កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ចង់ឲ្យ ថៃ ឬឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជំនួសខ្លួន
× ថៃ និងឥណ្ឌូណេស៊ីជាបេក្ខភាពឈានមុខគេដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (Sea Games) លើកទី ៣០ ឆ្នាំ២០១៩ ជំនួសហ្វីលីពីនបន្ទាប់ពីសម្រេចចិត្តបោះបង់ចោលការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AsianCorrespondent។
តាមពិតទៅហ្វីលីពីនបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ក្រោយឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥។ ប៉ុន្តែក្រោយមករដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេចមិនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានេះវិញដោយសារបច្ចុប្បន្នកំពុងមានជម្លោះជាមួយក្រុមភេរវជននៅទីក្រុង Marawi ដែលស្ថិតនៅលើកោះ Mindanao ប្រទេសហ្វីលីពីន។
ដោយសារហេតុផលខាងលើនេះហើយ ទើបហ្វីលីពីនដកខ្លួន និងចង់ឲ្យថៃ ឬក៏ឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប្រចាំតំបន់អាស៊ី ឆ្នាំ២០១៩ ជំនួសវិញ។ មួយវិញទៀតថវិការដែលត្រៀមរៀបចំព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅជួយដល់ប្រជាជន និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Marawi វិញ។
សម្រាប់ភាគីថៃ និងឥណ្ឌូណេស៊ីដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពល្អជាងគេដើម្បីជំនួសតំណែងនេះ ត្រូវបញ្ជូនការដេញថ្លៃរៀងៗខ្លួនទៅកាន់សហព័ន្ធកីឡាស៊ីហ្គេមមុនពេលពិធីបិទការប្រកួតកីឡា Sea Games លើកទី ២៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ១៩ ដល់ ៣១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។
សូមបញ្ជាក់ថាថៃបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកចុងក្រោយនៅឆ្នាំ២០០៧ ខណៈឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះលើកចុងក្រោយឆ្នាំ២០១១។ លើសពីនេះឥណ្ឌូណេស៊ីនឹងត្រូវមានភារកិច្ចធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី Asian Games លើកទី១៨ នៅឆ្នាំក្រោយថែមទៀតផង៕
Tag:
បាល់ទាត់
ស៊ីហ្គេម
ហ្វីលីពីន
ថៃ
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com