អន្តរជាតិ
ត្រាំ​៖ បើ អូ​បា​ម៉ា កម្ចាត់ អាសាដ តាំងពី​យូរ មេ្ល៉ះ​រុស្ស៊ី​និង​អ៊ីរ៉ង់​លូកដៃ​មិនកើត​ឡើយ​
26, Jul 2017 , 9:39 pm        
រូបភាព
​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​មេដឹកនាំ​លី​បង់​ថ្ងៃ​អង្គារ​ទី ២៥ ខែកក្កដា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ថា​លោក​មិន​អនុញ្ញាត​ឲ្យ ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ រួចខ្លួន​ឡើយ​។ លោក​ឆ្លៀត​បន្ទោ​សលោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​ដែល​បណ្តែតបណ្តោយ​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​លូកដៃ​ក្នុង​ជម្លោះ​បាន ដោយ​មិន​ព្រម​កម្ចាត់​អាសាដ ចេញ​ឲ្យ​ឆាប់​។ ក្រៅពីនេះ ត្រាំ ក៏​រិះគន់​ក្រុម​ប្រដាប់អាវុធ​លី​បង់​ហេ​ស្បូ​ឡា (Hezbollah) ផងដែរ ព្រោះ​ក្រុម​នេះ​កំពុង​បន្ត​ប្រយុទ្ធ​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​ដូចគ្នា​។​



​នាយករដ្ឋមន្ត្រី​លី​បង់ Saad Hariri បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ ហើយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែរ​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ចំណុច​ស្នូល​នៃ​ការ​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំ​ពីរ​គឺ ការ​ពួតដៃគ្នា​កម្ចាត់​ក្រុម​ភេរវជន​អន្តរជាតិ និង​បន្ត​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ជាដើម​។

​ក្រោយ​កិច្ចពិភាក្សា​ទ្វេភាគី លោក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​លី​បង់​បាន​ចូលក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ដែរ​។ លោក ត្រាំ បាន​កោតសរសើរ​មេដឹកនាំ​លី​បង់​ដែលមាន​សមត្ថភាព​ក្នុងការ​ការពារ​ព្រំដែន​និង​ទប់ស្កាត់​ក្រុម​ភេរវជន​ចូលធ្វើ​សកម្មភាព​និង​កសាង​កម្លាំង​ក្នុង​ទឹកដី​របស់ខ្លួន​។

​យោងតាម​សារព័ត៌មាន abc News នាយករដ្ឋមន្ត្រី​លី​បង់​បានលើកឡើង​ពេល​ឈរ​ទន្ទឹម​ជាមួយ​លោក ត្រាំ ថា លោក​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុងការ​ប្រឆាំង​ភេរវកម្ម​នឹង​បន្ត​ទៅមុខ​រហូតដល់​ក្រុម​ភេរវជន​ត្រូវ​កម្ចាត់​អស់​។ តប​នឹង​ការលើកឡើង​នេះ លោក ត្រាំ បាន​ឆ្លើយថា អាមេរិក​នឹង​បន្ត​គាំទ្រ​និង​សហការ​ជាមួយ​លី​បង់​ដើម្បី​យកឈ្នះ​លើ​ក្រុម​ភេរវជន​នៅពេល​ខាងមុខ​។​

​តាមពិតទៅ ជំនួយ​សន្តិសុខ​ដែល​អាមេរិក​ផ្តល់​ឲ្យ​ទាហាន​លី​បង់​កើនឡើង​ដ​លើ មួយ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​គេ​បារម្ភ​ថា ជំនួយ​នេះ​នឹងត្រូវ​កាត់បន្ថយ​ស្រប​ពេលដែល ត្រាំ ស្នើ​កាត់បន្ថយ​ជំនួយ​បរទេស​នោះ​។

​ដោយឡែក​ក្នុង​វេទិកា​នោះដែរ លោក ត្រាំ ក៏បាន​សរសើរ​លី​បង់​ផងដែរ​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការទទួល​ជនភៀសខ្លួន​ស៊ី​រី ១,៥​លាន​នាក់​ឲ្យ​ជ្រកកោន​នៅក្នុង​ទឹកដី​ខ្លួន​កន្លងមក​។ ជនភៀសខ្លួន ១,៥​លាន​នាក់​វា​ស្មើនឹង មួយ​ភាគ​បួន​នៃ​ប្រជាជន​លី​បង់​ទាំងមូល​ផងដែរ​។​

​ចាប់តាំងពី​សង្គ្រាមស៊ីវិល​ស៊ី​រី​ផ្ទុះឡើង​នៅ​ដើមឆ្នាំ ២០១៦ មក អាមេរិក​បាន​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ដល់​ជនភៀសខ្លួន​ស៊ី​រី ក្នុងនោះ​មាន​ទឹកស្អាត​, ជំរក និង សេវា​សុខាភិបាល​ផងដែរ​។​

១. ត្រាំ ត្រៀម​ដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុម​ប្រដាប់អាវុធ​លី​បង់​ហេ​ស្បូ​ឡា​  ​?

​ចំណែក​ទាក់ទិន​ក្រុម​ប្រដាប់អាវុធ​លី​បង់ ហេ​ស្បូ​ឡា លោក ដូ​ណា​ល់ បាន​ទិតៀន​ក្រុម​នេះ​ខ្លាំង​ព្រោះ​ក្រុម​នេះ​បន្ត​លូកលាន់​ក្នុង​ជម្លោះ​ស៊ី​រី​និង​គាំទ្រ​របប​ដឹកនាំ បា​សា អាសាដ​។ លោក​ចោទថា ក្រុម​ហេ​ស្បូ​ឡា​ប្រកាន់​និ​យ​កាយ​ស៊ី​អ៊ី​ត​នេះ​កំពុង​បង្ក​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅ​ស៊ី​រី​ដោយ​ទទួលបាន​ជំនួយ​ពី​អ៊ីរ៉ង់​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖« ក្រុម​ហេ​ស្បូ​ឡា​នេះ​ជា​គ្រោះថ្នាក់​ចំពោះ​ប្រទេស​លី​បង់ ប្រជាជន​លី​បង់ និង​តំបន់​ទាំងមូល​ផង​។ ក្រុម​នេះ​បន្ត​បង្កើន​កម្លាំងយោធា​របស់​ខ្លួន​ដែល​គំរាមកំហែង និង​អាចបង្កើត​ជម្លោះ​ជាមួយ​អ៊ីស្រាអែល​ផង​»​។​

 លោក ត្រាំ បាន​បង្ហើប​ផងដែរ​ថា រដ្ឋាភិបាល​របស់លោក​នឹង​ពិភាក្សា​ជាមួយ​ទីប្រឹក្សាយោធា​ថា​ដើម្បី​សម្រេចចិត្ត​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​ក្រុម​ប្រដាប់អាវុធ​នេះ​។ ថ្វីបើ​ប្រធានាធិបតី​អាមេរិក​រូបនេះ​មិនមាន​បង្ហាញ​ជំហរ​ពិតប្រាកដ​រឿង​ដាក់ទណ្ឌកម្ម​ក្រុម​ហេ​ស្បូ​ឡា​ក៏ដោយ បេសកជន ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley នា​ថ្ងៃ​អង្គារ​ទី ២៥ កក្កដា បាន​ទទូច​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់​ក្រុម​ហេ​ស្បូ​ឡា​ជា​ក្រុម​ភេរវជន​ដ៏​គ្រោះថ្នាក់​មួយ និង​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​សន្តិភាព​នៅក្នុង​តំបន់​។

​លោកស្រី​បាន​បន្ថែមថា វា​ជា​គ្រោះថ្នាក់​ព្រោះ​ក្រុម​នេះ​មាន​គោលដៅ​សំខាន់​បំផ្លាញ​អ៊ីស្រាអែល ហើយ​លោកស្រី​ចង់ឃើញ​ក្រុមប្រឹក្សាសន្តិសុខ​មាន​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បាន​តឹងរ៉ឹង​ខ្ជាប់​ខ្ជូ​ន រួមទាំង​ទាមទារ​ឲ្យ​ក្រុម​នេះ​រំសាយ​អាវុធ​របស់ខ្លួន​ផង​។​

​ត្រឡប់មកវិញ ក្រៅពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​លី​បង់ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ផ្តោតលើ​បញ្ហា​ជម្លោះ​ស៊ី​រី​ផងដែរ​។ លោក​ឆ្លៀតឱកាស​បន្ទោ​សលោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​អសមត្ថភាព​ដោះស្រាយ​បញ្ហា និង​ប្តេជ្ញា​បង្ខំ​ឲ្យ​មេដឹកនាំ​ស៊ី​រី បា​សា អាល់​អាសាដ ទទួលខុសត្រូវ​ចំពោះ​បញ្ហា​គ្រោះមហន្តរាយ​មនុស្សជាតិ​ដែល​កើតឡើង​ក្នុង​ទឹកដី​ស៊ី​រី​ផង​។​

២.​ត្រាំ​៖ បើ​អូ​បា​ម៉ា កម្ចាត់​អាសាដ គ្មាន​រុស្ស៊ី និង​អ៊ីរ៉ង់​លូកដៃ​ក្នុង​ជម្លោះ​ស៊ី​រី​ដូច​ឥឡូវ​ឡើយ​

​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់ថា លោក​មិនដែល​ចូលចិត្ត​មេដឹកនាំ​ស៊ី​រី បា​សា អាល់​អាសាដ​ឡើយ ហើយ​លោក​ក៏​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​មេដឹកនាំ​ស៊ី​រី​រូបនេះ​រួចខ្លួន​ដែរ ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

«​ខ្ញុំ​គិត​ច្បាស់​ណាស់​ថា អ្វីដែល​អាសាដ បានធ្វើ​ចំពោះ​ប្រទេស និង​ចំពោះ​ប្រជាជន​ខ្លួន​គឺ អាក្រក់​ព្រៃផ្សៃ​ណាស់​។ ដូច្នេះហើយ​ខ្ញុំ​បានជា​និយាយ​ជា​យូរ​មកហើយ​ថា ខ្ញុំ​មិនមែនជា​មេដឹកនាំ​ដែល​នៅ​ឈរ​មើល​និង​បណ្តោយ​ឲ្យ​អាសាដ រួចខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​ធ្វើ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ដូ​ណា​ល់ ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​។​

​មិន​ត្រឹមតែ​គំរាម អាសាដ ប៉ុណ្ណោះ​ទេ ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ឆ្លៀត​ទិតៀន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​ពាក់ព័ន្ធ​ការដោះស្រាយ​ជម្លោះ​ស៊ី​រី​។ លោក​ជឿជាក់ថា បើសិនជា លោក អូ​បា​ម៉ា ប្រើ​កម្លាំងយោធា​កម្ចាត់ អាសាដ តាំងពី​យូរ​មកហើយ​នោះ ប្រហែលជា​រុស្ស៊ី និង​អ៊ីរ៉ង់​មិនអាច​លូកលាន់​បញ្ហា​ស៊ី​រី​បាន​ដូច​សព្វថ្ងៃ​ទេ​។​

​ក្រោយ​មានការ​ប្រើប្រាស់​អាវុធ​គីមី ឆ្នាំ ២០១២​នៅ​ស៊ី​រី លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា បើសិន អាសាដ ប្រើប្រាស់​អាវុធ​គីមី​មានន័យថា អាសាដ ឆ្លង​បន្ទាត់​ក្រហម​ហើយ​។ ប៉ុន្តែ​លោក​មិនបាន​ដាក់ទណ្ឌកម្ម អាសាដ ឡើយ​នៅពេលដែល​លោក អាសាដ ប្រើប្រាស់​អាវុធ​គីមី​នៅ​ឆ្នាំ ២០១៣​នោះ​។​

​លោក ត្រាំ អួតអាង​បន្ថែម​លោក ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ​។ ត្រាំ រម្លឹក​ពី​ចំណាត់ការ​របស់លោក​ដែល​ប្រើប្រាស់​កន្លងមក​។ នោះគឺ ការបាញ់​ផ្លោង​មី​ស៊ី​ល​ជាង ៥០​គ្រាប់​ចូល​មូលដ្ឋានទ័ព​អាកាស៊ី​រី​ដើម្បី​កំញើញ​របប​ដឹកនាំ​ស៊ី​រី ដែល​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​នោះ​។

​ដោយសារ​ចំណាត់ការ​របស់លោក ស្ថានភាព​ជម្លោះ​នៅ​ស៊ី​រី​កាន់តែ​ប្រសើរឡើង ខុសពី​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ដូច​ឃើញស្រាប់​អាមេរិក​និង​រុស្ស៊ី​ឯកភាពគ្នា​បង្កើត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ដើម្បី​រក្សា​ជីវិត​ជន​ស៊ីវិល ក្រោយ​ជំនួប​រវាង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ដូ​ណា​ល់ ត្រាំ នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​២០ នៅ​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​ដើមខែ​កក្កដា​។


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​សា អាល់​អាសាដ​
  Saad Hariri
© រក្សាសិទ្ធិដោយ thmeythmey.com