អន្តរជាតិ
លោក ឌូទើតេ ចុះសួរសុខទុក្ខទាហានកំពុងច្បាំងកម្ចាត់ក្រុមភេរវជនIS នៅក្រុង Marawi
× ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញត្រួតពិនិត្យ និងចុះសួរសុខទុក្ខកងកម្លាំងហ្វីលីពីនដែលកំពុងច្បាំងកម្ចាត់ក្រុមភេរវជននៅក្នុងក្រុង ម៉ារ៉ាវី (Marawi) ស្ថិតនៅកោះមិនដាណាវ នៅថ្ងៃព្រហស្បតិ៍ ទី ២០ កក្កដា ម្សិលមិញនេះ។ វត្តមានដ៏កម្ររបស់បុរសខ្លាំងហ្វីលីពីននៅសមរភូមិ អាចជួយជំរុញ និងលើកទឹកចិត្តទាហានឲ្យបង្កើនការប្រយុទ្ធដើម្បីយកជ័យជម្នះនៅឆាប់ៗខាងមុខផង។
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានជិះឧទ្ធម្ភាគចក្រយោធាទៅកាន់មូលដ្ឋានទ័ពមួយកន្លែងនៅក្នុងក្រុងម៉ារ៉ាវីដើម្បីសាកសួរសុខទុក្ខបណ្តាកងទ័ពដែលកំពុងច្បាំងជាមួយបណ្តាញក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមរដ្ឋឥស្លាម (IS) រយៈពេលពីរខែមកហើយនោះ។ លោកស្លៀកសម្លៀកបំពាក់យោធា ហើយដើរចែកអំណោយដល់នាយទាហាន និងពលទាហានដែលឈរជើងក្នុងសមរភូមិប្រឆាំងភេរវកម្មផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យកងទ័ពហ្វីលីពីនប្រចាំសមរភូមិក្រុងម៉ារ៉ាវីលោក Jo-ar Herrera បានលើកឡើងថា វត្តមានលោក ឌូទើតេ នៅក្នុងសមរភូមិពេលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តនិងជំរុញឲ្យទាហានកាន់តែមានកម្លាំងចិត្តនិងវិន័យ។
«លោក ឌូទើតេ ពិតជាបង្ហាញឲ្យទាហានទាំងអស់ឃើញពីការលើកទឹកចិត្ត រួមទាំងការគាំទ្រផង ខណៈពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងក្រុមភេរវជន។ ទង្វើនេះជួយលើទឹកដីចិត្ត និងស្មារតីយុទ្ធជន និងយុទ្ធនារីយើងដែលជាកម្លាំងស្នូលប្រឆាំងភេរវកម្ម»។
ក្រៅពីចុះចែកអំណោយ និងសួរសុខទុក្ខបណ្តាកងទ័ព លោក ឌូទើតេ ក៏បានត្រួតពិនិត្យមើលសព្វាវុធដែលទាហានរឹបអូសបានពីក្រុមសកម្មប្រយុទ្ធ Maute បណ្តាញក្រុមដែស្ហផងដែរ។
មកដល់បច្ចុប្បន្ន ការប្រយុទ្ធគ្នានៅតែបន្តអូសបន្លាយជិតដល់ពីរខែហើយ ស្របពេលដែលចំនួនអ្នកស្លាប់កើនឡើងដល់ជាង ៥០០នាក់។ រដ្ឋាភិបាលបានប្រកាសថា ក្រុមភេរវជនចំនួន ៤២១នាក់ត្រូវបានសម្លាប់ ខណៈដែលទាហានហ្វីលីពីន ៩៩នាក់បានពលីជីវិតក្នុងសមរភូមិនេះ។ ចំណែកជនស៊ីវិល ចំនួន ៤៥នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតបានបាត់បង់ជម្រកផង។
លោក ឌូទើតេ បានប្រកាសដាក់តំបន់មិនដាណាវទាំងមូលក្រោមច្បាប់អាជ្ញាសឹកនៅចុងខែឧសភាក្រោយពេលដែលក្រុមភេរវជនវាយប្រហារនិងកាន់កាប់ទីតាំងមួយចំនួនរបស់រដ្ឋាភិបាលជាពិសេសអាគារមន្ទីរពេទ្យ និងសាលារៀនជាដើម។ នៅថ្ងៃ ២៣ ខែកក្កដាខាងមុខសុពលភាពនៃច្បាប់អាជ្ញាសឹកត្រូវផុត ប៉ុន្តែប្រធានាធិបតី ឌូទើតេ បានស្នើសុំឲ្យសភាផ្តល់សិទ្ធឲ្យលោកបន្តសុពលភាពអនុវត្តច្បាប់អាជ្ញាសឹកនេះទៀតដើម្បីដោះស្រាយបញ្ហាភេរវកម្ម ថ្វីបើមានការរិះគន់ពីក្រុមសិទ្ធិមនុស្សនិងអ្នកនយោបាយខ្លះក៏ដោយ៕
Tag:
Marawi
រ៉ូឌ្រីហ្គោ ឌូទើតេ
ហ្វីលីពីន
ដែស្ហ
Daesh
IS
© រក្សាសិទ្ធិដោយ thmeythmey.com