កីឡាជាតិ
ជាតិ
លោក មៀច សុផាន់ណា៖ អ្នកខ្លាំងគួរចូលរួមជាមួយសហព័ន្ធបាញ់កាំភ្លើង ប្រសើរជាងបាញ់បោះសេរី លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
× ដើម្បីចូលរួមចំណែកលុបបំបាត់អំពើខុសច្បាប់នៃការប្រើប្រាស់អាវុធជាតិផ្ទុះ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាស្នើថា អ្នកដែលមានសមត្ថភាពខ្ពស់ក្នុងការបាញ់កាំភ្លើង គួរចូលរួមជាសហព័ន្ធកីឡាបាញ់កាំភ្លើង ប្រសើរជាងយកពេលដើរបាញ់បោះដោយសេរី។ លោក មៀច សុផាន់ណា បានថ្លែងបែបនេះ ក្នុងអង្គមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាកាលពីចុងសប្តាហ៍មុន។
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធរបស់លោកត្រូវការកីឡាករ កីឡាការិនីដែលមានសមត្ថភាពជាច្រើនរូប ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងជនស៊ីវិលដែលជំនាញ ចូលរួមក្នុងសហព័ន្ធរបស់លោក។
ថ្លែងក្នុងមហាសន្និបាតសហព័ន្ធកាលពីចុងសប្តាហ៍កន្លងមក លោក មៀច សុផាន់ណា បានកត់សម្គាល់ឃើញបាតុភាពអវិជ្ជមានមួយចំនួនដែលបង្កឡើងដោយអ្នកកាន់កាំភ្លើង។ ជាមួយនឹងការអះអាងថា សហព័ន្ធមានគោលបំណងរួមចំណែកកាត់បន្ថយការប្រើប្រាស់អាវុធខុសច្បាប់ លោក សុផាន់ណា ចង់ឲ្យអ្នកពូកែបាញ់កាំភ្លើងប្រើជំនាញខ្លួនដើម្បីជួយដល់វិស័យកីឡា។
ការលើកឡើងរបស់អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ធ្វើឡើងបន្ទាប់ពី លោក សង្កេតឃើញមានករណីបាញ់បោះកើតមានជាញឹកញាប់នៅតាមទីសាធារណៈ ហើយភាគច្រើននៃអ្នកបាញ់ទាំងនោះជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ។ ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ មានករណីបាញ់បោះមួយបានកើតឡើងដែលបង្កដោយ លោក លឹម ចំណាន នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាល។ ករណីនេះធ្វើឲ្យមន្ត្រីប៉ូលិសរូបនេះ ធ្លាក់ឋានន្តរស័ក្តិពីនាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាលទៅជាមន្ត្រីប៉ូលិសធម្មតា។
បើយោងតាម លោក មៀច សុផាន់ណា បច្ចុប្បន្នសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានកីឡាការិនីតែ៦នាក់ប៉ុណ្ណោះប្រចាំសហព័ន្ធ ដែលពួកគេទាំងនេះសុទ្ធសឺងជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ។ ទៅថ្ងៃអនាគតសហព័ន្ធនេះ នឹងជ្រើសរើសក្រុមកីឡាករ រួមទាំងបើកទូលាយឲ្យជនស៊ីវិលដែលមានជំនាញខាងបាញ់កាំភ្លើងចូលរួម ពោលគឺពេលសហព័ន្ធរៀបចំប្រព័ន្ធគ្រប់គ្រងរួចរាល់។
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាក៏គ្រោងបញ្ជូនមន្ត្រី និងកីឡាករឲ្យចូលរួមសង្កេតការណ៍នាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីនាខែសីហា ខាងមុខផងដែរ។ ការបញ្ជូននេះ ដើម្បីឲ្យមន្ត្រី និងកីឡាករទាំងនោះទទួលបានបទពិសោធន៍សម្រាប់ត្រៀមរៀបចំ និងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា។
តាមរយៈការបោះឆ្នោតដោយលើកដៃអង្គមហាសន្និបាតវិសាមញ្ញបានបន្តជ្រើសតាំង លោក មៀច សុផាន់ណា ឲ្យធ្វើជាប្រធានសហព័ន្ធ រីឯលោក ចាប ភក្តី, លោក ប៊ុត សុភាព, លោក Guy Porre’, លោក សាមឺឌី ស៊ីវឌ្ឍនា, លោក ធាម ប៊ុនសេង, លោក នុត សវនា, លោក សុខ ខេមរិន និងលោក ទេព រិទ្ធីវិទ្ធ ជាអនុប្រធាន។
ចំណែក លោក វ៉ាត់ ចំរើន បានសុំដកខ្លួនពីអនុប្រធានទៅជាសមាជិកកិត្តិយស។ លោក ស្រី ចាន់ថន ជាទីប្រឹក្សា, លោក ហួ សិទ្ធីគុណ ជាអគ្គលេខាធិការ រីឯលោក ម៉ៅ សូវង្ស, អ្នកស្រី ស៊ុំ សុខា, លោក Pily Wong, លោក វុត្ថា ប៉ុណ្ណារិទ្ធ និងលោក គុជ វណ្ណៈ ជាអគ្គលេខាធិការរង និងលោក ខៃ វណ្ណៈ ជាអគ្គហិរញ្ញឹក៕
Tag:
បាញ់កាំភ្លើង
មៀច សុផាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com