កីឡាជាតិ
ជាតិ
​ឈិន​ឡូ​ន​ដែល​នាំ​កម្ពុជា​មេដាយមាស​តែ​១​គត់​នៅ​សិង្ហ​បុរី រំពឹង​សម្រេច​ផល​បន្ថែមទៀត​នៅ​ម៉ាឡេស៊ី​
28, Jul 2017 , 7:59 am        
រូបភាព
លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាពេលផ្តល់បទសម្ភាសឲ្យសារព័ត៌មានថ្មីៗ
លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាពេលផ្តល់បទសម្ភាសឲ្យសារព័ត៌មានថ្មីៗ
ដោយ:
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា នៅតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែសីហា ខាងមុខ ទោះបី​មិនបាន​ចូលរួម​វិញ្ញាសា​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥​។ ការរំពឹង​បែបនេះ ក្រោយ​កីឡាករ​ទាំង​៨​ដែល​ត្រូវ​ចូលរួម បាន​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ម្ចាស់​ដើម​មី​យ៉ាន់​ម៉ា​រយៈពេល​២​ខែ​។ ម្យ៉ាង​ពួកគេ​ទាំងនេះ ភាគច្រើន​ជា​ក្រុម​កីឡាករ​ដែល​ឈ្នះ​មេដាយមាស​ពី​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​។​



​ការ​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​២​ខែ​នៅ​ប្រទេស​ម្ចាស់​ដើម​មី​យ៉ាន់​ម៉ា របស់​កីឡាករ​ទាំង​៨​រូប​បានធ្វើ​ឲ្យ លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុ​ជាមាន​ក្តី​រំពឹងថា វិញ្ញាសា​ឈិន​ឡូ​ន​ដែល​ឈ្នះ​មេដាយមាស​នៅ​សិង្ហ​បុរី​នា​ឆ្នាំ​២០១៥ នឹង​ទទួលបាន​លទ្ធផល​ល្អ​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ក្នុង​ខែសីហា ខាងមុខ​។ ម្យ៉ាង​កីឡាករ​ទាំង​៨​នាក់​នេះ សុទ្ធតែ​កីឡាករ​ជើងចាស់​ដែល​ឈ្នះ​មេដាយមាស​នៅ​សិង្ហ​បុរី លើក​លែ​ក​តែ​ម្នាក់​ប៉ុណ្ណោះ​។​



​កីឡាករ អ៊ឹង ណា​រិ​ទ្ធិ​, រៀម សុខ​ភី​រម្យ​, ជាតិ ខេមរិន្ទ​, ឈន សុខុម​, ណា​ង សុភាព​, ហេង រ៉ាវុត​, ទ្រឹង លី និង​កីឡាករ សុភៈ ច​ន​នី រួមជាមួយ​គ្រូបង្វឹក ជាតិ ខេមរា និង​គ្រូ​ជំនួយ ឈួន ប៉ុណ្ណា​រ៉ា បាន​ចេញទៅ​ហ្វឹកហាត់​ត្រៀម​នៅ​មី​យ៉ាន់​ម៉ា​តាំងពី​ថ្ងៃទី​១០ មិថុនា ហើយ​គ្រោង​មក​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែសីហា​។ សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​នេះ គឺ​ភាគី​មី​យ៉ាន់​ម៉ា​បានផ្តល់​ទាំង​ការ​ស្នាក់នៅ និង​ម្ហូបអាហារ ពោលគឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​តែ​ថ្លៃ​សំបុត្រ​យន្តហោះ​ទៅមក​តែប៉ុណ្ណោះ​។​

​ក្នុងចំណោម​កីឡាករ​ទាំង​៨​នាក់ គឺ​មានតែ​កីឡាករ ឈន សុខុម ម្នាក់​គត់​ជា​ចំណូល​ថ្មី ដោយ​ជំនួស​កន្លែង​កីឡាករ ជិន សុវណ្ណ​រិ​ទ្ធ ដែល​ជាប់​ភារកិច្ច​រៀន​នៅក្រៅ​ប្រទេស​។ ចំណែក​កីឡាករ​ទាំង​៧​នាក់​សុទ្ធតែជា​កីឡាករ​ដែល​បានឈ្នះ​មេដាយមាស​ពី​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥​។ បើ​យោងតាម លោក ទូច សុភៈ សម្រាប់​វិញ្ញាសា​ឈិន​ឡូ​ន​នៅ​ឆ្នាំនេះ មាន​ប្រទេស​ចូលរួម​ចំនួន​៨ ពោលគឺ​លើកលែង ឥណ្ឌូនេស៊ី វៀតណាម និង​ទី​ម័​រ​ខាងកើត ខណៈ​ឆ្នាំមុន​មាន​ប្រទេស​ចូលរួម​ចំនួន​៦ គឺ​កម្ពុជា មី​យ៉ាន់​ម៉ា ថៃ ឡាវ ម៉ាឡេស៊ី និង​ហ្វីលីពីន​។

​លោក​បាន​បញ្ជាក់ថា​៖«​សម្រាប់​វិញ្ញាសា​ទី​៣​ដែល​កម្ពុជា​យើង​ទទួលបាន​មេដាយ​មេ​មាស​នៅ​សិង្ហ​បុរី គឺ​ភាគី​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​មិន​អនុញ្ញាត​ឲ្យ​យើង​ចូលរួម​នោះទេ​។ ម្យ៉ាង ដោយសារ​យើង​ចង់ទុក​ឱកាស​ម្ចាស់ផ្ទះ និង​ហ្វ​លីន​ដែលជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៩​។ អាស្រ័យហេតុនេះ ទើប​យើង​ស​ម្រ​ច​ចិត្ត​ទៅ​ហ្វឹកហាត់​វិញ្ញាសា​ទី​១ និង​ទី​៤​ដែលជា​វិញ្ញាសា​លំបាក​វិញ​»​។

​កត្តា​នេះ​បានធ្វើ​ឲ្យ លោក ទូច សុភៈ មិន​ហ៊ាន​អះអាង​ទទួលបាន​មេដាយមាស​ឬ​យ៉ាងណា​នោះឡើយ​សម្រាប់​ការចូលរួម​លើក​នេះ​។ តែ​យ៉ាងណា លោក ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ​ដូច​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​។​

​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ សីហា ឈិន​ឡូ​ន​នឹង​បញ្ជូន​កីឡាករ​៨​រូប គ្រូបង្វឹក​១​រូប និង​គ្រូ​ជំនួយ​១​រូប ដែល​ដឹកនាំ​ដោយ លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​។ កីឡាករ​ទាំងនេះ​ប្រកួត​លើ​វិញ្ញាសា​ទី​១ និង​៤​ចុងក្រោយ​៕  


Tag:
 ឈិន​ឡូ​ន​
  ទូច សុភៈ​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com