ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពី​ក្នុង​ពន្ធនាគារ លោក គឹម សុខ ថា ឃ្លាន​បោះឆ្នោត​ជាង​ឃ្លានបាយ
28, May 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គឹម សុខ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ដែល​កំពុងតែ​ជាប់ពន្ធនាគារ ក្រោម​បណ្តឹង​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា លោក​នឹង​បង្អត់អាហារ​ខ្លួនឯង​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ នេះ​បើតាម​លិខិត​របស់លោក គឹម សុខ ដែល​សរសេរ​ឲ្យ​លោក​មេធាវី ជូ​ង ជូ​ងី ហើយ​ត្រូវបាន​លោក​មេធាវី ជូ​ង ជូ​ងី យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២0១៧​។



នៅក្នុង​លិខិត​នោះ លោក គឹម សុខ បញ្ជាក់ថា ការដែល​លោក​ដាក់ទណ្ឌកម្ម​ខ្លួនឯង ដោយ​អត់​បរិភោគ​អាហារ​រយៈពេល​៧​ថ្ងៃ គឺ​ដើម្បី​អង្វរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ លោក គឹម សុខ បាន​សរសេរ​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​៖«​ការបោះឆ្នោត គឺជា​ដំណោះស្រាយ​សន្តិវិធី​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ ទាំង​នៅ​មូលដ្ឋាន និង​ថ្នាក់ជាតិ​។ គ្មានទេ​សង្គ្រាម ដោយសារ​ការផ្លាស់ប្តូរ ដែល​កើតឡើង​ពី​ការបោះឆ្នោត​»​។

លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​របស់លោក គឹម សុខ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ពិតជា​បង្ហោះ​លិខិត​របស់លោក គឹម សុខ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មែន​។ លោក​និយាយ​បែបនេះ​ថា​៖«​គាត់​ពិតជា​បាន​សរសេរ​លិខិត​នោះ​មែន​។ គាត់​សរសេរ​នៅ​ចំពោះមុខ​ខ្ញុំ នៅពេល​ខ្ញុំ​ទៅ​ជួប​គាត់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ហើយ​ខ្ញុំ​ក៏​យកទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​»​។ លោក គឹម សុខ ថា លោក​ឃ្លាន​បោះឆ្នោត ជាង​ឃ្លាន​បាត​ចំអែត​ក្រពះ​ទៅទៀត​។​

ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៧ លោក គឹម សុខ ដែលជា​អ្នកតាមដាន​បញ្ហា​សង្គម​និង​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យកទៅ​ឃុំ​ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» តាម​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ នៅក្នុង​ពាក្យបណ្តឹង​នេះ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​លោក គឹម សុខ​។

លោក គឹម សុខ នៅ​រង​ពាក្យបណ្តឹង​មួយ​ផ្សេងទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ គឺពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់ គឹម សុខ ដែល​ចោទថា ប្រព័ន្ធ​មួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ សម្រាប់​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២៥០០​ដុល្លារ​អាមេរិក ពី​លោក គឹម សុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com