អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ ភ្នាល់ថា បញ្ហាកូរ៉េខាងជើងនឹងត្រូវដោះស្រាយនៅពេលខាងមុខ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអ៊ីតាលី (រូបភាព AP)
× ប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានឯកភាពគ្នាបង្កើនការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែលបន្តកម្មវិធីនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលជាបន្តបន្ទាប់។ ក្នុងជំនួបថ្ងៃទី២៦ ខែឧសភា លោក ត្រាំ ដែលចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅតែចាត់ទុកបញ្ហានុយក្លេអ៊ែកូរ៉េខាងជើង ជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ប៉ុន្តែលោកជឿថា បញ្ហានេះនឹងត្រូវដោះស្រាយនៅពេលខាងមុខ។
ឆ្លៀតពេលចូលរួមកិច្ចប្រជុំមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) នៅអ៊ីតាលី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានជួបពិភាក្សាទ្វេភាគីលើបញ្ហាមួយចំនួនរាប់ទាំងវិបត្តិនុយក្លេអ៊ែកូរ៉េខាងជើងផង។ នេះជាលើកទីពីរ ដែលមេដឹកនាំជប៉ុន និងអាមេរិក ជួបគ្នា បន្ទាប់ពីបានជួបគ្នាម្ដងហើយនៅអាមេរិកកាលពីដើមឆ្នាំនេះ។ ទាំងអាមេរិក ទាំងជប៉ុន ក៏ព្រមព្រៀងគ្នាពង្រីកទណ្ឌកម្មថែមទៀតលើកូរ៉េខាងជើង។
ចំពោះមុខអ្នកសារព័ត៌មាន លោក ត្រាំ ដែលអង្គុយអមដោយលោក អាបេ និយាយថា មានបញ្ហាជាច្រើនត្រូវបានពិភាក្សារួមទាំងវិបត្តិកូរ៉េខាងជើងផង ព្រោះគ្រប់គ្នាសុទ្ធតែផ្ដោតការយកចិត្តទុកលើបញ្ហានេះ។ បើតាមសារព័ត៌មាន Politico លោក ត្រាំ បានបញ្ជាក់ថា៖ «នុយក្លេអ៊ែរកូរ៉េខាងជើង ជាបញ្ហាធំ ហើយជាបញ្ហារបស់ពិភពលោក តែវានឹងត្រូវបានដោះស្រាយមិនខាន។ នៅត្រង់ចំណុចណាមួយ បញ្ហានេះនឹងត្រូវបានដោះស្រាយ។ អ្នកអាចភ្នាល់បាន»។
យ៉ាងណាក្ដី ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់ទេថាបញ្ហាសាំញាំនេះត្រូវដោះស្រាយតាមណាឡើយ។ កន្លងមក អាមេរិកបានបញ្ជូននាវាចម្បាំងទំនើបពីរគ្រឿងទៅក្បែរឧបទ្វីបកូរ៉េ ដើម្បីបន្លាចកូរ៉េខាងជើង តែកូរ៉េខាងជើងមិនញញើតបន្តិចសោះ។ បន្ទាប់មកទៀត រដ្ឋបាលលោក ត្រាំ ក៏បានបន្ទន់ជំហរវិញ និងបានស្នើឲ្យកូរ៉េខាងជើងងាកចូលតុចរចា ប៉ុន្តែមានលក្ខខណ្ឌ គឺត្រូវបញ្ឈប់កម្មវិធីអាវុធរបស់ខ្លួនសិន។ ក្រោយមក អាមេរិកក៏ស្នើឲ្យអន្តរជាតិជួយដាក់ទណ្ឌកម្មថែមទៀតលើកូរ៉េខាងជើង។
ដោយឡែកសម្រាប់ជប៉ុនវិញ លោក Norio Maruyama អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោក អាបេ បាននិយាយក្នុងកិច្ចប្រជុំ G7 ច្បាស់ហើយ គឺសហគមន៍អន្តរជាតិរួមទាំងចិនផង ត្រូវតែដាក់ដាក់សម្ពាធលើកូរ៉េខាងជើងឲ្យខ្លាំងថែមទៀត។ លោក អាបេ បញ្ជាក់ទៀតថា ការបន្តដាក់សម្ពាធលើរដ្ឋកុម្មុយនីស្តកូរ៉េខាងជើង ជារឿងចាំបាច់ ហើយចិនមានតួនាទីសំខាន់ណាស់ក្នុងបញ្ហានេះ។
ជាការពិត ចិនពិតជាត្រូវដើរតួសំខាន់ណាស់ក្នុងជួយរកច្រកចេញបញ្ហាកូរ៉េខាងជើងនេះ ខណៈអាមេរិក៏បានទទូចម្ដងហើយម្ដងទៀតឲ្យចិនកូកដៃឲ្យខ្លាំងថែមទៀត។ នេះមិនមែនមានន័យថា ចិនមិនជួយអ្វីទេ។ ក្រុងប៉េកាំង ក៏បានអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយកកូរ៉េខាងជើងតាមរយៈការឈប់នាំចូលធ្យូងថ្មជាដើម។ ជំហររបស់ចិនលើបញ្ហានេះ គឺភាគីទាំងសងខាងត្រូវឈប់រករឿងគ្នា ហើយចូលតុចរចាវិញម្ដង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
កូរ៉េខាងជើង
ជប៉ុន
ស៊ីនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com