អន្តរជាតិ
របាយការណ៍​៖ សំណល់​ផ្លា​ស្ទិ​ក​កើន​ដល់​ជាង​៩,១​ពាន់​លាន​តោន ក្លាយជា​បញ្ហា​ធំ​របស់​ពិភពលោក​
21, Jul 2017 , 8:59 am        
រូបភាព
ដោយ:
​បច្ចុប្បន្ននេះ ពិ​ភ​លោក​មាន​សំណល់​ច្រើនជាង​៩,១​ពាន់​លាន​តោន ហើយ​វា​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផែនដី​ទាំងមូល​ផង​។ សំណល់​នេះ​មួយ​ភាគ​ធំ​ត្រូវបាន​បោះចោល​ក្នុង​សមុទ្រ និង​បោះចោល​ក្នុង​កន្លែង​កប់​សំរាម​។ គេ​វាយតម្លៃថា ទំហំ​សំណល់​ផ្លា​ស្ទិ​ក​នឹង​កើន​ឡើងដល់​ច្រើនជាង ១៣​ពាន់​លាន​តោន​ត្រឹម​ឆ្នាំ ២០៥០​។​



​ថ្ងៃ​ពុធ​ទី​១៩​ខែកក្កដា របាយការណ៍​ស្រាវជ្រាវ​អាមេរិក​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ Science Advances បាន​បង្ហាញថា ពិភពលោក​មាន​សំរាម​ផ្លា​ស្ទិ​ក​ទំហំ​ច្រើនជាង ៩,១​ពាន់​លាន​តោន ហើយ​សំណល់​មួយចំនួនធំ​ត្រូវបាន​បោះ​ចូលក្នុង​សមុទ្រ និង​កន្លែង​កប់​សំរាម​។ របាយការណ៍​នេះ​ព្រមាន​ទៀតថា ចំនួន​សំរាម​ផ្លា​ស្ទិ​ក​ដែល​កំពុង​ក្លាយជា​បញ្ហា​ធំ​របស់​ពិភពលោក​នេះ​នឹង​កាន់តែ​កើនឡើង​នៅពេល​ខាងមុខ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទំហំ​កាកសំណល់​ផ្លា​ស្ទិ​ក​ដែល​ត្រូវ​បោះចោល​នឹង​កើន​ឡើងដល់​ជាង ១៣​ពាន់​លាន​តោន​នៅត្រឹម​ឆ្នាំ​២០៥០​។ ចំនួន​នេះ​ស្មើនឹង ៣៥​ពាន់​ដង​នៃ​ទម្ងន់​អាគារ​ពាណិជ្ជកម្ម Empire State Building នៅ​ក្រុង​ញូវយ៉ក​ទៀត​។​

​សហ​និពន្ធ​របាយការណ៍​អ្នកស្រី​Jenna Jambeck បាន​និយាយ​ដូច្នេះ​ថា​៖«​សំណល់​ផ្លា​ស្ទិ​កមួយ​ភាគ​ធំ​មិន​រលាយ​ដោយ​ឯកឯង​ទេ​។ ដូច្នេះហើយ​សំរាម​នេះ​នឹង​នៅ​កកកុញ​លើ​ផែនដី​រាប់រយ​ឬក៏​អាច​រាប់ពាន់​ឆ្នាំ​»​។​

​អ្នកស្រី​បន្ថែមទៀតថា​៖«​ការសន្និដ្ឋាន​របស់​ពួកយើង​សង្កត់ធ្ងន់​លើ​ការពិចារណា​ពី​សំភារៈ​ដែ​យើង​ល​ប្រើប្រាស់ និង​ការអនុវត្ត​ស្តីពី​ការគ្រប់គ្រង​កាកសំណល់​ផងដែរ​»​។​
​កាលពី​ឆ្នាំ​១៩៥០ ចំនួន​ផ្លា​ស្ទិ​កជាង​២​តោន​ប៉ុណ្ណោះ​ត្រូវបាន​បង្កើតឡើង​ជុំវិញ​ពិភពលោក ប៉ុន្តែ​ចំនួន​ផ្លា​ស្ទិ​ក​កើន​ឡើងដល់​ជាង​២២០​លាន​តោន​ក្នុង​ឆ្នាំ​២០០២ និង កើន​បន្តទៀត​ដល់​ច្រើនជាង ៤៤០​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​។​

​សំភារៈ​ផ្លា​ស្ទិ​ក​កើនឡើង​លឿន​ជាង​សំភារៈ​ផ្សេងៗ​ទៅទៀត លើកលែងតែ​ដែក​និង​ស៊ីម៉ងត៍​តែប៉ុណ្ណោះ​។​ដែក​និង​ស៊ីម៉ង់ត៍​ត្រូវគេ​យកទៅ​ធ្វើ​សំណង់​។ ចំណែកឯ​ផ្លា​ស្ទិ​ក​ត្រូវគេ​យកទៅ​វេច​ខ្ចប់​។​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ដែក​និង​ស៊ីម៉ងត៍​ដែល​ត្រូវ​យកទៅ​សាងសង់​នឹង​សឹករិចរឹល ប៉ុន្តែ​ផ្លា​ស្ទិ​ក​មិន​រលាយ​នោះទេ​។ ដូច្នេះហើយ​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ផ្លា​ស្ទិ​ក​ក្លាយជា​សំណល់​កកកុញ​បន្ទាប់ពី​ប្រើ​ហើយ​។​

​ទំហំ​សំរាម​ស្ងួត​ក្នុង​ទីក្រុង​ធំៗ កើនឡើង​ពី​តិចជាង​១​ភាគរយ​ឆ្នាំ​១៩៦០ ទៅដល់​លើស​១០​ភាគរយ​នៅ​ឆ្នាំ​២០០៥​ក្នុងប្រទេស​ដែលមាន​ចំណូល​ច្រើន​និង​មធ្យម​។ ក្នុង​ឆ្នាំ​២០១៥ ការស្រាវជ្រាវ​បានបង្ហាញ​ថា ចំនួន​ផ្លា​ស្ទិ​ក​ជិត​៧​លាន​តោន​ស្ថិតនៅ​កកកុញ​នៅលើ​ផែនដី ហើយ ៧៩​ភាគរយ​នៃ​សំណល់​ផ្លា​ស្ទិ​ក ៧​លាន​តោន​ត្រូវបាន​គេ​ចោល​នៅ​កន្លែង​កប់​សម្រាម​។​
​បច្ចុប្បន្ន​សំណល់​ផ្លា​ស្ទិ​ក​មាននៅ​គ្រប់​ផ្ទៃ​មហាសមុទ្រ​នៅ​ជុំវិញ​ពិភពលោក ហើយ​កាលពី​ឆ្នាំ​២០១០ សំណល់​ផ្លា​ស្ទិ​ក​៨​ពាន់​លាន​គីឡូក្រាម​នៅក្នុង​គ្រប់​ផ្ទៃ​មហាសមុទ្រ​៕


Tag:
 សំណល់​ផ្លា​សិ្ទ​ក​
  Science Advances
© រក្សាសិទ្ធិដោយ thmeythmey.com