ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស សម រង្ស៊ី នឹង​ប្តូរ​ឈ្មោះ​ថ្មី ក្រោយ​វិសោធនកម្ម​ច្បាប់​គណបក្ស​ចូល​ជា​ធរមាន​
26, Jul 2017 , 2:14 pm        
រូបភាព
​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី
​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី
​ភ្នំពេញ​៖ គណបក្ស សម រង្ស៊ី រក​ឈ្មោះ​ថ្មី​បាន​ហើយ​។ ឈ្មោះ​ថ្មី​នេះ នឹងត្រូវ​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​លុបចេញ នៅពេល​សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចូល​ជា​ធរមាន​។​



​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តាមរយៈ​កិច្ចប្រជុំ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២0១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស បានសម្រេច​ជ្រើសរើស​ឈ្មោះ​ថ្មី​រួចហើយ ដើម្បី​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី​។ ប៉ុន្តែ លោក ទាវ វ​ណ្ណុល បដិសេធ​មិន​ប្រាប់​ឈ្មោះ​ថ្មី​នោះ ដោយហេតុថា សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនទាន់​ចូល​ជា​ធរមាន​។ កន្លងមក លោក ធ្លាប់​ប្រាប់ថា មានឈ្មោះ​ថ្មី​មួយចំនួន ដូចជា គណបក្ស​ជាតិខ្មែរ គណបក្ស​រស្មី​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺភ្លើង​ទៀត ជាដើម ដែល​នឹងត្រូវ​ជ្រើសរើស ដើម្បី​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី​។

​ប្រធានស្តីទី​គណបក្ស សម រង្ស៊ី រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង រើស​ឈ្មោះ​ថ្មី​បាន​ហើយ​។ តែ​យើង មិនទាន់​អាច​ប្រាប់​បានទេ ព្រោះ​ឈ្មោះ​ហ្នឹង គឺ​យើង​គ្រាន់តែ​ត្រៀម​ទុក ដើម្បី​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី បើ​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​គណបក្ស​។ តែបើ​ព្រះមហាក្សត្រ មិន​ឡាយព្រះហស្ត​ទេ អ៊ីចឹង​ច្បាប់​ហ្នឹង​ក៏​មិនអាច​ចូល​ជា​ធរមាន​ដែរ​។ ដូច្នេះ យើង​នឹង​នៅតែ​ប្រើ​ឈ្មោះ គណបក្ស សម រង្ស៊ី ដដែល​»​។​

បច្ចុប្បន្ននេះ ព្រះមហាក្សត្រ កំពុង​គង់នៅ​ប្រទេស​ចិន ដើម្បី​ពិនិត្យ​សុខភាព​។ តាម​រដ្ឋធម្មនុញ្ញ ប្រធានព្រឹទ្ធសភា នឹង​ក្លាយជា​ប្រមុខរដ្ឋស្តីទី ហើយ​ប្រមុខរដ្ឋស្តីទី​នេះ មាន​សិទ្ធិ​បំពេញភារកិច្ច ជំនួស​ព្រះមហាក្សត្រ នៅពេល​ព្រះអង្គ អវត្តមាន​ពី​ប្រទេស​កម្ពុជា​។ រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖«​ក្នុងពេលដែល​ព្រះមហាក្សត្រ​ប្រឈួន ហើយ​ត្រូវ​ព្យាបាល​ព្រះរោគ​នៅ​បរទេស ក្នុងពេលនោះ​ព្រះមហាក្សត្រ មាន​សិទ្ធិ​ផ្ទេរអំណាច​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រម ឬ ព្រះរាជក្រឹត្យ​ខាងលើនេះ ទៅ​ប្រមុខរដ្ឋស្ដីទី​ចុះហត្ថលេខា​ជំនួស​ដោយ​ព្រះរាជសារ​ប្រគល់​សិទ្ធិ​»​។​

ដូច្នេះ​ប្រសិនបើ​ព្រះមហាក្សត្រ ផ្ទេរសិទ្ធិ​អំ​ណាយ​ទៅ​ឲ្យ​ប្រមុខរដ្ឋស្តីទី នោះ​ប្រមុខរដ្ឋស្តីទី នឹង​អាច​ចុះ​ហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

មាត្រា​ថ្មី​មួយចំនួន ត្រូវបាន​បន្ថែម​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ តាមរយៈ​ការធ្វើ​វិសោធនកម្ម​។ មាត្រា​ថ្មី​ទាំងនោះ មានដូចជា ការមិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ យកឈ្មោះ​របស់​រូបវន្ត​បុគ្គល ធ្វើជា​ឈ្មោះ​គណបក្ស និង​មិនអាច​យក​រូប​របស់​រូប​វន្ត​បុគ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស ជាដើម​។ មាត្រា​ថ្មី​ផ្សេងទៀត ក៏បាន​កំណត់​ដែរ​ថា គណបក្សនយោបាយ មិនអាច​ប្រើប្រាស់​រូបថត សារ​ជា​សំឡេង វីដេអូ និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ របស់​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ នោះទេ​។

រហូត​ម​ដល់ពេលនេះ សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ស្ថាប័ន​កំពូល​ទាំងបី គឺ​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​យល់ព្រម​រួចហើយ​។ ជា​ចុងក្រោយ សេចក្តីស្នើសុំ​ធ្វើ​វិសោធន​កម្មនេះ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្តលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​។ បើ​ព្រះមហាក្សត្រ មិន​គង់នៅ​ក្នុងប្រទេស​កម្ពុជា សេចក្តីស្នើសុំ​ធ្វើ​វិសោធន​កម្មនេះ នឹងត្រូវ​បញ្ជូនទៅ​កាន់​ម្រ​មុខ​រដ្ឋ​ស្តីទី​។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ​២0១៧ ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម​ម្តង​រួចហើយ​។ ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំងពីរ​លើក​នេះ សុទ្ធតែជា​សំណើ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕




Tag:
 ច្បាប់​គណបក្ស​
  គណបក្ស សម រង្ស៊ី​
  ប្តូរ​ឈ្មោះ​
  ទាវ វ​ណ្ណុល
© រក្សាសិទ្ធិដោយ thmeythmey.com