ជាតិ
បទវិភាគ
យុទ្ធនា​ការរំដោះ​ចិញ្ចើមផ្លូវ​ជា​រឿង​ចាំបាច់ និង​ត្រឹមត្រូវ តែ​ការអនុវត្ត​គោលការណ៍​ត្រូវតែ​យុត្តិធម៌​
26, Jul 2017 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នករកស៊ី អ្នកជំនួញ ឬ​ម្ចាស់ផ្ទះ តែងតែ​គិតថា ចិញ្ចើមផ្លូវ​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ តាមពិត ទីតាំង​ចិញ្ចើមផ្លូវ គឺជា​ទីធ្លា​សាធារណៈ​សម្រាប់​អ្នក​ថ្មើ​ជើង​។ ដូច្នេះ ការយក​ចិញ្ចើមផ្លូវ​ធ្វើ​ជំនួញ​ដើម្បី​ប្រយោជន៍​ក្រុមហ៊ុន ឬ​ប្រយោជន៍​បុគ្គល គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ ចិញ្ចើមផ្លូវ គឺ​សម្រាប់​អ្នកធ្វើដំណើរ​គ្រប់គ្នា​។



​ចិញ្ចើមផ្លូវ​! រំដោះ​បាន ឬ​មិនបាន​? នេះ គឺជា​សំណួរ​ដែល​មហាជន​ជាច្រើន​រង់ចាំ​មើលថា តើ​អាជ្ញាធរ​អាចធ្វើ​កិច្ចការ​នេះ​បាន​ឬ​មិនបាន​? នាពេល​កន្លងមក អាជ្ញាធរ​ដូចជា​មិនសូវ​ហ៊ាន​វះកាត់​រឿងនេះ​ឡើយ​ដោយ​ខ្លាច​ប្រតិកម្ម​ពី​មហាជន ហើយ​ប្រតិកម្ម​នោះ អាច​ប៉ះពាល់​ដល់​សន្លឹកឆ្នោត​។ តែ​ពេលនេះ ដោយ​មើលឃើញ​ពី​ផលប្រយោជន៍​សម្រាប់​មហា​ជន​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​យុទ្ធនា​ការរំដោះ​ចិញ្ចើមផ្លូវ​ដែល​ត្រូវបាន​គេ​រំលោភ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

​យុទ្ធនាការ​នេះ​អាច​មិន​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកទទួលផល​ប្រយោជន៍​មួយចំនួន​មែន​។​ប៉ុន្តែ សកម្ម​កម្ម​ភាព​នេះ ត្រូវបាន​ស្វាគមន៍​ដោយ​មហាជន​ភាគច្រើន​។ រាល់​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​តែងតែមាន​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ​។ តែ​អ្នកធ្វើ​(​អ្នកអនុវត្ត​ច្បាប់​)​គួរតែ​សម្រេចចិត្ត​ធ្វើ ដោយ​គោរព​តាម​តម្រូវការ​មតិ​ភាគច្រើន និង​គួរតែ​អនុវត្ត​ដោយ​គោរព​ទៅតាម​គោលការណ៍​ច្បាប់​។ នរណា​ប្រតិកម្ម​នឹង​ការអនុវត្ត​គោលការណ៍​ច្បាប់ អ្នកនោះ គឺជា​អ្នក​ខុស​។

​នាពេល​កន្លងមក ពលរដ្ឋ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់​ធ្លាប់បាន​រអ៊ូរទាំ​ថា ភ្នំពេញ​គ្មាន​ចិញ្ចើមផ្លូវ​សម្រាប់​ដើរ​ឡើយ​។ បើ​ចង់​ដើរ​កម្សាន្ត ពួកគេ​ត្រូវ​ដើរ​លើផ្លូវ ហើយ​ការដើរ​លើផ្លូវ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះ វា​ជា​កន្លែង​សម្រាប់​អ្នកជិះ​កង់ ម៉ូតូ និង​រថយន្ត​ធ្វើដំណើរ​។

​សរុបសេចក្តី​មក យុទ្ធនា​ការរំដោះ​ចិញ្ចើមផ្លូវ​ដែល​ត្រូវបាន​គេ​រំលោភ គឺជា​រឿង​ត្រឹមត្រូវ និង​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​សមូហភាព ពោល គឺ​មិនមែន​សម្រាប់​ផលប្រយោជន៍​ក្រុម​ណាមួយ​ឡើយ​។ តែ​សូមបញ្ជាក់ថា ការអនុវត្ត​គោលការណ៍​របស់​អាជ្ញាធ​រ ត្រូវតែ​ធ្វើឡើង​ដោយ​តម្លាភាព និង​យុត្តិធម៌​បំផុត ពោល គឺ​ចៀសវាង​ការអនុវត្ត​គោលការណ៍​សម្រាប់​មនុស្ស​មួយក្រុម រីឯ​មនុស្ស​មួយក្រុម​ទៀត​ធ្វើ​អ្វី​ក៏បាន​៕


Tag:
 ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com