អន្តរជាតិ
មហា​យក្ស​ចិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួមជាមួយ​ហ្វីលីពីន​
26, Jul 2017 , 10:39 pm        
រូបភាព
​មហា​យក្ស​ចិន​គាំទ្រ​គំនិត​អភិវឌ្ឍ​រួម​និង​ទាញយក​ថាមពល​ជាមួយ​ហ្វីលីពីន​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​មហាអំណាច​នេះ​បាន​ព្រមាន​ជាមុន​ហើយ​ថា រាល់​សកម្មភាព​ឯកតោភាគី​ដែល​ពាក់ព័ន្ធ​ការទាញយក​ប្រយោជន៍​នៅ​តំបន់​ជម្លោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា និង​ខូចខាត​ប្រយោជន៍​រៀងខ្លួន​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ទៅកាន់​ហ្វីលីពីន សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី  (Wang Yi) បាន​លើកឡើងថា លោក​គាំទ្រ​គំនិត​ក្នុងការ​អភិវឌ្ឍ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួមគ្នា​ជាមួយ​ហ្វីលីពីន ដើម្បី​ឈានទៅ​រុករក និង​ទាញយក​ថាមពល​ក្នុង​តំបន់​ជម្លោះ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការគាំទ្រ​របស់​ប្រមុខ​ការទូត​ចិន​គម្រោង​អភិវឌ្ឍ​ន៍តំបន់​ជម្លោះ​រួមគ្នា​ជាមួយ​ហ្វីលីពីន​នេះ​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រាប់​អ្នកសារព័ត៌មាន​ថា ហ្វីលីពីន​រកឃើញ​ដៃគូ​អភិវឌ្ឍ រុករក និង​បូម​យក​ប្រេង​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា អ្នកណា​ជា​ដៃគូ​ហ្វីលីពីន​នោះ​។​

​កាលពី​ថ្ងៃ ១២ ខែកក្កដា ក្រសួង​ថាម​ពល​ហ្វីលីពីន​ប្រកាសថា ការ​ខួង​បូម​យក​ប្រេង​នៅ​តំបន់ Reed Bank ដែល​ត្រូវបាន​ផ្អាក​តាំងពី​ឆ្នាំ ២០១៤​នោះ ប្រហែលជា​នឹងត្រូវ​ចាប់ផ្តើម​ឡើងវិញ​នៅ​ចុងឆ្នាំនេះ ហើយ​រដ្ឋាភិបាល​ក៏​នឹង​បើក​ឲ្យ​អ្នកវិនិយោគ​ដេញថ្លៃ​គ្រប់គ្រង​តំបន់​ផ្សេងទៀត​នៅ​ខែធ្នូ​ខាងមុខ​ផង​។​



​លោក វ៉ាង យី បាន​ព្រមាន​ផងដែរ​ថា រាល់​សកម្មភាព​ឯកតោភាគី​នឹង​បង្កើត​បញ្ហា​ធំ និង​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ភាគី​ទាំងសងខាង​។ លោកនិយាយដូច្នេះ៖ «​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ ប្រសិនបើ​ភាគី​ណាមួយ​ធ្វើ​សកម្មភាព​ឯកតោភាគី​ដើម្បី​ទាញយក​ប្រយោជន៍ ភាគី​មួយទៀត​នឹងធ្វើ​ដូចគ្នា​។ ហើយ​វា​អាចបង្កើត​រឿង​ស្មុគស្មាញ​ក្នុង​តំបន់​ជម្លោះ​នោះ​។ វា​អាចបង្កើត​ឲ្យ​មាន​ភាព​តានតឹង ហើយ​ចុងក្រោយ​គ្មាន​ភាគី​ណាមួយ​អាច​អភិវឌ្ឍ​និង​ទាញយក​ប្រយោជន៍​បានឡើយ​»។

​ថ្វីបើ​ការ​ចាប់ដៃគ្នា​ទាញយក​ប្រយោជន៍​ពី​តំបន់​ជម្លោះ​ជា​អ្វីដែល​ចិន​និង​ហ្វីលីពីន​គាំទ្រ​ក៏ដោយ គំនិត​នេះ​ជា​រឿង​ស្មុគស្មាញ​បំផុត​មួយ ហើយ​វា​ជា​រឿង​សើ​ប​ផ្នែក​នយោបាយ​មួយ​។ ភាគី​ទាំងពីរ​ទាមទារ​យក​ឧស្ម័ន និង​ប្រេង​នៅក្នុង​តំបន់​ត្រួតស៊ីគ្នា ហើយ​កិច្ចព្រមព្រៀង​ចែករម្លែក​ផលប្រយោជន៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​រឿងពីរយ៉ាងផ្សេងគ្នា ពោលគឺ ​ការទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការទាមទារ​យក​ក្នុង​តំបន់​ជម្លោះ ឬ​ជាការ​បោះបង់ចោល​អធិប​តេ​យ្យ​របស់ខ្លួន។​

​ដោយឡែក ពាក់ព័ន្ធ​គម្រោង​នេះ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Alan Peter Cayetano បាន​លើកឡើងថា សំណើ​អភិវឌ្ឍន៍ រុករក​និង​ទាញយក​រ៉ែ​នៅ​ដែនទឹក​ដែលជា​តំបន់​ជម្លោះ​នោះ​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​តាំងពី​ឆ្នាំ ១៩៨៦ ម្ល៉េះ ប៉ុន្តែ​ចិន​និង​ហ្វីលីពីន​មិនអាច​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ជា​ផ្លូវការ​ឡើយ​។

​ក្នុង​ឆ្នាំ ២០១៤ ហ្វីលីពីន​សម្រេច​ផ្អាក​សកម្មភាប​បូម​ប្រេង​និង​ឧស្ម័ន​របស់​ខ្លូន ដើម្បី​រង់ចាំ​សាលក្រម​ដែល​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​អន្តជាតិ​សម្រេច​ពាក់ព័ន្ធ​សិទ្ធិ​របស់ខ្លួន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ តុលាការ​បានសម្រេច​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​លើ​តំបន់​ជម្លោះ​ស្ទើរ ៩០​ភាគរយ ប៉ុន្តែ​ចិន​ទាត់ចោល​សេចក្តីសម្រេច​នោះ​៕


Tag:
 ចិន​
  វ៉ាង យី​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com