ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង និង​លោក ស៊ិ​ក ប៊ុន​ហុក ហាម​កម្លាំងប្រដាប់អាវុធ​យក​តួនាទី​ដើរ​បំភ័យ​ពេល​ដំណើរការ​បោះឆ្នោត​
28, May 2017 , 8:39 pm        
រូបភាព
ដោយ:
​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្ដីណែនាំ​រួមមួយ​ស្តីពី​ការពង្រឹង​វិន័យ តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់ នាពេលខាងមុខ​។​



​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា​។ ដើម្បី​ឲ្យ​ការបោះឆ្នោត​មាន​ភាពរលូន និង​ភាពត្រឹមត្រូវ​យុត្តិធម៌ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ បាន​ចុះហត្ថលេខា​លើ​សេចក្តីណែនាំ​រួមមួយ​ជាមួយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំពោះ​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​ទាក់ទង​នឹង​ភារកិច្ច​ដែល​ត្រូវបំពេញ​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​។​

​តាមរយៈ​សេចក្តីណែនាំ​រួម​ចុះ​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១៧ សម្តេច ស ខេង និង​លោក ស៊ិ​ក ប៊ុន​ហុក បាន​ហាម​ដាច់ខាត​ការយក​តួនាទី និង​សិទ្ធិអំណាច ក្នុងនាម​ជា​កងកម្លាំង​ប្រ​អាវុធ​របស់​ជាតិ ដើរ​បំផុសបំផុល បំ​ផិត​បំភ័យ និង​គំរាមកំហែង​គ្រប់​រូបភាព បង្ក​ឲ្យ​មាន​ភាព​រំជើបរំជួល​បាត់​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ជាពិសេស​មិនត្រូវ​ប្រើ​អំណាច ឬ​ឥទ្ធិពល​ទៅ​ប្រព្រឹត្ត​សកម្មភាព​ណាមួយ ដើម្បី​គាំទ្រ ឬ​ប្រឆាំងនឹង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តំណាង ឬ​ភ្នាក់ងារ សកម្មជន និង​អ្នកគាំទ្រ​គណបក្សនយោបាយ​ណាមួយ​។ គ្រប់​សកម្មភាព​ប្រតិបត្តិការ​របស់ខ្លួន គឺ​មិនត្រូវ​ប្រើប្រាស់​គ្រប់​រូបភាព​ប្រដាប់អាវុធ​គគ្រឹគ​គ្រេង​ដែល​នាំ​ឲ្យ មានការ​ភាន់ច្រឡំ​បង្ក​ការភ្ញាក់ផ្អើល​ជ្រួលច្របល់ និង​ការភ័យខ្លាច​ដល់​មហាជន​។​

​ចំពោះ​សមាជិក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​គ្រប់​ជាន់ថ្នាក់ ដែល​ត្រូវបាន​ចាត់​ឲ្យ​បំពេញ ភារកិច្ច​ជា​ភ្នាក់ងារ​សន្ដិសុខ​បោះឆ្នោត ត្រូវ​យកចិត្តទុកដាក់ ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​គោលការណ៍​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​និតិ​វិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុ​ប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ សេចក្ដីណែនាំ ក្រមសីលធម៌​សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ និង​ភ្នាក់ងារ​សន្ដិសុខ​បោះឆ្នោត និង​បទបញ្ជា​នានា រួមទាំង​ពង្រឹង​វិស័យ​ផ្ទៃក្នុង​របស់ខ្លួន​។​

​ប្រធាន​គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍ និង​ប្រធាន គ​.​ជ​.​ប បានបញ្ជាក់​បន្ថែមថា កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ គ្រប់រូប​ត្រូវមាន​ករណី​ចាំបាច់​ក្នុង​ការបង្ក​នូវ​បរិយាកាស នយោបាយ​ល្អ ស្ងប់ស្ងាត់ និង​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ផ្ដល់​សន្តិសុខ សុវត្ថិភាព ការរក្សា​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ ដើម្បី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មានដំណើរ​ទៅ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​ការ​បំ​ផិត​បំភ័យ ការ​កំរាម​កំហែង និង​ហិង្សា​៕


© រក្សាសិទ្ធិដោយ thmeythmey.com