អន្តរជាតិ
Macron-Trudeau ជា​ជំនួប​ដ៏​ទាក់ទាញ​បំផុត​នៅ G7
28, May 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
ប្រធានាធិបតី​ថ្មី​របស់​បារាំង​លោក Emmanuel Macron និង​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​ជួបគ្នា​ជា​លើកដំបូង​បំផុត​នា​អំឡុង​កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​៧ (G7) នៅ​កោះ Sicily ប្រទេស​អ៊ីតាលី​។ ភាពស្រស់​សង្ហារ និង​ការជ្រើសរើស​ទីតាំង​នៃ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ បាន​ទាក់ទាញ​អ្នកលេង​អ៊ិន​ធ័​រ​ណិ​ត​យ៉ាងច្រើន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter នៅ​កា​ដា​ណា និង​បារាំង​។​



​ក្នុងជំនួប​ទ្វេភាគី លោក Emmanuel Macron និង​លោក Justin Trudeau បាន​ពិភាក្សាគ្នា​លើ​បញ្ហា​ភេរវកម្ម អាកាសធាតុ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កាណាដា​។ លោក Macron បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​ថា​៖ «​មិត្តភាព​បារាំង​-​កាណាដា មានមុខមាត់​ថ្មី​មួយ​។ Justin Trudeau នេះ​ជា​ពេលដែល​យើង​ដោះស្រាយ​ការ​ប្រឈម​នានា​នៅក្នុង​ជំនាន់​របស់​យើង​»​។​



​លោក Trudeau ក៏​ថ្លែង​យ៉ាង​ជិតស្និទ្ធ​ទៅកាន់​លោក Macron វិញ​ថា​៖ «​ជំនួប​លើកដំបូង​ជាមួយ Emmanuel Macron ដើម្បី​និយាយ​ពី​ការងារ សន្តិសុខ និង​អាកាសធាតុ​។ ពិតជា​រីករាយ​ណាស់​ចំពោះ​ការពិភាក្សា​បែបនេះ មិត្ត​របស់ខ្ញុំ​»​។​



​សារ​ក្នុងន័យ​មិត្តភាព និង​រូបថត​ច្រើន​សន្លឹក ដែល​បង្ហាញ​នូវ​ស្នាមញញឹម​រាក់ទាក់​រប​ស់មេ​ដឹកនាំ​ដ៏​ស្រស់​សង្ហារ​ទាំងពីរ បាន​អង្រួន​អារម្មណ៍​អ្នកលេង Twitter ជាច្រើន​។ អ្នកខ្លះ បាន​ចាប់អារម្មណ៍​លើ​ផ្ទៃមុខ​របស់​ពួកគាត់​នៅពេល​និយាយ​រកគ្នា ហើយ​អ្នកខ្លះ​ចាប់អារម្មណ៍​លើ​ស្រោមជើង​ពណ៌​ឥ​ន្ធ​នូ​របស់លោក Trudeau ដោយ​ចង់​ឲ្យ​លោក Macron ពាក់​បែប​នោះដែរ​។​



​បន្ថែម​ពីលើ​នេះ មេដឹកនាំ​វ័យក្មេង​ទាំងពីរ បាន​បន្ត​ពិភាក្សាគ្នា​នៅ​បរិវេណ​សួនច្បារ​ដ៏​ស្រស់ស្អាត​នៅ Saint-Tropez នៃ​កោះ Sicily របស់​អ៊ីតាលី ក្បែរ​សមុទ្រ និង​ក្រោម​ផ្ទៃមេឃ​ដ៏​ខៀវស្រងាត់​។ វា​ជំនួប​ដែល​ត្រូវបាន​ចាត់ទុកថា មាន​ភាព​រ៉ូ​ម៉េ​ន​ទិច​បំផុត​មួយ​ក្នុងចំណោម​ជំនួប​រវាង​មេដឹកនាំ G7 ៕


© រក្សាសិទ្ធិដោយ thmeythmey.com