ ដ្បិត​វា​ជា​គំរូ​មិនល្អ​ដល់​យុវជន និង​មិត្ត​រួម​ក្រុម​ឡើយ​។ អាស្រ័យហេតុនេះ ក្លិប​បឹងកេត សូម​ប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​លើ​កីឡាករ ទូច បញ្ច​រ៉ុង ដោយ​កាត់​ប្រាក់ខែ​មួយផ្នែក និង ព្រមាន​មិន​ឲ្យ​មាន​សកម្មភាព​ខុសឆ្គង​បែបនេះ​ទៀត​នៅពេល​អនាគត​»​។ នេះ​ជា​ខ្លឹមសារ​គន្លឹះ​នៃ​សេចក្តីថ្លែងការណ៍​របស់​ក្លិប​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក ហៅ សុជាតិ​។​

​ភ្លាមៗ ក្រោយ​ការប្រកាស​ជា​សាធារណៈ​របស់​បឹងកេត​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ទូច បញ្ច​រ៉ុង ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សរសេរ​នៅលើ​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា​៖ «​ខ្ញុំ​សូម​ទទួលយក​ដោយ​សុទ្ធចិត្ត​នូវ​ការដាក់ពិន័យ​នេះ ព្រោះ​ខ្ញុំ​ពិតជា​បានធ្វើ​ខុស​មែន​។ ខ្ញុំ​តាំងចិត្ត​មិនឱ្យ​មានរឿង​បែបនេះ​ទៀត​ទេ​។ ខ្ញុំ​ពិតជា​សូមទោស​ម្ដងទៀត​ជាពិសេស​ចំពោះ​លោក​អាជ្ញាកណ្ដាល​»​។​

​ក្រោយ​បញ្ចប់​ការប្រកួត ខ្សែការពារ​វ័យ​២៧​ឆ្នាំ​រូបនេះ ក៏បាន​សារភាព​នូវ​ទង្វើ​ដ៏​ខុសឆ្គង​របស់ខ្លួន​នៅលើ​ទីលាន​ផងដែរ ដោយ​រូបគេ​បាន​សន្យា​ព្យាយាម​កាត់បន្ថយ​ភាព​ឆេវឆាវ​ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​ការផ្តល់​កម្លាំងចិត្ត​រប​ស់​ក្រុម​ទាំងមូល​៕




ខ្ញុំសូមទទួលយកដោយសុទ្ធចិត្តនូវការដាក់ពិន័យនេះ ព្រោះខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំតាំងចិត្តមិនឱ្យមានរឿងបែបនេះទៀតទេ។ ខ្ញុំពិតជាសូមទោសម្ដងទៀតជាពិសេសចំពោះលោកអាជ្ញាកណ្ដាល

Tag:
 ខេមបូឌានលីក
  បឹងកេត
  ភ្នំពេញក្រោន
  ទូច បញ្ចរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com