អន្តរជាតិ
ត្រាំ ថា​សមាជិក​ណា​តូ​ព្រម​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា តាម​ការចង់បាន​រប​ស់លោក​
28, May 2017 , 8:19 pm        
រូបភាព
ក្រោយ​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ណា​តូ​នៅ​ព្រុ​ច​សែ​ល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសថា សមាជិក​ណា​តូ​សម្រេចចិត្ត​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ផ្ទាល់ខ្លួន​តាម​ការចង់បាន​របស់​អាមេរិក​ហើយ​។ តាំងពី​យូរ​មកហើយ ដូ​ណា​ល់ ត្រាំ តែងតែ​ត្អូញត្អែរ​ជុំវិញ​ការចំណាយ​មិន​គ្រប់​ចំនួន​កំណត់​របស់​សមាជិក​ណា​តូ ព្រោះ​បន្ទុក​ធ្ងន់​វា​ស្ថិតនៅលើ​អាមេរិក​។



«​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​ជាច្រើន​បាន​យល់​ពេល​បង្កើន​ការចំណាយ​របស់ខ្លួន តាម​ដែល​ពួកគេ​គួរ​ធ្វើ​។ លុយ​ចាប់ផ្តើម​ហូរ​ចេញ​មកហើយ​។ ណា​តូ​ណា​នឹង​កាន់តែខ្លាំង​ជាង​មុន​នៅពេល​ខាងមុខ​»​។ នេះ​ជា​សារ​របស់លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ក្រោយ​មាន​ជំនួប​ដ៏​តានតឹង​មួយ​ជាមួយ​មេដឹកនាំ​ណា​តូ​នៅ​ព្រុ​ច​សែ​ល​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី ត្រាំ ព្យាយាម​ត្អូញត្អែរ​ជាថ្មី​ពាក់ព័ន្ធ​ការចំណាយ​លុយ​លើ​វិស័យ​ការពារ​របស់​សមាជិក​ណា​តូ ហើយ​លោក​ថែមទៀត​និយាយថា សមាជិក​ណា​តូ​នេះ​ជំពាក់​លុយ​អាមេរិក​ច្រើន​ដោយ​បន្ត​ជ្រក​ក្រោម​ការពារ​សន្តិសុខ​រប​ស់​សហរដ្ឋអាមេរិក​ក្រោម​ក្របខណ្ឌ​ណា​តូ​។​

«​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំនេះ​សហរដ្ឋអាមេរិក​ចំណាយលុយ​ច្រើនជាងគេ​សម្រាប់​វិស័យ​ការពារជាតិ ពោលគឺ​ច្រើនជាង​ការចំណាយ​របស់​សមាជិក​ណា​តូ​ទាំងអស់​រួមបញ្ចូល​គ្នា​»​។ លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដូច្នេះ​នៅ​ចំពោះមុខ​មេដឹកនាំ​ណា​តូ​។​

​គេ​ដឹង​ច្បាស់​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ណា​តូ​លើកដំបូង​នេះ លោក ដូ​ណា​ល់ ត្រាំ គិត​ឃើញតែ​រឿង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​ណា​តូ​បង្កើន​ការចំណាយ​របស់ខ្លួន​លើ​វិស័យ​ការពារជាតិ​ឲ្យ​គ្រប់​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​តាមពិតទៅ ការប្តេជ្ញា​បង្កើន​ការចំណាយ​នេះ​ជា​រឿង​ផ្ទាល់ខ្លួន​របស់​ប្រទេស​សមាជិក​នីមួយៗ​ប៉ុណ្ណោះ​។ វា​ជាការ​ចំណាយ​លើ​ការបង្កើន​សមត្ថភាព​យោធា​រៀងៗ​ខ្លួន ហើយ​គេ​អាច​នឹង​ឃើញ​ថវិកា​យោធា​ប្រចាំឆ្នាំ​របស់​ប្រទេស​សមាជិក​ណា​តូ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅពេល​ខាងមុខ​។ 

​ដោយឡែក ក្នុងពេល​ផ្តល់​សុន្ទរកថា​នៅ​ព្រុ​ច​សែ​ល​សប្តាហ៍​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បដិសេធ​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការគោរព​មាត្រា ៥ នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ដែល​ចែង​ពី​ការការពារ​ជា​សមូហភាព​ចំពោះ​សម្ព័ន្ធមិត្ត​ក្នុងពេល​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​នោះ​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ណា​តូ​នៅ​ព្រុ​ច​សែ​ល ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ប្រាំពីរ​នៅ​អ៊ីតាលី​ដែរ​។ ក្នុង​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ ដូ​ណា​ល់ ត្រាំ នៅតែ​រក្សា​ជំហរ​ខុសគេ​ពេលដែល​និយាយ​ដល់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​មិនបាន​ប្រកាស​គាំទ្រ​សន្ធិសញ្ញា​ក្រុងប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ ២០១៥​ទេ​។​ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​នឹង​សម្រេចចិត្ត​ចុងក្រោយ​ថា គួរ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ឬ​អត់ ពេលដែល​លោក​ត្រឡប់​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com