ជាតិ
ក្រសួង​ដាក់ចេញ​ចលនា​ប្រឡងប្រណាំង «​បដិសណ្ឋារកិច្ច​ល្អ​» ដើម្បី​វាយតម្លៃ​កម្រិត​សេវាកម្ម​ទេសចរណ៍​កម្ពុជា​
21, Jul 2017 , 8:39 am        
រូបភាព
រូបលោក ថោង ខុន ពីហ្វេសប៊ុកក្រសួងទេចរណ៍
រូបលោក ថោង ខុន ពីហ្វេសប៊ុកក្រសួងទេចរណ៍
ដោយ:
​ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​កម្មវិធី ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​វាយតម្លៃ​លើ​កម្រិត​ផ្ដល់​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​និយាយថា ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​នេះ គឺជា​ការ​លើ​កម្ពស់​ដល់​វិស័យ​ទេសចរណ៍ ក្នុងការ​រៀបចំ​ផ្នែក​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ សម្រាប់​ការទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ស្រប​ពេលដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ SEA Game ឆ្នាំ​២០២៣​ខាងមុខ​។ បន្ថែម​ពីនេះ​លោក ថោង ខុន បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​០៩ ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​និង​អភិវឌ្ឍ​ជំនាញ​បដិសណ្ឋារកិច្ច ដល់​ម្ចាស់​អាជីវកម្ម​ស្របតាម​ការវិវត្ត​ថ្មីៗ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​

​បើតាម​ក្រសួងទេសចរណ៍​ចលនា​ប្រឡងប្រណាំង បដិសណ្ឋាកិច្ច​ល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី​២​នេះ មាន​ចំនួន​០៦​ច្រកទ្វារ​អន្តរជាតិ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ,​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ,​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ,​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ,​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​។ ក្រសួង​បន្ថែមថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ផ្តល់​ការវាយតម្លៃ​លើ​កម្រិត​នៃ​ភាព​ពេញចិត្ត​លើ សេវា Check in និង​សេវា X-ray ទៅលើ​មន្ត្រី​អន្តោប្រវេសន៍​មន្ត្រី​គយ និង​ច​ត្តា​ឡី​សក្តិ​បាន​។​



​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ដូច្នេះ​ថា​៖ «...​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ ជា​របៀបវារៈ​ថ្មី​មួយ​របស់​ជាតិ (National Agenda) ដោយ​យើង​ត្រូវ​យល់ថា “​បដិសណ្ឋារកិច្ច​ល្អ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​»​។​

​ក្រសួង​ដាក់ចេញ​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​លើក​ទី​ពីរ​នេះ ដើម្បី​វាយតម្លៃ​លើ​កម្រិត​ផ្ដល់​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា សម្រាប់​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧-២០១៨​ខាងមុខ​។ ជាពិសេស​ការត្រៀមខ្លួន​ទទួលភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ពី​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​១១​លាន​នាក់​នៅ​ឆ្នាំ​២០២៥​ផងដែរ​។ នេះ​បើតាម​លោក ថោង ខុន​៕
​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែលជា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​មាន​កាតព្វកិច្ច​ក្នុង​ការចូលរួម​ប្រឡងប្រណាំង ក្នុង​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ អាច​ចុះឈ្មោះ​លើ​ប្រព័ន្ធ QR-Code និង​វាយតម្លៃ តាមរយៈ​លីង​នេះ​៖(www.cambodiabesthospitality.org)


Tag:
 ក្រសួងទេសចរណ៍​
 ​ បដិសណ្ឋារកិច្ច​ល្អ​
 ​ ប្រព័ន្ធ​QR-Code
© រក្សាសិទ្ធិដោយ thmeythmey.com