ជាតិ
ភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» បង្ហាញ​សមិទ្ធផល​៥​ឆ្នាំ​នៃ​អង្គរ​សង្ក្រាន្ត​
28, May 2017 , 3:11 pm        
រូបភាព
ភ្នំពេញ​៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានចាប់កំណើត​ឡើង​នៅ​ឆ្នាំ​២០១៣ ក្រោម​ការផ្តួចផ្តើម​រប​ស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ៥​ឆ្នាំ​កន្លងមកនេះ «​អង្គរ​សង្ក្រាន្ត​» បាន​ជោគជ័យ​យ៉ាង​ធំធេង និង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​។ សមិទ្ធផល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ត្រូវ​ចងក្រង​ជា​ភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​»​។​



​ភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» ត្រូវបាន​សម្ពោធ និង​ចាក់​បញ្ចាំង​លើកដំបូង​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​រោងភាពយន្ត Major Cineplex ក្នុង​ផ្សារ​ទំនើប Aeon​។ ភាពយន្ត​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​តាំងពី​ឆ្នាំ​២០១៣​មកនេះ មាន​រយៈពេល​១​ម៉ោង និង​៣៣​នាទី ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​វប្បធម៌ ជំនឿ សាសនា និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ ជាពិសេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។​



​ភាពយន្ត​ឯកសារ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​ពី​កត្តា​មួយចំនួន និង​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​នេះ​ទាំងមូល​។ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» បានបង្ហាញ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​កើតចេញពី​គំនិត​តូច​មួយ របស់​ក្រុមការងារ​មាន​ចំនួន ៥​នាក់​ប៉ុណ្ណោះ រហូត​កៀងគរ​យុវជន​ចូលរួម​រាប់ពាន់នាក់​។



​លោក ខាំ ភូ​រិ ផលិតករ​ភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​»  បាន​លើកឡើងថា​៖ «​នេះ​ជា​ស្នាដៃ​កូន​ខ្មែរ ដោយ​រំលេច​នូវ​អ្វី​នៅ​ពី​ក្រោយខ្នង​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ជាពិសេស គោលបំណង​ធំ គឺ​ចង់​រំលេច​នូវ​វប្បធម៌ ជំនឿ សាសនា និង​ប្រពៃណី​»​។ សម្រាប់ លោក ភូ​រិ ពិតណាស់ ខ្សែភាពយន្ត​នេះ មិនអាច​ទទួលបាន​ប្រជាប្រិយ​ដូច​ខ្សែភាពយន្ត​ដទៃ​ឡើយ ប៉ុន្តែ​ខ្សែភាពយន្ត​នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ឲ្យ​យុវជន​គ្រប់គ្នា​ចងចាំ​។



​លោក សុខ សប្បាយ​ណា ប្រធាន​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹងថា ខ្សែភាពយន្ត​នេះ បានបង្ហាញ​ពី​ការកើតឡើង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មុនដំបូង និង​ឈាន​មកដល់​ភាពជោគជ័យ​បែបនេះ​។ លោក បន្តថា ព្រឹត្តិការណ៍​នេះ  បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជាច្រើន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។



​ប្រធាន​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រូបនេះ ចង់​ឲ្យ​ប្រជាជន​ខ្មែរ ដែល​បាន​ស្គាល់ ព្រឹត្តិការណ៍​នេះ តាមរយៈ​ស្នាមញញឹម​របស់​យុវជន និង​សិល្បករ​នានា មក​ទស្សនា​ខ្សែភាពយន្ត​នេះ ឲ្យ​បាន​ច្រើន ដើម្បី​ដឹង​ពី​ភាពជោគជ័យ​នៅ​ពី​ក្រោយខ្នង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។​



​នា​ការសម្ពោធ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏មាន​វត្តមាន​នាឱកាស​នោះ​ផងដែរ​។​



​បន្ទាប់ពី​សម្ពោធ​ផ្លូវការ ភាពយន្ត​ឯកសារ​នេះ នឹង​ចាប់ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប Aeon ចាប់ពី​ថ្ងៃទី​១ មិថុនា​ខាងមុខនេះ​។ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» នឹង​កៀងគរ​យក​ថវិកា តាមរយៈ​ការលក់​សំបុត្រ ជួយ​ដល់​កុមារកំព្រា និង​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com