ជាតិ
តម្លៃ​ជ្រូក​ងើប​ថ្លៃ​៧០០០​រៀល​ក្នុង​មួយ​គីឡូឡើងវិញ ខណៈដែល​កសិករ​បិទ​អាជីវកម្ម និង​ផ្អាក​ការចិញ្ចឹម​
21, Jul 2017 , 1:58 pm        
រូបភាព
រូបសត្វជ្រូក ពីហ្វេសប៊ុកលោក ម៉ុង ឫទ្ធី
រូបសត្វជ្រូក ពីហ្វេសប៊ុកលោក ម៉ុង ឫទ្ធី
​ភ្នំពេញ​៖ ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មួយចំនួន បាន​បិទ​អាជីវកម្ម និង​ផ្អាក​ការចិញ្ចឹម​ជ្រូក​បណ្ដើរៗ​ហើយ ដោយសារតែ​តម្លៃ​ជ្រូក​ចុះថ្លៃ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ សមាគម​ចិញ្ចឹមសត្វ​កម្ពុជា និង​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ឈ្មួញ​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស​ចូលក្នុង​ស្រុក ដែល​កំពុង​ធ្វើ​ទុក​បុក​ម្នេញ​ប្រជាកសិករ​។



​ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បាន​ឲ្យ​ដឹងថា តម្លៃ​ជ្រូក​បាន​ងើប​ថ្លៃ​ឡើង​៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ។ ប៉ុន្តែ​លោក​ថា តម្លៃ​នេះ​មិនទាន់​អាច​ឲ្យ​ប្រជាកសិករ ទទួលយក​បានឡើយ​។ ជាមួយគ្នានេះ​លោក ស្រ៊ុន ពៅ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​កសិករ​បន្ថែមទៀត ដើម្បី​កុំ​ពួកគេ​បាក់​ទឹកចិត្ត ហើយ​បិទ​អាជីវកម្ម ដោយសារ​ការខាតបង់​លើ​ការចិញ្ចឹម​ជ្រូក​នេះ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​តម្លៃ​៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ បើ​គិត​តាម​ការចំណាយ​ថ្លៃដើម អត់​មាន​ចំណេញ​ទេ​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់ និង​វិធានការ​ឲ្យ​បានច្បាស់លាស់​ជួយ​ដល់​កសិករ​ចិញ្ចឹម បើ​មិន​ដូច្នេះ​កសិករ​នឹង​បិទ​អាជីវកម្ម និង​ផ្អាក​ចិញ្ចឹម​កាន់តែច្រើន​ជាមិនខាន ព្រោះ​គ្រាន់តែ​ខ្ញុំ​ដើរ​ពិនិត្យ​តាម​ខេត្ត​រយៈពេល​៤​ថ្ងៃនេះ ឃើញថា​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ខេត្តកំពង់ចាម​៥០​ភាគរយ បាន​ដួលរលំ ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ កសិករ​ពី​៣០​ទៅ​៤០​ភាគរយ បិទ​អាជីវកម្ម និង​ផ្អាក​ចិញ្ចឹម​ជ្រូក​ហើយ​»​។​

​ទាក់ទង​នឹង​បញ្ហា​តម្លៃ​ជ្រូក​នេះ អ្នកស្រី តោ ឈុន​អេង ដែលជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​នៅក្នុង​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​អា​ជី​កម្ម​ចិញ្ចឹម​ជ្រូក​នេះ រង​ការខាតបង់​ថវិកា​ចាប់ពី​១០០០​ដុល្លារ​ឡើងទៅ ក្នុង​រយៈពេល​២​ខែ​កន្លងមកនេះ​។ អ្នកស្រី ឈុន​អេង បន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ខាតបង់​នេះ ដោយសារតែ​ឈ្មួញ​នៅក្នុង​ខេត្តកំពង់ចាម បាន​សម្រុក​នាំសត្វជ្រូកពី​វៀតណាម ហើយ​មក​ទម្លាក់​តម្លៃ​ជ្រូក​របស់​ពួកគាត់​ទៅវិញ​។ បើតាម​អ្នកស្រី ឈុន​អេង នៅពេលនេះ​មាន​ប្រជាកសិករ​ខ្លះ បាន​បញ្ឈប់​អាជីវកម្ម និង​ផ្អាក​ការចិញ្ចឹម​ជ្រូក​ហើយ នៅ​ក្នុងតំបន់​អ្នកស្រី​កំពុង​រស់នៅ​។​

​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​តំបន់​ខ្ញុំ​នេះ​ជ្រូក​លក់បាន​តម្លៃ​៦០០០​រៀល​ទេ​ក្នុង​មួយ​គីឡូក្រាម ហើយ​បើ​ឈ្មួញកណ្ដាល​មក​ទិញ គេ​ឲ្យ​តែ​៥៨០០​រៀល​ទៀត​ក្នុង​មួយ​គីឡូ​ទេ ព្រោះ​ជ្រូក​វៀតណាម​នាំ​ចូលមក​ទីផ្សារ​មានតម្លៃ​តែ​៦០០០​រៀល​។ ដូច្នេះ​បើ​យើង​មិន​លក់​ឲ្យ​គេ ក៏​យើង​អត់​មានលទ្ធភាព​ទិញ​ចំណី​ឲ្យ​ជ្រូក​ស៊ី​ដែរ ព្រោះ​បើ​ទុក​យូរពេក​ក៏​យើង​ខាត​ដែរ​។ អ៊ីចឹង​ហើយ​បានជា​យើង​សម្រេច​លក់​ទាំង​ខាត ដោយមាន​អ្នកខ្លះ​ខាត​តិច ខាត​ច្រើន​តាម​ការចំណាយ​របស់​ពួកគាត់​។

​មិន​ខុសពី​អ្នកស្រី ឈុន​អេង នោះទេ លោក ខៃ សារិន ដែល​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ជាង​៤០០​ក្បាល ជា​លក្ខណៈ​គ្រួសារ​ខ្នាត​មធ្យម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដែល​កំពុង​រង​ការខាតបង់​ថវិកា​១០០០​ដុល្លារ សម្រាប់​ការលក់​ជ្រូក​ក្នុង​មួយ​លើក​នោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ត្រួតពិនិត្យ​លើ​ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង​ឡើងវិញ ដើម្បី​ទប់ស្កាត់​ឈ្មួញ​រកស៊ី​ជ្រូក ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​ប្រជាកសិករ​នេះ​។

​កន្លងមក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេ​ង សាខុន បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនអាច​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​បានទេ ព្រោះ​វា​ស្ថិតនៅក្នុង​ក្រម​ខណ្ឌ​ទីផ្សារសេរី​។ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក​ខុសច្បាប់​ចូល​ទីផ្សារ​កម្ពុជា​។ បន្ថែម​ពីនេះ​ក្រសួងកសិកម្ម បានប្រកាស​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជ្រូក​សាច់​រស់ នាំចូល​ស្របច្បាប់​ជា​បណ្ដោះអាសន្ន​ដែល​គិត​ជា​មធ្យម ១២៥០​ក្បាល​ក្នុង​១​ថ្ងៃ​។ បើតាម​លោក វេ​ង សាខុន មូល​ហេតុដែល​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ជ្រូក​ក្នុង​ទីផ្សារ​កម្ពុជា​នេះ ដោយសារ​ការផ្គត់ផ្គង់​ជ្រូក​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បាន​ប្រមាណ ៥០​ភាគរយ ទៅ​៦០​ភាគរយ​នៃ​តម្រូវ​ការសរុប ដែល​ត្រូវការ​នាំចូល​បន្ថែម​។​

​តែ​យ៉ាងណា​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល ហាក់​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ឈ្មួញ​បន្ដ​នាំចូល​ជ្រូក​ខុសច្បាប់​លើសពី​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល​ដដែល​។ នេះ​បើតាម​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា និង​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ចុះ​ជំរឿន​តាម​ទីតាំង​ចិញ្ចឹម​ជ្រូក​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់ ពី​ចំនួន​សត្វ​ជ្រូក​ផ្គត់ផ្គង់​ប្រចាំថ្ងៃ ដើម្បី​កំណត់​ពី​តម្រូវការ និង​ការ​នាំចូល​ក្នុងស្រុក​ឲ្យ​បានច្បាស់លាស់ ។ «​បើ​គ្រប់​ទីតាំង​ចិញ្ចឹម​ជ្រូក​ទាំងអស់​អាច​ផ្គត់ផ្គង់​ជ្រូក​៨០០០​ក្បាល​ក្នុង​មួយថ្ងៃ ហើយ​យើង​ត្រូវការ​១០០០០​ក្បាល ដូច្នេះ​ខ្វះ​២០០០​ក្បាល រដ្ឋាភិបាល​កំណត់​អនុញ្ញាត​តែ​២០០០​ក្បាល​បាន​ហើយ បើ​លើសពីនេះ​ចាត់វិធានការ​តាមច្បាប់​។ នេះ​ជា​យោបល់​របស់​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​។​

​របា​យការណ៍​ពិឃាតសត្វ​ទូទាំងប្រទេស ដែល​ការផ្គត់ផ្គង់​ជ្រូក​មាន​ចំនួន ៨៩,៤​ម៉ឺន​ក្បាល ដោយ​ក្នុងនោះ​ជ្រូក​នាំចូល​មាន ៤៥,៩​ម៉ឺន​ក្បាល នៅក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕

Tag:
 ស្រ៊ុន ពៅ​
 ​ ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com