ជាតិ
សេដ្ឋកិច្ច
IMF៖ ប្រាក់ខែ​ខ្ពស់​និង​ចំណាយ​ច្រើន​ធ្វើឱ្យ​កម្ពុ​ជាមាន​ឱនភាព​ជិត​៤​ភាគរយ​ធៀប​នឹង​GDP
26, Jul 2017 , 7:59 pm        
រូបភាព
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
ដោយ:
​វ៉ាស៊ីនតោន ៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹងមាន​ការរីកចម្រើន​បន្តទៀត​ក្នុង​រង្វង់​៧​ភាគរយ​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ប៉ុន្តែ​ការចំណាយ​សា​ធា​រណៈ​ជាពិសេស​លើ​ប្រាក់ខែ​ខ្ពស់​សម្រាប់​មន្ត្រីរាជការ​មិនមាន​សមាមាត្រ​ជាមួយនឹង​ការរីកចម្រើន​នេះ​ទេ ហើយនឹង​នាំឱ្យមាន​ឱនភាព​សារពើពន្ធ​ជិត​៤​ភាគរយ​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ​។​



​ប្រតិភូ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ដឹកនាំ​ដោយ​លោក Jarkko Turunen ដែល​ទៅ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​កម្ពុជា​ពីថ្ងៃ​ទី​១២​ដល់​២៥ ខែកក្កដា​ឆ្នាំនេះ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។​

​លោក Turunen បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅពេល​បញ្ចប់​បេសកកម្ម​នេះ​ថា​៖

«​ប្រទេស​កម្ពុជា​បន្ត​រីកចម្រើន​ក្នុង​ជំហាន​មួយ​គួរឱ្យ​ស្ងើចសរសើរ​។ សកម្មភាព​សេដ្ឋកិច្ច​បន្ត​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦ ក្នុងខណៈ​ពេលដែល​អតិ​ផ​រណា​ឡើងដល់​៣​ភាគរយ ដោយសារតែ​តម្លៃ​ម្អូ​ប​អាហារ និង​ប្រេង​ឡើង​ខ្ពស់ជាង​មុ​ន‍​»​។​



IMF មើលឃើញថា កត្តា​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​បានមកពី​ការវិនិយោគ​វិស័យ​ឯកជន វិស័យ​សំណង់​ដែល​កើនឡើង​យ៉ាងខ្លាំង និង​សកម្មភាព​ទេសចរណ៍​។​

IMF បញ្ជាក់ថា បើទោះបីជា​កម្ពុជា​មានកា​រ​រីកចម្រើន​រហ័ស​ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លងមកនេះ ដោយសារ​តែមាន​បរិយាកាស​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទីផ្សារសេរី និង​ស្ថិតនៅលើ​ក្នុង​តំបន់​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​របស់​ពិភពលោក ក៏ប៉ុន្តែ​កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ខាង​រចនាសម្ព័ន្ធ ដែលមាន​ដូចជា​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត បរិយាកាស​សេដ្ឋកិច្ច​ខ្សោយ និង​ទីផ្សារ​ហិរញ្ញវត្ថុ​មិនទាន់មាន​ការអភិវឌ្ឍ​ល្អ​។​

​ការគ្រប់គ្រង​សារពើពន្ធ​ដោយ​ប្រយ័ត្នប្រយែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ជួយ​រក្សា​លំនឹង​ឱនភាព​ថវិកា និង​បំណុល​សាធារណៈ​ឱ្យនៅ​កម្រិត​ទាប​។ ការអនុវត្ត​យុទ្ធសាស្ត្រ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល រួមគ្នា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំង​នេះ​បាន​នាំឱ្យ​ការប្រមូល​ពន្ធ​កើនឡើង​រហូតដល់​១៥​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ ប៉ុន្តែ IMF ព្រមាន​ថា​ឱនភាព​សារពើពន្ធ​នៅក្នុង​ឆ្នាំនេះ​អាច​នឹងមាន​គម្លាត​រហូត​ដល់​៣,៧​ភាគរយ ប្រៀបធៀប​នឹង​ផលិតផល​សរុប​ក្នុងស្រុក​ដោយសារតែ​ការបើក​ប្រាក់ខែ​មន្ត្រីរាជកា​រ​ច្រើន និង​ការចំណាយ​ផ្សេងៗ​ទៀត​នាពេល​បច្ចុប្បន្ន​។​

​លោក Trurunen បាន​បន្ថែមថា​៖

«​ដូច្នេះហើយ​ត្រូវដាក់​ចេញ​នូវ​វិធាន​ការបន្ថែម​ជា​ចាំបាច់ ដើម្បី​រក្សា​ចីរភាព​សារពើពន្ធ​និង​សម្រេចបាន​ការចំណាយ​រួម​ដែល​សមាមាត្រ​គ្នា​ជាមួយនឹង​ការរីកចម្រើន និង​ការអភិវឌ្ឍ​។ ជាពិសេស​យើង​មើលឃើញ​នូវ​តម្រូវការ​ក្នុងការ​ទប់ទល់​នឹង​ឱនភាព​សារពើពន្ធ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ពង្រឹង​គោលនយោបាយ​និង​រដ្ឋបាល​ពន្ធដា ផ្តល់​អាទិភាព​លើ​ការចំណាយ​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ធានាថា​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​នៅតែមាន​ចីរភាព ទន្ទឹមគ្នា​នឹង​ការរីកចម្រើន​បន្ថែមទៀត​នៃ​កំណែទម្រង់​សា​ធារ​ណ‍ៈ​»​។​

​រដ្ឋាភិបាល​កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន ១,១៩២​លាន​ដុល្លារ​អាមេរិក នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ គឺ​កើនឡើង​៣២,១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​នៅក្រោយពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ដោយ​ប្រផិតប្រផើយ​។​

IMF ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​ចាត់វិធានការ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ភាពរឹងមាំ និង​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដែល​បាន​ឡើង​ខ្ពស់ ក្នុងនោះ​មានដូចជា​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​ឱ្យបាន​ប្រសើរឡើង ដាក់ឱ្យ​ប្រើប្រាស់​នូវ​គោលនយោបាយ​ធានារ៉ាប់រង​កម្រិត​ខ្ពស់ បង្កើត​នូវ​ក្របខណ្ឌ​គ្រប់គ្រង​គ្រោះអាសន្ន និង​បង្កើន​និយ័តកម្ម​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មិនមែនជា​ធនាគា​រ‍​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com