បទយកការណ៍ / បទសម្ភាសន៍
​លោកគ្រូ ឃីម សុខ​ហេង​៖ ប្រាប់​គន្លឹះ​សម្រេចចិត្ត​ធ្វើ​ការងារ​រដ្ឋ ឬ​ឯកជន
25, Jun 2017 , 9:39 am        
រូបភាព
ដោយ:
​និស្សិត​មួយចំនួន​ដែល​កំពុង​រៀន​នៅ​មហាវិទ្យាល័យ កំពុង​ប្រឈម​នឹង​ការសម្រេចចិត្ត​ជ្រើសរើស​ការងារ​។ ពួកគេ មិនដឹងថា តើ​គួរ​ធ្វើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ឬក៏​ត្រូវធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន​? បញ្ហា​នេះ ត្រូវបាន ​លោកគ្រូ ឃីម សុខ​ហេង អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​មនុស្ស​មើលឃើញថា មកពី​និស្សិត​មិនបាន​ធ្វើការ​កំណត់​គោលដៅ​ខ្លួនឯង​ច្បាស់ និង​ខ្សោយ​ចំណេះដឹង​ទូទៅ​។ ដើម្បី​សម្រេចចិត្ត​ឲ្យ​ត្រឹមត្រូវ និស្សិត​ត្រូវ​បង្កើន​ចំណេះដឹង​ទូទៅ អំពី​ការងារ​រដ្ឋ និង​ឯកជន​ជាមុនសិន បន្ទាប់មក​ត្រូវ​ស្វែងយល់​ពី​ការងារ​ទាំងពីរ​នេះ រួច​ជ្រើសរើស​តែម្តង​។ ចុងក្រោយ​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ ដែល​បានជ្រើសរើស​នោះ​។​



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​​លោកគ្រូ  ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ដូចតទៅ​៖

​លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ការងារ​រដ្ឋ និង​ការងារ​ឯកជន​?

​លោកគ្រូ ឃីម សុខ​ហេង​៖ បើ​យើង​និយាយ​អំពី​ការងារ​វា​មិនមាន​អ្វី​ខុសគ្នា​ទេ មុខតំណែង​នីមួយៗ​វា​សុទ្ធ​តែមាន​តួនាទី និង​ភារកិច្ច​ត្រូវធ្វើ បច្ចេកទេស បុគ្គលិកលក្ខណៈ ដែល​ត្រូវ​សមស្រប ទៅនឹង​មុខតំណែង       នីមួយៗ​។ ទោះបីជា​ការងារ​រដ្ឋ ឬ​ការងារ​ឯកជន បុគ្គល​ដែល​ត្រូវ​ទៅ​បំពេញការងារ​នោះ ត្រូវមាន​លក្ខណៈសម្បត្តិ​នេះ​ដូចគ្នា​។ ខុសគ្នា​ត្រង់​រចនាសម្ព័ន្ធ​។ បើ​យើង​មើល​អំពី បែបបទ រចនាសម្ព័ន្ធ របៀប​គ្រប់គ្រង​បែប​រដ្ឋ ខុសពី​ឯកជន​។ ឧទាហរណ៍ ការផ្លាស់ប្តូរ​មុខតំណែង​នីមួយៗ វា​ទៅតាម​គោលនយោបាយ ឋានានុក្រម និង​ខ្សែបណ្តោយ ប៉ុន្តែ​រចនាសម្ព័ន្ធ​វិស័យ​ឯកជន មាន​ក្រុមប្រឹក្សាភិបាល អគ្គនាយក នាយក​ប្រតិបត្តិ ហើយ​មាន​គោលនយោបាយ​អភិបាលកិច្ច​ផ្សេងគ្នា​។

​លោក ទីន សុខ​លីម​៖ តើ​និស្សិត​រៀន​ចប់​គួរ​ធ្វើ​ការងារ​រដ្ឋ ឬ​វិស័យ​ឯកជន​?    
                            
​លោកគ្រូ ឃីម សុខ​ហេង​៖ ជា​ចំណាប់​អារ​ម្មរណ៍​របស់ខ្ញុំ​និស្សិត​រៀន​ចប់​គួរ​ទៅធ្វើ​ការងារ​រដ្ឋ ឬ​ឯកជន​ប្រៀបដូចជា​សំណួរ​ដែល​សួរថា​និស្សិត​រៀន​ចប់​គួរតែ​ទៅ​បួស ឬ​ទៅយក​ប្រពន្ធ​។ បើ​ទៅ​បួស​ក៏​ល្អ ទៅយក​ប្រពន្ធ​ក៏​ល្អ​។ បើ​យើង​ទៅ​សួរ​ព្រះសង្ឃ​ថា តើ​ប្រយោជន៍​នៃ​ការ​បួស​មាន​ប្រយោជន៍​អ្វីខ្លះ​? គឺ​ចម្លើយ យើង​សរសេរ​១០០ ទំព័រ​មិនទាន់​ចប់​ផង អំពី​សារសំខាន់​នៃ​ការ​បួស​។ ប្រសិនបើ​យើង​ទៅ​សួរ​គ្រួសារ​រីករាយ ដែលមាន​សុភមង្គល​ជីវិត​ប្តី​ប្រពន្ធ យើង​សរសេរ​១០០​ទំព័រ ក៏​មិនទាន់​អស់ពី​សារប្រយោជន៍​នៃ​ការ​មាន​ប្តី​ប្រពន្ធ​ដែរ​។ អ្វីដែល​ខ្ញុំ​ចង់​ពញ្ញាក់​ទៅវិញ តើ​អ្វី​ទៅជា​គោលដៅ​របស់​យើង​បុគ្គល​នោះ​? តើ​គាត់​បានកំណត់​គោលដៅ និង​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​ជា​អ្វី​? ខ្ញុំ​យល់ឃើញ​បែបនេះ ព្រោះថា​ការងារ​រដ្ឋ​ក៏​ល្អ ការងារ​ឯក​ក៏​ល្អ ប៉ុន្តែ​សំខាន់​បុគ្គល​នោះ​គោលដៅ​សំខាន់​ចង់​ធ្វើ​អ្វី​?



​លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​មូលដ្ឋាន​មុននឹង​ស​ម្រ​ច​ចិត្ត​ធ្វើ​ការងារ​រដ្ឋ ឬ​ឯកជន​ឲ្យ​បាន​ត្រឹមត្រូវ​?

​លោកគ្រូ ឃីម សុខ​ហេង​៖ មុននឹង​បង្ហាញ​ពី​គន្លឹះ ខ្ញុំ​ចង់​ឲ្យ​យល់​ពី​សភាពការណ៍​ជាមុនសិន​។  មនុស្ស​យើង​កាលណា​មិន​យល់ ទៅ​វិនិច្ឆ័យ​ម្តេច​នឹង​កើត​។ ។ អីចឹង និស្សិត​របស់​យើង​រារែក មិនដឹង​ឯកជន មិនដឹង​រដ្ឋ​ហ្នឹង ដោយសារ​គាត់​មិនទាន់​យល់ច្បាស់​ថា ការងារ​រដ្ឋ​យ៉ាងម៉េច​? ការងារ​ឯកជន យ៉ាងម៉េច​? គន្លឹះ​ត្រូវបង្កើត​ចំណេះដឹង​អំពី​ការងារ​រដ្ឋ និង​ការងារ​ឯកជន​នេះ​ជា​គន្លឹះ​ទី​១​។ ពាក្យ​បច្ចេកទេស​នៅក្នុង​ភាពជា​អ្នកដឹកនាំ គន្លឹះ​ទី​១​ត្រូវ​បំផុសគំនិត ស្វែងយល់​ឲ្យ​ច្រើន​សិន តើ​ការងារ​ដ្ឋ​យ៉ាងម៉េច​? ការងារ​ឯកជន យ៉ាងម៉េច​? ខ្ញុំ​មើលឃើញថា​និស្សិត​យើង មានរឿង​ពូកែ​ច្រើនណាស់ ស៊ូ​ក៏​ស៊ូ​ដែរ​។  អ្វីដែល​ខ្ញុំ​មើលឃើញ​ចំណុច​ខ្វះខាត គឺ​និស្សិត​យើង​ខ្សោយ​ចំណេះដឹង​ទូទៅ​។ បើ​គាត់​មានចំណេះដឹង​ទូទៅ​ទូលាយ​អំពី​ការងារ​រដ្ឋ និង​ការងារ​ឯកជន ខ្ញុំ​គិតថា​ពួកគាត់​មិន​ពិបាក​សម្រេចចិត្ត​ទេ​។ ចំណុច​ទី​២ ប្រៀបធៀប​ចំ​ណុល​ល្អ និង​ចំណុច​អាក្រក់ នៃ​ការងារ​ទាំងពីរ​នេះ​។ បើ​ធ្វើ​ការងារ​រដ្ឋ វា​មាន​ចំណុច​ល្អ​អ្វីខ្លះ​? សេដ្ឋកិច្ច  និង​របៀប​រស់នៅ​បែបណា​? បើ​យើង​ធ្វើ​ការងារ​ឯកជន​វិញ មាន​ចំណុច​ល្អ​អ្វីខ្លះ​? លុយ និង​កិត្តិយស​បែបណា​? ហើយ​ត្រូវ​មើល​ពី​ផល​លំបាក​ផង​។ ទី​៣ ជ្រើសរើស​ហើយ​ត្រូវផ្តោត​ការងារ​នោះ កុំ​រេ​។ បើ​ទៅធ្វើ​ការងារ​រដ្ឋ ត្រូវ​សំឡឹងមើល​គំរូ មន្ត្រី​ដែលមាន​កិត្តិយស​ល្អ និង​មហាជន​ទទួលស្គាល់​។ បើ​យើង​ទៅធ្វើ​ឯកជន ត្រូវ​រៀនសូត្រ ពី​ពាណិជ្ជករ​ណា​ជោគជ័យ ដែលមាន​កិត្តិយស មាន​ស្នាដៃ មាន​សេចក្តីថ្លៃថ្នូរ​។ 

លោក ទីន សុខ​លីម​៖ តើ​គួរ​ដោះស្រាយ​យ៉ាងណា បើ​ឪពុកម្តាយ​បង្ខំ​មិន​ឲ្យ​ធ្វើ​ការងារ​ដែល​ខ្លួន​ពេញចិត្ត​?

​លោកគ្រូ ឃីម សុខ​ហេង​៖ រឿងនេះ​វា​មិន​ពិបាក​អ្វី​ពេក​ទេ​។ ពេលខ្លះ​ឪពុកម្តាយ គាត់​មានគំនិត​របស់គាត់ ហើយ​គំនិត​នោះ អាច​ខុស អាច​ត្រូវ​។ ចំណែក​កូន​អាចមាន​ទិន្នន័យ​ផ្សេង​ខុសពី​ឪពុកម្តាយ​។ ក្នុង​ទិដ្ឋភាព​បែបនេះ យើង​កុំ​ទោមនស្ស ព្រោះ​វា​មិនមែន​កើតឡើង​ចំពោះតែ​យើង​ម្នាក់​នោះទេ​។ សំខាន់​បើ​យើង​ចង់​ធ្វើ​ការងារ​រដ្ឋ យើង​ត្រូវ​ឈរ​នៅលើ​ហេតុផល​របស់​យើង​។ តើ​យើង​ចង់ឃើញ​ខ្លួន​យើង​ទៅណា​? ផែនការ​ជីវិត​ដូចម្តេច​? យក​ទិន្នន័យ​ទាំងអស់នេះ ទៅ​ជម្រាប​ឪពុកម្តាយ​របស់​យើង​។ បើ​មាន​មន្ត្រី​ក្នុង​រាជការ​ជា​គំរូ គួរ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គាត់ សុំ​ការណែនាំ​ពី​គាត់ ឬ​ពេលខ្លះ​អ​ញ្ចើ​ញ​ឪពុកម្តាយ និង​គាត់​ញាំ​បាយ​ជាមួយគ្នា ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​យើង​ទៅ ព្រោះ​ពេលខ្លះ​យើង​ជា​កូន​ទឹកមាត់​វា​មិនសូវ​ប្រៃ ឬ​ទិន្នន័យ​ដែល​យើង​បញ្ចូនទៅ​គាត់ វា​មិនទាន់​គ្រប់គ្រាន់ ដែល​អាច​បញ្ចុះបញ្ចូល​ឪពុកម្តាយ​បាន​។​

​រឿង​មួយទៀត ខ្ញុំ​ចង់​និយាយ​ទៅ​ឪពុកម្តាយ​ដែរ ពេលខ្លះ​គាត់​ជា​អ្នក​បង្កើតកូន ផ្តល់កំណើត​ឲ្យ​កូន ចិញ្ចឹម​កូន និង​ផ្តល់​ការអប់រំ​ឲ្យ​កូន ប៉ុន្តែ​ឪពុកម្តាយ​ក៏​គួរ​បើក​ចិត្ត​ដែរ​ថា ទេពកោសល្យ​របស់​កូន មិន​ដូច​ពួកគាត់​ទេ ហើយ​កាលៈទេសៈ​ពីមួយ​ពេល​ទៅមួយ​ពេល​ក៏​ប្រែប្រួល​រដែរ​។ ការបង្ខំ​ពី​ឪពុកម្តាយ ធ្វើ​ឲ្យ​កូន​គ្មាន​ឆន្ទៈ ហើយ​បើ​គេ​ធ្វើ​តាមចិត្ត​ឪពុកម្តាយ​មិន​ជោគជ័យ រូបគេ​នឹង​បន្ទោស​ឪពុកម្តាយ​។ ផ្ទុយទៅវិញ​ប្រសិនបើ​កូន​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នោះ រូបនេះ​នឹង​ទទួលខុស និង​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​។



លោក ទីន សុខ​លីម​៖ តើ​និស្សិត​គួរ​មាន​លក្ខណៈសម្បត្តិ​បែបណា ដើម្បី​ត្រៀមខ្លួន​ធ្វើការ​ងារ​ដ្ឋ និង​ឯកជន​?

​លោកគ្រូ ឃីម សុខ​ហេង​៖ ទី​១. ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង យើង​ត្រូវ​កំណត់​គោលដៅ​ខ្លួន​ពី​ដើមទី តើ​គោលដៅ​របស់​យើង​ទៅ​រដ្ឋ ឬ​ទៅ​ឯកជន​?​។ ទី​២. បាន​យើង​រៀបចំ​យុទ្ធសាស្ត្រ​របស់​យើង​។ មានន័យថា យើង​រៀន​បរិញ្ញាបត្រ​នៅ​មហាវិទ្យាល័យ ត្រូវផ្តោត​ទៅលើ​មុខ​វិទ្យា​ដែល​យើង​រៀន​ឲ្យ​ល្អ ឲ្យ​ពូកែ​។ បើ​យើង​ទៅធ្វើ​ការងារ​រដ្ឋ ម៉ោង​ទំនេរ​របស់​យើង​ត្រូវ​រៀន ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅក្នុង​សង្គម ដើម្បី​កសាង​អត្តសញ្ញាណ និង​កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន ដូច​យើង​ចូល​ការងារ​ស្ម័គ្រចិត្ត​នៅ​ឃុំ​-​សង្កាត់ ខណ្ឌ ក្រុង ខេត្ត ឬ​ចូលរួម​ចលនា​យុវជន​។ ទាំងអស់នេះ វា​សុទ្ធតែ​យើង​អាច​ត្រៀមខ្លួន ហើយ​យើង​ត្រូវ​តាមដាន​សកម្មភាព​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​របស់​ក្រសួង​ដែល​ចង់​ធ្វើ​។ ឧទាហរណ៍ បើ​យើង​ចង់​ធ្វើការ​នៅ​ក្រសួង​អប់រំ យើង​ត្រូវ​សេពគប់ អ្នកធ្វើការ​នៅ​ទីនោះ​។ បើ​យើង​ចង់​ក្លាយជា​មន្ត្រីរាជការ​ផ្នែក​អប់រំ យើង​ត្រូវ​មើល​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​អប់រំ តើ​ពួកគាត់​មាន​ចំណុច​ពិសេស​អ្វីខ្លះ​? ដែល​យើង​អាច​រៀនសូត្រ​ពី​គាត់​បាន​។ ការត្រៀមខ្លួន មានន័យថា​មហាវិទ្យាល័យ​យើង​រៀន​ជំនាញ និង​យើង​ត្រូវ​ទៅ​សេពគប់​មនុស្ស​ធ្វើការ​នៅតាម​ស្ថាប័ន​ដែល​យើង​ចង់ទៅ​ធ្វើ និង​រៀន​ធ្វើ​ខ្លួនឯង ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ភាព​ទាក់ទាញ​។ ចំណុច​នេះ​វា​សំខាន់​ណាស់ ដែល​ខ្ញុំ​ឃើញ​និស្សិត​របស់​យើង​មាន​ចំណុច​ខ្វះខាត​កន្លែង​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com