អន្តរជាតិ
អាមេរិក​៖​កំប្រុក​មួយ​ក្បាល​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤៥០០០​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​១​ម៉ោង​
26, Jul 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​មនុស្ស​ប្រមាណ​៤៥០០០​នាក់ ដែល​រស់នៅ​សហគមន៍​ជាង​១០​ក្នុង​ក្រុង San Diego សហរដ្ឋអាមេរិក គ្មាន​អគ្គិសនី​ប្រើប្រាស់​ជាង​១​ម៉ោង កាលពី​ថ្ងៃទី​២៥ ខែកក្កដា ដោយសារតែ​កូន​កំប្រុក​មួយ​ក្បាល​ខាំ​ដាច់​ខ្សែបណ្តាញ​មួយ​នៅ​តំបន់ North Park​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The San Diego Union-Tribune​។​



​លោកស្រី Helen Gao អ្នកនាំពាក្យ​អាជ្ញាធរ​អគ្គិសនី San Diego Gas & Electric បានប្រកាស​ពី​មូលហេតុ​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៤៥០០០​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ តាម​ការស្រាវជ្រាវ គេ​បាន​រកឃើញថា កូន​កំប្រុក​ជាដើម​ហេតុដែល​នាំ​ឲ្យ​មានការ​កាត់ផ្តាច់​ចរន្ត​។​

​ទីតាំង​ដែល​បាន​ដាច់​នោះ មានផ្ទះ សាលារៀន និង​អាគារ​ពាណិជ្ជកម្ម​នានា ដូចជា Balboa Park, Chollas Creek, City Heights, Hillcrest, Kearny Mesa, Kensington, Mission Hills, Normal Heights, North Park, Oak Park, Old Town, Talmadge, Tierrasanta និង University Heights ជាដើម​។​

​យោងតាម​របាយការណ៍​ស្តីពី​ការផ្គត់ផ្គង់​ដែល​ផ្សាយ​ដោយ Eaton Blackout Tracker កំប្រុក​គឺជា​សត្វ​ដែល​បង្ក​ឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ច្រើនជាងគេ​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៦ ដោយមាន​រហូតដល់​៧៣​ករណី​។ បក្សី​ស្ថិតនៅ​លំដាប់​ទី​ពីរ ដែល​បាន​បង្ក​ឲ្យ​ដាច់​ភ្លើង​៣៨​ករណី ២៧​ករណី​មិនមាន​ប្រភព​ច្បាស់លាស់ រីឯ​សត្វ​ដែលជា​ដើមហេតុ​ផ្សេងៗ​ទៀត​រួមមាន សត្វ​រ៉ា​គូ​ន (raccoon) ១០​ករណី សត្វ​ពស់ ៩​ករណី សត្វ​ឆ្មា សត្វ Rodent និង សត្វ Beaver  ៕


Tag:
 អគ្គិសនី​
  កំប្រុក
© រក្សាសិទ្ធិដោយ thmeythmey.com