ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពេ​ជ្ជ ដេវីដ យុវជន​ខ្មែរ​ដែល​ស្រមៃ​ធ្វើការ​នៅ​ស្ថានីយ​អវកាស​
28, May 2017 , 7:39 pm        
រូបភាព
តូ​ក្យូ​៖ ពេ​ជ្ជ ដេវីដ គឺជា​យុវជន​ខ្មែរ​ម្នាក់​ដែល​ជក់​ចិត្តនឹង​បច្ចេកវិទ្យា​តាំងពី​កុមារភាព​។ ដេវីដ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជោគជ័យ​ក្នុង​ជីវិត​សិក្សា​របស់គេ ៦០​ភាគរយ បានមកពី​បច្ចេកវិទ្យា​នេះឯង ហើយ​យុវជន​វ័យ​២១​ឆ្នាំ​រូបនេះ ក៏​ជឿជាក់​ដែរ​ថា បច្ចេកវិទ្យា អាច​រុញច្រាន​កម្ពុជា​ឲ្យ​អភិវឌ្ឍន៍​បាន​លឿន​។ ដ្បិតតែ​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​ព័ត៌មានវិទ្យា​នៅ​ប្រទេស​ជប៉ុន​មែនពិត តែ​យុវជន​រូ ប​នេះ​បាន​ប្តេជ្ញាចិត្ត​ត្រឡប់​ទៅ​ជួយ​កម្ពុជា​វិញ ក្នុង​វិស័យ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ ក្រោយ​បញ្ចប់​ការសិក្សា​។  ទន្ទឹមនឹង​នោះដែរ គោលដៅ​ធំ​ចុងក្រោយ គឺ​ចង់​ធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ស្ថានីយ​អវកាស ដែលជា​ក្តី​ស្រមៃ​តាំងពី​កុមារភាព​នោះ​។​


 
​នៅ​អាយុ​ប្រហែល​១០​ឆ្នាំ កុមារា ពេ​ជ្ជ ដេវីដ បានឮ​គេ​និយាយ​គ្នា​ពី​«​អ៊ីនធឺណិត​»​។ ពាក្យ​នេះ បាន​ក្លាយជា ចម្ងល់​មួយ ដែល​តម្រូវ​ឲ្យ​កុមារា ដេវីដ ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​។ ពេ​ជ្ជ ដេវីដ មានឱកាស​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​លើកដំបូង​បំផុត ក៏នៅ​អាយុ​ប្រហែល​១០​ឆ្នាំនោះដែរ  គឺនៅក្នុង​វិហារ​គ្រឹ​ស្ត​មួយ ក្បែរ​សាលារៀន​នៅ​ស្រុកកំណើត ​ក្នុង​ខេត្តកំពង់ឆ្នាំង​។ តែ​នៅពេលនោះ កុមារា ពេ​ជ្ជ ដេវីដ មិនទាន់​យល់​ពី​អត្ថន័យ និង​របៀប​ប្រើប្រាស់ «​អ៊ីនធឺណិត​»​នៅឡើយ រូបគេ​គ្រាន់តែ​យល់ថា មាន​អ្វី​ចម្លែក​នៅក្នុង​អ៊ីនធឺណិត​នេះ​។

​ពេ​ជ្ជ ដេវីដ ដែល​បច្ចុប្បន្ន​មាន​អាយុ​២១​ឆ្នាំ បាន​រៀបរាប់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​អត់​ដឹងថា​ខ្ញុំ​ទៅធ្វើ​អ្វី​ដែរ ខ្ញុំ​គ្រាន់តែ​ដឹងថា អ៊ីនធឺណិត​ហ្នឹង ប្រហែល​ជាមាន​អ្វី​ប្លែក​។ ពេល​ខ្ញុំ​ទៅ​ក៏​ខ្ញុំ​អត់​ចេះ​ប្រើ​ដែរ ខ្ញុំ​សួរ​បុគ្គលិក​នៅ​ទីនោះ គេ​ប្រាប់​មក ខ្ញុំ​ក៏​ចេះ​ស្រាវជ្រាវ​មើល​រូបភាព​នេះនោះ​។ តែ​ពេល​ខ្ញុំ​ប្រើ​យូរ​ទៅៗ ខ្ញុំ​មាន​អារម្មណ៍​ថាបើ​ខ្ញុំ​ចេះ​ពី​វា អនាគត​នឹង​ល្អ​មែនទែន​»​។​



ចម្ងល់​ដែល​មិនទាន់មាន​ចម្លើយ​នេះ រឹងរឹតតែ​ធ្វើ​ឲ្យ​យុវជន​ដែល​កើត​ក្នុង​ត្រកូល​អ្នកធូរធារ មាន​ឪពុក​ជា​វេជ្ជបណ្ឌិត និង​ម្តាយ​ជា​មន្ត្រីរាជការ​រូបនេះ កាន់តែ​ចង់​ស្វែងយល់​បន្ថែមទៀត ពី​អ៊ីនធឺណិត​នេះ​។ មាន​រូបរាង​ខ្ពស់ ស្តើង យុវជន ពេ​ជ្ជ ដេវីដ ដែល​ពាក់​វ៉ែនតា​ម្ញ៉ូ​ប​ផង រៀបរាប់​ទៀតថា ដើម្បី​បាន​ប្រើអ៊ីនធឺណិត​១០​នាទី គេ​ត្រូវ​សន្សំ​ប្រាក់​ចំណាយ​ប្រចាំថ្ងៃ ​រយៈ​ពេល​១​សប្តាហ៍​។ កាលណោះ ​ការប្រើ​អ៊ីនធឺណិត​មួយ​ម៉ោង មានតម្លៃ​ប្រមាណ​៥​ពាន់​រៀល​។

យុវជន​រូបនេះ បាន​បន្តធ្វើ​ដូច្នេះ ជា​ដរាប​មកដល់​បច្ចុប្បន្ន​។ ពេលនេះ ​​រូបគេ​ហ៊ាន​និយាយថា ជីវិត​គេ និង​អ៊ីនធឺណិត មិនអាច​នៅ​ដាច់ពីគ្នា​បាន​។ ដេវីដ ថ្លែង​ពីចំណង​មនោសញ្ចេតនា​របស់ខ្លួន និង​អ៊ីនធឺណិត​ដូច្នេះ​៖«​ជីវិត​ខ្ញុំ និង​អ៊ីនធឺណិត អត់​អាច​នៅ​ដាច់ពីគ្នា​បានទេ​។ តាំងពី​មាន​អ៊ីនធឺណិត​មក ខ្ញុំ​គិតថា​ខ្ញុំ​អាច​រៀន​អ្វី​ក៏បាន​»​។

«​អ៊ីនធឺណិត​»​ធ្វើ​ឲ្យ​ការសិក្សា​ជោគជ័យ និង​សម្រេច​ក្តី​ស្រមៃ​បន្ត​ការសិក្សា​នៅ​ជប៉ុន​

ដេវីដ ចាត់ទុកថា​ជោគជ័យ​៦០​ភាគរយ​ នៃ​ការសិក្សា​របស់គេ គឹបានមកពី​អ៊ីនធឺណិត​នេះឯង​។ បើតាមយុវជនសម្បុរស្រអែមរូបនេះ គេ​រៀន​ភាសា​អង់គ្លេស  រៀន​ត្រៀម​សិស្ស​ពូកែ និង​ជំនាញ​ផ្សេងៗ​ទៀត​តាម​អ៊ីនធឺណិត រួមទាំង​អាហារូបករណ៍មក​សិក្សា​នៅ​ប្រទេស​ជប៉ុន ថ្នាក់​ធ​ម្យ​ម​សិក្សា​បច្ចេកទេស​ ​ជំនាញ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ផង​។ យុវជនខ្មែររូបនេះ ទើបតែ​មកដល់​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​​ជាង​១​ខែ​ប៉ុណ្ណោះ និង​កំពុង​រៀន​ភាសា​ជប៉ុន ​មុន​ចាប់ផ្តើម​រៀន​ជំនាញ​បច្ចេកទេស​។

​ទោះ​យ៉ាងនេះ​ក្តី យុវជន ដេវីដ ក៏​ឆ្លៀត​រំលឹក​ពី​ការខំប្រឹងប្រែង មុនទទួលបានអាហារូបករណ៍​​នេះដែរ​។ ព្រោះតែ​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ជា​ក្តី​ស្រមៃ​របស់គេ​តាំងពី​តូច ដេវីដ បានដាក់​ស្នើសុំ​អាហារូបករណ៍​មក​​ជប៉ុន តាំងតែ​ពី​គេ​រៀន​ថ្នាក់​ទី​១២ បន្ត​រហូតដល់​ឆ្នាំ​ទី​១ ។ ប៉ុន្តែ​ពេលនោះ​ គេ​មិនបាន​ជោគជ័យ​។ បរាជ័យ​២​លើក​នេះ ដ្បិតតែ​ធ្វើ​ឲ្យ​ដេវីដ រអា ប៉ុន្តែ​គេ​មិនបាន​បោះបង់​ចោល​ឡើយ​។ ដេវីដ បញ្ជាក់​ក្នុង​សម្តី​ច្បាស់ៗ អមដោយ​ទំនុកចិត្ត​​ថា​៖« ខ្ញុំ​គិតថា បើ​ខ្ញុំ​នៅតែ​ដាក់ពាក្យ​ប្រឡង ឱកាស​ខ្ញុំ​នៅតែ​មានមក​ជប៉ុន​។ តែបើ​សិន​អត់​ដាក់ ១០០​ភាគរយ ដែល​ខ្ញុំ​អត់​បានមក​។ តែបើ​ខ្ញុំ​ដាក់ យ៉ាងហោចណាស់​ឱកាស​មាន​១​ភាគរយ​។ ខ្ញុំ​នៅតែ​គិត​អ៊ីចឹង​»​។  



ក្រោយ​ទទួលដំណឹង​ល្អ​ពី​អាហារូបករណ៍​នៅ​ប្រទេស​ជប៉ុន​នេះ ដេវីដ បាន​បោះចោល​ជំនាញ​វិស្វកម្ម​ទូរគមនាគមន៍ ដែល​រៀន​នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​ជិត​៣​ឆ្នាំ​ទៅហើយ រួម​នឹង​ការសិក្សា​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​រយៈពេល​ខ្លី នៅ​ប្រទេស​ស៊ុយ​អ៊ែត ដែល​កាលណោះ គឺគេបានត្រៀមឯកសាររួចរាល់អស់ហើយ រង់ចាំតែថ្ងៃចេញដំណើរប៉ុណ្ណោះ។

នៅ​ប្រទេស​ជប៉ុន​ ដេវីដ ត្រូវ​ចំណាយ​សិក្សា​​រយៈពេល​៤​ឆ្នាំ​។ ប៉ុន្តែ​គេ​ត្រូវ​ចំណាយ​មួយឆ្នាំ​សិន ​រៀន​ភាសា​ជប៉ុន នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​ជប៉ុន​-​តូ​ក្យូ មុននឹង​ត្រូវ​ជ្រើសរើស​ឲ្យ​រៀន​នៅតាម​សាលា​បច្ចេក​ណាមួយ ក្នុងចំណោម​សាលា​បច្ចេកទេសផ្នែក​បច្ចេក​វិទ្យា​​ជាង​៦០​នៅ​ប្រទេស​ជប៉ុន​នេះ​។ សាលា ​នឹង​ជ្រើសរើសដេវីដ ដោយយោង​លើ​ពិន្ទុ​ដែល​ទទួលបាន​ពី​ថ្នាក់​ភាសា​ជប៉ុន បូក​នឹង​ពិន្ទុ​ ដែល​បានទទួល​ ពេល​ស្នើ​អាហារូបករណ៍​នៅ​កម្ពុជា​។

​ក្រោយ​បញ្ចប់​ការសិក្សា យុវជន​រូបនេះ បាន​តាំងចិត្ត​ត្រឡប់​ទៅ​ជួយ​ប្រទេស​កម្ពុជា លើ​ផ្នែក​បច្ចេកវិទ្យា​។ ដេវីដ ​មើលឃើញ​ពីគម្លាត​គ្នា​ឆ្ងាយ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា រ​វាងអ្នករស់នៅ​ទីក្រុង និង​ជនបទ​។ គោលដៅ​ដែល​គេ​បានកំណត់​នោះ គឺ​នាំយក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​នេះ មក​អភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ​អប់រំ​នៅ​កម្ពុជា ដែល​គេ​មើលឃើញថា នៅ​ខ្វះចន្លោះ​ទាំង​ផ្នែក​បច្ចេកវិទ្យា និង​ឯកសារ​​​ជា​ខេ​មរ​ភាសា​។ យុវជន ពេ​ជ្ជ ដេវីដ បញ្ជាក់ថា ដើម្បី​កិច្ចការ​នេះ​ជោគជ័យ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​យ៉ាង​ស្អិត​ល្មូ​ត ពី​អ្នកជំនាញ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​នេះ​។ ដេវីដ បញ្ជាក់បន្ថែម​ដូច្នេះ​៖«​នៅ​ស្រុក​ខ្មែរ​យើង អ្នក​បច្ចេកវិទ្យា​នៅ​ដោយឡែក​ទៅ អ្នក​អប់រំ​នៅ​ខាង​អប់រំ​ទៅ គាត់​អត់​បានធ្វើការ​ជាមួយគ្នា​។ អ្វីដែល​ខ្ញុំ​ចង់ឃើញ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នកជំនាញ​ទាំង​២​ហ្នឹង ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​សមិទ្ធផល​មួយ​ថ្មី​»​។

យ៉ាងណាក៏ដោយ នេះ​មិនមែនជា​គោលដៅ​ចុងក្រោយ​របស់​យុវជន​អ្នក​ខេត្តកំពង់ឆ្នាំង​រូបនេះ​ឡើយ​។ មហិច្ឆតា ធំ​បង្អស់​របស់គេ គឺ​ចង់​ធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ស្ថានីយអាវ​កាស​។ ពេ​ជ្ជ ដេវីដ និយាយថា​៖«​ពី​ក្មេង​តែម្តង ខ្ញុំ​ចង់​ធ្វើការ​នៅ​ស្ថានីយ​អាវ​កាស ដូច​ណា​សា ឬ​ចា​សា នៅ​ជប៉ុន​គេ​មាន​ឬ​ចា​សា​។ ខ្ញុំ​មិនដឹង​ជា​ធ្វើ​ផ្នែក​អ្វី ខ្ញុំ​គិតថា​ឲ្យ​តែ​បានធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ ទោះបីជា​យើង​មិនមែនជា​អ្នកវិទ្យាសាស្ត្រ ទៅធ្វើ​ការ​ជាមួយ​គេ ក៏​សប្បាយចិត្ត​ដែរ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com