ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប និង CPP អំពាវនាវ​កម្មករ​-​ការិនី​ទៅ​បោះឆ្នោត ហើយ CNRP ចង់​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​ឈប់​យ៉ាងតិច​៣​ថ្ងៃ​
28, May 2017 , 12:41 pm        
រូបភាព
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ទៅកាន់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​សុំ​ឲ្យ​ជួយ​ដល់ក​ម្មករ​-​កម្មការិនី និង​បុគ្គលិក​ទាំងអស់ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។​



យោងតាម​លិខិត​នោះ លោក យឹម សុវណ្ណ សុំ​ឲ្យ​លោក ស៊ិ​ក ប៊ុន​ហុក ក្នុងនាម​ជា​ប្រធាន​គ​.​ជ​.​ប ស្នើ​ទៅគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ​-​កម្មការិនី និង​បុគ្គលិក បាន​ទៅ​បោះឆ្នោត​។

​លោក យឹម សុវណ្ណ បញ្ជាក់​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូម​ជម្រាប​ឯកឧត្តម​ប្រធាន គ​.​ជ​.​ប ថា មាន​បងប្អូន កម្មករ​-​កម្មការិនី និ​យោ​ជិ​ក​មួយចំនួន បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ស្រុកកំណើត​របស់ខ្លួន ពេល​ពួកគាត់​បាន​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ទី​ឆ្ងាយ​។ ដើម្បី​មានលទ្ធភាព​ក្នុងការ​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត នាពេលខាងមុខ បងប្អូន កម្មករ​-​កម្មការិនី និង​និ​យោ​ជិ​ក​ទាំងនោះ ត្រូវ​ចំណាយពេល​យ៉ាងតិច​បី​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​ត្រឡប់មកវិញ​»​។

យ៉ាងណាក៏ដោយ គ​.​ជ​.​ប បាន​សេចក្តីអំពាវនាវ​ទៅដល់​ម្ចាស់​សហគ្រាស រោងចក្រ និង​ក្រុមហ៊ុន​នានា​រួចហើយ ដើម្បី​សុំ​ឲ្យ​ជួយ​សម្រួល​ដល់ក​ម្មករ​-​កម្មការិនី និង​បុគ្គលិក​របស់ខ្លួន បាន​ទៅ​បោះឆ្នោត​។

ចំណែកឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​សេចក្តីអំពាវនាវ​ផងដែរ ទាក់ទង​នឹង​បញ្ហា​ខាងលើ​។ ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខុសពី​សេចក្តីអំពាវនាវ​របស់​គ​.​ជ​.​ប នោះទេ​។

សូមបញ្ជាក់ ប្រជាពលរដ្ឋ​កម្ពុជា​ជិត​៨​លាន​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com