ជាតិ
អាជ្ញាធរ​កម្ពុជា បណ្តេញ​ជនជាតិ​ចិន​៣១​នាក់ ដែល​ប្រព្រឹត្ត​អំពើ​គំរាម​ទារប្រាក់​តាម​អ៊ីនធឺណិត​
26, Jul 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជនជាតិ​ចិន​៣១​នាក់ (​ស្រី​៨​នាក់​) ដែល​មកកាន់​ប្រទេស​កម្ពុជា ហើយ​រួមគ្នា​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវបាន​កងកម្លាំង​ខាង​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បញ្ជូនទៅ​ប្រទេស​ចិន​វិញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ការរៀបចំ​បណ្តេញ​ជន​ជាតិចិន​ទាំង​៣១​នាក់​នោះ ក៏មាន​ការសហការ​ជាមួយ​អាជ្ញាធរ​ចិន​ផងដែរ​។ ផ្អែកលើ​ប្រភព​ដដែល កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៣១​នាក់​នោះ នៅក្នុង​ខណ្ឌចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌឫស្សីកែវ កាលពី​សប្តាហ៍​មុន​។

​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​បញ្ជាក់ថា ក្រុម​ជនជាតិ​ទាំងនោះ បាន​យក​ប្រទេស​កម្ពុជា ធ្វើជា​ទីតាំង ហើយ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​គំរាម​ទាម​ប្រាក់​ពី​ជន​ជាតិចិន​របស់ខ្លួន ប៉ុន្តែ​ពួកគេ មិនបាន​គំរាម​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​កម្ពុជា នោះទេ​។​

​សូមបញ្ជាក់ថា កន្លងមក កម្លាំង​សមត្ថកិច្ច​ខាង​អន្តោប្រវេសន៍ ក៏​ធ្លាប់​ឃាត់ខ្លួន​ជនជាតិ​ចិន រួមទាំង​ជនជាតិ​ផ្សេងទៀត​ផងដែរ ដែល​មកកាន់​កម្ពុជា ហើយ​គំរាម​ទារ​ប្រាប់​ពី​អ្នកដទៃ ដោយ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​៕


Tag:
 ជនបរទេស​ខុសច្បាប់​
  ជំរិត​តាម​អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com