អន្តរជាតិ
ការប្រឆាំង​ភេរវកម្ម​ជា​ប្រធាន​សំខាន់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ខែក្រោយ​
21, Jul 2017 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ខែសីហា​នៅ​ហ្វីលីពីន​នឹង​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅក្នុង​តំបន់​។ តំណាង​អាស៊ាន​នឹង​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ដើម្បី​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ស្រប​ពេលដែល​តំបន់​ទាំងមូល​រងគ្រោះ​កាន់តែខ្លាំង​ដោយសារ​ចលនា​ភេរវកម្ម​ផង​នោះ​។​



​ការប្រឆាំង​ភេរវកម្ម​នឹង​ក្លាយជា​ប្រធានបទ​អាទិភាព​គ្របដណ្តប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ខែក្រោយ ដែល​វា​នឹង​ត្រួស​ត្រាស​ផ្លូវ​សម្រាប់​ការពង្រឹង​កិច្ចសហការ​ប្រឆាំង​ភេរវកម្ម​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno LP Marsudi ក្នុង​វេទិកា​កិច្ចសន្ទនា​អាស៊ាន​នា​ក្រុង​ហ្សា​ការ​តា​នា​ថ្ងៃ​ពុធ ទី ១៩ ខែកក្កដា​។ 

​យោងតាម​សារព័ត៌មាន The Jakarta Post ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់ថា ជំនួប​នៅពេល​ខាងមុខនេះ​ផ្តល់ឱកាស​សម្រាប់​បណ្តារ​ដ្ឋ​មន្ត្រី​ការបរទេស​អា​ស៊ាន​ពិភាក្សាគ្នា និង​ពិគ្រោះ​យោបល់​គ្នា​ស្វែងរក​យន្តការ​ចាំបាច់​ដើម្បី​ប្រឆាំង​ភេ​វរ​កម្ម​ក្នុង​តំបន់​។ កិច្ចប្រជុំ​នឹងត្រូវ​រៀបចំ​ពីថ្ងៃ ២​ដល់​ថ្ងៃ ៨​ខែសីហា​ខាងមុខ​។

​លោកស្រី​បាន​បង្ហើប​ផងដែរ​ថា ក្នុង​កិច្ចប្រជុំ​ខាងមុខ​អាច​នឹងមាន​កិច្ចប្រជុំ​ត្រីភាគី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​នេះ​ផងដែរ​។ កាលពី​ចុងខែ​មិថុនា​កន្លងទៅ ប្រទេស​អាស៊ាន​ទាំងបី​បានចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ល្បាត​សមុទ្រ​រួមគ្នា ដើម្បី​ប្រឆាំង​ចលនា​ឧក្រិដ្ឋ​ឆ្លងដែន ជាពិសេស​ក្រុម​សកម្មប្រយុទ្ធ​ដែលជា​បណ្តាញ​ក្រុម​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​រត់​ឆ្លង​ពី​ក្រុង​ម៉ា​រ៉ាវី (Marawi) ស្ថិតនៅ​កោះ​មិន​ដា​ណាវ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ផង​។​

​លោកស្រី Marsudi បាន​បន្ថែមថា យន្តការ​ត្រីភាគី​នេះ​រួមបញ្ចូល​ទាំង​ការចែករម្លែក​របាយការណ៍​ចារកម្ម និង​ផ្តល់​អនុសាសន៍​ទៅវិញទៅមក​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ភេរវកម្ម​។ ហើយ​យន្តការ​នេះ​អាច​នឹងត្រូវ​ពង្រីក​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​ដោយមាន​រួមបញ្ចូល​ប្រទេស​ថៃ និង​សិង្ហ​បុរី​ផងដែរ​។ ការជជែក​គ្នា​ពាក់ព័ន្ធ​បញ្ហា​នេះ​នឹងត្រូវ​រៀបចំ​ឡើ​នៅពេល​ប្រជុំ​ខាងមុខ​។

​ការប្រឆាំង​ភេរវកម្ម​ក្លាយជា​ប្រធានបទ​ក្តៅ និង​សំខាន់​សម្រាប់​អាស៊ាន​នាពេល​បច្ចុប្បន្ន​ព្រោះ​តំបន់​ទាំងមូល​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង​ពី​សំណាក់​ក្រុម​ភេរវជន​។ ដូច​ឃើញស្រាប់​ការបន្ត​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​កងកម្លាំង​រដ្ឋាភិបាល និង​ក្រុម​ភេរវជន Maute បណ្តាញ​ក្រោយ​ភេរវជន​ដែ​ស្ហ​នៅ​ក្រុង ម៉ា​រ៉ាវី បាន​ឈានដល់​រយៈពេល​ពីរ​ខែ​ហើយ​នោះ​។ មនុស្ស​ប្រហែល ៥៦៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​មាន​ក្រុម​ភេរវជន ៤២១ នាក់ ទាហាន ៩៩​នាក់ និង​ប្រជាជន ៤៥​នាក់​ផងដែរ​។​

​លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​ខាងលើ​បាន​ហៅ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ម៉ា​រ៉ាវី ថា​ជា​ស្នូរ​ជួង​ដាស់​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នេះ​រួមគ្នា​។ លោកស្រី​បាន​បន្ថែម​ផងដែរ​ថា ប្រទេស​ផ្សេងៗ​ទៀត​ក៏​មិនអាច​បន្ត​នៅ​ស្ងៀម​មិន​អើពើ​ចំពោះ​ការប្រឆាំង​ភេរវកម្ម​នេះដែរ​៕


Tag:
 ​អាស៊ាន​
  Retno LP Marsudi
  Marawi
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com