ជាតិ
ស្នងការខេត្តសៀមរាបបង្ហាញអត្តសញ្ញាណយុវជនដែលបង្ហោះលក់គ្រឿនញៀនក្នុងហ្វេសប៊ុក ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង
× សៀមរាប៖ នៅរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៧ ស្នងការនគរបាលខេត្តសៀមរាប ក្រោយពីចុះស៊ើបអង្កេតរួចមក បានកំណត់អត្តសញ្ញាណយុវជន ដែលប្រកាសលក់គ្រឿងញៀនក្នុងបណ្តាញសង្គមហ្វេសប៊ុកបានហើយ។ តាមស្នងការខេត្ត ម្ចាស់គណនីដែលដាក់ឈ្មោះ បងកែវ អង្គរជុំនោះ ជាជនខ្មាន់កាំភ្លើងដៃឆៅម្នាក់ និងមានឈ្មោះពិតឈ្មោះ ហ៊ីញ គឹមហុង ហៅកែវ។
ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ឈ្មោះ កែវ នេះជាកូនកំព្រា និងរស់នៅជាមួយបងប្អូន និងគ្មានទីលំនៅពិតប្រាកដនោះទេ។ ជននេះមានប្រពន្ធ ឈ្មោះ ហេម កូឡាប រស់នៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ និងបានលែងលះគ្នានៅឆ្នាំ២០១៦។
ក្រោយមក ឈ្មោះ កែវ បានទៅធ្វើជាពលករនៅស្រុកថៃ និងត្រឡប់មកស្រុកកំណើតម្តងម្កាល កាលពីខែមេសា ឆ្នាំ២០១៦។ តាមកំណត់ហេតុរបស់អធិការស្រុកអង្គរជុំ ឈ្មោះ ហេម កូឡាប ដែលជាភរិយាយុវជន កែវ បានមកធ្វើការនៅក្រុងសៀមរាប នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៦ និងត្រូវចាប់ខ្លួន ពីបទ ចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាប់ពន្ធនាគារខេត្តសៀមរាបរហូតសព្វថ្ងៃ។
ឈ្មោះ កែវ។ រូបពី ហ្វេសប៊ុក
ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ទៀតថា បច្ចុប្បន្នឈ្មោះ កែវ មិនបានរស់នៅក្នុងស្រុកទេ ហើយការសរសេរប្រកាសលក់គ្រឿងញៀននេះ គឺយុវជននេះធ្វើឡើងពីក្រៅស្រុកតែប៉ុណ្ណោះ។
ការិយាល័យប្រឆាំងគ្រឿងញៀន និង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ និង កំលាំមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយសហការ ផ្តល់ព័ត៌មាន ដើម្បីឈានទៅដល់ការ នាំខ្លួនឈ្មោះ ហ៊ីញ គឹមហុង ហៅកែវ ដើម្បីនាំមកធ្វើការសាកសួរ។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ក៏បានបកស្រាយដល់សារព័ត៌មានថ្មីៗផងដែរ។ លោកស្នងការបញ្ជាក់ថា ស្នងការកំពុងមានវិធានការច្បាស់លាស់មួយ ដើម្បីឈានដល់ការឃាត់ខ្លួនយុវជនរូបនេះ។
សូមស្តាប់ប្រសាសន៍របស់លោក ទិត្យ ណារ៉ុង
គួររម្លឹកថា នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ បងកែវ អង្គរជុំ បានប្រកាសលក់ថ្នាំញៀនប្រភេទម៉ាទឹកកក។ ក្នុងនោះក៏មានបញ្ជាក់ពីសេវាដឹកជញ្ជូនដល់កន្លែងផងដែរ សម្រាប់អតិថិជនដែលជាវចាប់ពីមួយគីឡូឡើងទៅ៕
Tag:
ទិត្យ ណារ៉ុង
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com